(ភ្នំពេញ)៖ ដើម្បីចូលរួមកាត់បន្ថយការលំបាក របស់មិត្តចិន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសឱ្យដឹងថា ក្រសួងការពារជាតិកម្ពុជា នឹងផ្តល់ម៉ាសចំនួន ៣សែនម៉ាស និងសំលៀកបំពាក់ការពារការឆ្លងមេរោគមួយចំនួន ដល់ក្រសួងការពារជាតិចិន ដើម្បីបង្ការការឆ្លងវីរុសកូរ៉ូណាថ្មី ឬ Covid-19 ខណៈមេរោគនេះ បានកំពុងរាតត្បាតយ៉ាងខ្លាំងនៅប្រទេសចិន និងបណ្តាប្រទេសមួយចំនួនទៀតនៅលើពិភពលោក។
ការប្រកាសឱ្យដឹងបែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន ឆ្នាំ២០១៩ និងបើកវគ្គសិក្សាឆ្នាំ២០២០ និងពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសិក្សាមួយខ្នង នៅសាកលវិទ្យាល័យការពារជាតិ។
ពាក់ព័ន្ធនឹងការផ្តល់ម៉ាស់ចំនួន ៣សែនម៉ាស ដល់ក្រសួងការពារជាតិចិននេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ក្រសួងការពារជាតិ នឹងផ្តល់ដំណឹងទៅស្ថានទូតចិន ប្រចាំនៅកម្ពុជាឱ្យដឹងជាមុនថា ក្រសួងការពារជាតិកម្ពុជា នឹងប្រគល់ម៉ាសចំនួន ៣សែនម៉ាស និងសំលៀកបំពាក់ការពារ ការឆ្លងដល់ប្រទេសចិន ដើម្បីចូលរួមរំលែកការលំបាកដល់ប្រជាជន និងរដ្ឋាភិបាលចិន។
សម្តេចពិជ័យសេនា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ដោយសារតែយើងឃើញនូវទុក្ខធុរៈរបស់មិត្តចិន គឺមានសភាពធ្ងន់ធ្ងរណាស់ ក្រសួងការពារជាតិយើងនៅថ្ងៃនេះ បានជូនដំណឹងទៅស្ថានទូតចិន នៅកម្ពុជាហើយ ដោយយើងបានសម្រេចប្រមូលបានម៉ាសមួយចំនួនហើយ ទោះបីជាវាមិនច្រើនមែន សម្រាប់ប្រទេសចិន ចំពោះម៉ាសចំនួន ៣សែននេះ តែវាជាទឹកចិត្តរបស់យើង ក្នុងការចូលរួមជាមួយមិត្តរបស់យើង»។
ជាមួយគ្នានោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអំពាវនាវដល់នាយទាហានពល ទាហានទាំងអស់ ត្រូវចូលរួមសហការគ្នា ជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីបង្ការ និងទប់ស្កាត់ឱ្យបាននូវជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា ឬ (Covid-19) ខណៈជំងឺនេះបានកំពុងរាតត្បាត នៅទូទាំងពិភពលោក ហើយបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរាប់ម៉ឺននាក់កំពុងបន្តឆ្លងនូវមេរោគនេះ ជាបន្តបន្ទាប់នោះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តទៀតថា នាពេលកន្លងទៅ ក្រសួងសុខាភិបាលបានធ្វើការណែនាំច្រើនមកហើយ ដោយឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន និងត្រូវចេះការពារនូវជំងឺ (Covid-19) នេះ ដូច្នេះ ក្នុងនាមយើងជាកងទ័ពត្រូវចូលរួមអនុវត្តការណែនាំនេះឱ្យបានល្អ ដើម្បីការពារនូវមេរោគមួយនេះ។
ក្នុងនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានប្រតិកម្មចំពោះជនអគតិមួយក្តាប់តូច ដែលតែងតែធ្វើការបំផុសបំផុលផ្សាយព័ត៌មានក្លែងក្លាយថា ប្រទេសកម្ពុជាកំពុងមានការឆ្លងនូវវីរុស កូរ៉ូណា ឬ Covid-19 នេះផងដែរ ដោយសម្តេចអះអាងថា ក្រុមជនអគតិទាំងនោះភាគច្រើន គឺជាក្រុមជនក្បត់ជាតិ និងក្រុមប្រឆាំងជាដើមនោះ។
គួរជម្រាបថា រយៈពេលកន្លងមកនេះ រដ្ឋបាលខេត្តសៀមរាបរបស់ប្រទេសកម្ពុជា ក៏បានចូលរួមផ្តល់ម៉ាសវេជ្ជសាស្រ្តចំនួន ៥៩,៥០០ ដល់កាកបាទក្រហមនៃខណ្ឌ Wanzhou ទីក្រុង Chongqing ប្រទេសចិនផងដែរ។
គួរបញ្ជាក់ថា បើតាមរបាយការណ៍ប្រចាំថ្ងៃដោយអាជ្ញាធរសុខាភិបាលចិន មនុស្សស្លាប់ដោយសារតែជំងឺឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនឡើងដល់ ២,៦៦៣នាក់ និងអ្នកដែលបានឆ្លងជំងឺនេះសរុបកើនដល់ ៧៧,៦៥៨ករណី ហើយដែលចំនួនទាំងនេះ មានការថមថយ។
ប៉ុន្តែករណីឆ្លងថ្មីនៅក្រៅប្រទេសចិន បែរជាកើនឡើងទៅវិញ ដោយក្នុងនោះ អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន គុយវ៉ែត អូម៉ង់ និងបារ៉ែន នៅថ្ងៃចន្ទសប្ដាហ៍នេះបានអះអាងដូចៗគ្នា ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ជាលើកដំបូងនៅក្នុងប្រទេសរបស់ពួកគេរៀងៗខ្លួន ហើយអ្នកឆ្លងទាំងអស់សុទ្ធតែ បានធ្វើដំណើរត្រឡប់មកពីប្រទេសអ៊ីរ៉ង់៕