(បាត់ដំបង)៖ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ថា ប្រទេសអូស្ត្រាលី គឺជាដៃគូជួយ ដល់វិស័យសកម្មភាពមីន ហើយអូស្ត្រាលីនឹងបន្តជួយដល់រាជរដ្ឋាភិបាលកម្ពុជា សម្រេចបានគោលដៅគ្មានមីនត្រឹម ឆ្នាំ២០២៥។
ការគូសបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក Pablo Chiho Kang ចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលជាអ្នកទទួលផល ពីដីបោសសម្អាតមីនរួច និងពិនិត្យកិច្ចប្រតិបត្តិការ បោសសម្អាតមីន ដោយស៊ីម៉ាក់ ស្ថិតក្នុងភូមិដូនត្រឹក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។
ក្នុងនោះ មានការចូលរួមពី លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលស៊ីម៉ាក់ លោក ហឿង សុគន្ធ អភិបាលរងខេត្តបាត់ដំបង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានថ្លែងថា ប្រទេសអូស្ត្រាលី គឺជាដៃគូជួយ ដល់វិស័យសកម្មភាពមីន ហើយអូស្ត្រាលី នឹងបន្តជួយដល់រាជរដ្ឋាភិបាល កម្ពុជា សម្រេចបានគោលដៅគ្មានមីនត្រឹម ឆ្នាំ២០២៥។
ជាមួយគ្នានេះ លោក Pablo Chiho Kang បានចាត់ទុកថា រាជរដ្ឋាភិបាលកម្ពុជា គឺជាអ្នកបរិច្ចាគថវិកាច្រើនជាងគេ ក្នុងការបោសសម្អាតមីននៅកម្ពុជា។
ក្នុងនាមដៃគូអភិវឌ្ឍន៍ លោក Nick Beresford អ្នកតំណាងអង្គការយូអិនឌីភី ប្រចាំនៅកម្ពុជា មានការសប្បាយរីករាយ ដោយឃើញដីបោសសម្អាតមីនរួច ត្រូវបានប្រជាពលរដ្ឋប្រើប្រាស់ អស់លទ្ធភាព សម្រាប់ដាំដុះ ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងកាត់បន្ថយគ្រោះថ្នាក់។
ក្នុងនាម សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានចូលរួមការងារបោសសម្អាតមីន មនុស្សធម៌នៅកម្ពុជាតាំងពីឆ្នាំ១៩៩៤។
លោកទេសរដ្ឋមន្រ្តី បានចាត់ទុកអូស្ត្រាលី គឺជាដៃគូដ៏មានសារៈសំខាន់មួយ ចូលរួមការងារបោសសម្អាតមីន មនុស្សធម៌នៅកម្ពុជា និងរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ប្រទេសអូស្ត្រាលី គឺជាម្ចាស់ជំនួយធំជាងគេ ក្នុងគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ដែលគម្រោងនេះ បាននឹងកំពុងជួយដល់ការបោសសម្អាតមីន នៅក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិនផងដែរ។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រតិបត្តិករស៊ីម៉ាក់ទាំងអស់ ដែលបានរំដោះ និងប្រែក្លាយផ្ទៃដី មានការគម្រាមកំហែង ដោយសារមីន ទៅជាដីមានសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ សម្រាប់សាងសង់លំនៅឋាន និងការបង្កបង្កើនផល ព្រមទាំងចាត់ទុកពួកគាត់ គឺជាវីរនារី និងវីរបុរស ដោះមីន និងជួយសង្រ្គោះជីវិតមនុស្ស ពីការគម្រាមកំហែងដោយសារមីន និងសំណល់ជាតិ ផ្ទុះពីសង្គ្រាមផងដែរ។
លោកទេសរដ្ឋមន្រ្តី លី ធុជ ក៏បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអាជ្ញាធរខេត្តបាត់ដំបង គ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសហការ និងសម្របសម្រួល ដល់ការងារសកម្មភាពមីនក្នុងខេត្ត នាពេលកន្លងមក៕