(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានចុះផ្ទាល់ពិនិត្យមើលទីតាំង សួនបន្លែធម្មជាតិដោយមិនប្រើជាតិគីមីរបស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា នឹងបានសរសើបន្លែធម្មជាតិបានផលល្អនៅសួនច្បារ ដែលមានដាំបន្លែជាច្រើនមុខ។ ការសរសើរនេះ គ្រាដែលលោកបានចូលរួមបើកសម្ពោធគម្រោងរថយន្តក្រុងពីម៉ាឡៃ–ប៉ោយប៉ែត កាលពីចុងសប្ដាហ៍កន្លងទៅ។
នៅលើសួនច្បារដែលគ្របដណ្ដប់ផ្ទៃដីជាង១០០០ហិតា របស់ «ឆាយណា ប៉ោយប៉ែតស៊ែតថឺឡាយ ស៊ីធី» មានដាំដូចជា ត្រប់ ប៉េងប៉ោះ ត្រឡាច ល្ពៅ ឆៃថាវ ត្រកួន ស្ពៃ ដើមល្មើ និងបន្លែ សម្រាប់ប្រជាពលរដ្ឋហូបជាច្រើនមុខទៀត។ ក្រៅពីនោះលើផ្លូវត្រូវបានក្រុមហ៊ុនរៀបចំឲ្យមានភ្លើងពណ៌ថែមទៀតផង បច្ចុប្បន្នគឺជារមណីយដ្ឋានថ្មីមួយ សម្រាប់ប្រជាពលរដ្ឋទៅទស្សនាជារៀងរាល់ថ្ងៃ។
តាមការបញ្ជាក់ពីលោក ឧកញ៉ា ឡេង ណ៉ាវ៉ាត្រា ការដាំបន្លែផ្លែឈើនោះ គឺលោកបានជួលអ្នកជំនាញខាងកសិកម្មមកដាំ ហើយការដាំនោះទៀតសោត គឺគ្រាន់តែជាការធ្វើពិសោធលើដីតំបន់នោះដាំទៅទទួលផលបែបណាប៉ុណ្ណោះ ។ ក្រោយពីការធ្វើតេសមកឃើញថា ទីតាំងនោះគឺជាដីដែលមានជីជាតិបំផុត ដាំអ្វីក៏កើតដែរ ដូចនេះគឺវាត្រូវនឹងគម្រោងដែលលោកឧកញ៉ា គ្រោងនឹងបើកផ្សារទំនើបលក់តែកសិផលធម្មជាតិរបស់កសិករខ្មែរ នាពេលខាងមុខនេះតែម្ដង។
តាមផែនការ «ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា» មានរហូតដល់ទៅ២៥០សាខាទូទាំងប្រទេសឯណោះ ដែលជំហានដំបូងគឺសម្រុកធ្វើនៅភ្នំពេញ និងខេត្តសៀមរាប ក្នុងនោះស្ទើរគ្រប់បុរី ក៏ដូចជាទីប្រជុំជនធំៗ នឹងមានវត្តមាន «ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា» គ្រប់ទីកន្លែង នេះបើតាមការបញ្ជាក់បន្ថែមពីលោក ឧកញ៉ា។
ដើម្បីឲ្យកាន់តែមានភាពងាយស្រួលនឹងទំនើបនោះ ខាងក្រុមហ៊ុនបានរៀបចំការកម្មង់ទិញតាមអនឡាញ ឬតាមលេខទូសព្ទ ដោយគ្រាន់តែលោកអ្នកខលមក ឬកុម្មងតាម អែប ត្រឹមតែ២០នាទី បន្លែផ្លែឈើ ឬត្រីសាច់ តែលោកអ្នកកម្មង់នោះ នឹងដឹកជូនផល់ផ្ទះលោកអ្នកតែម្ដង។
នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ ២០២០ «ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា» គ្រោងនឹងបើកដំណើរការសាកល្បង ដែលតាំងផ្សារគឺនៅកណ្ដាលផ្សារទំនើប Olympia តែម្ដង៕