(កំពង់ឆ្នាំង)៖ លោក កែម ថន អាយុ៤៥ឆ្នាំ អ្នកប្រមូលទិញផ្លែល្ពៅពីកសិករ ដែលដាំនៅតាមខ្នងកោះជួរមាត់ទន្លេ លក់បោះឲ្យម៉ូយទៅភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានថ្លែងថា ផ្លែល្ពៅក្នុងឆ្នាំនេះ បានធ្លាក់ថ្លៃបន្តិចនៅក្នុងទីផ្សារ ព្រោះតែគ្មានការនាំចេញទៅប្រទេសថៃ ដោយសារប្រទេសថៃ កសិករគេក៏កំពុងប្រមូលផលផ្លែល្ពៅដូចយើងដែរ ទើបគេមិនទិញចូលឡើយ។
ដោយឡែក ឆ្នាំមុនពេលផ្លែល្ពៅនាំចូលទៅ តម្លៃផ្លែល្ពៅរបស់យើងទិញចូលនៅក្នុងស្រុកផ្លែល្ពៅធំៗ ១គីឡូក្រាមថ្លៃ ២៥០០រៀល ចំណែកផ្លែល្ពៅតូចៗ ថ្លៃ១២០០ ទៅ១៥០០រៀល។ ប៉ុន្តែឆ្នាំនេះ ផ្លែល្ពៅធំៗ ទិញចូល ១គីឡូក្រាម ថ្លៃតែ៧៥០០រៀល និងផ្លែល្ពៅតូចៗ ទិញចូលតែ ៣៥០រៀល តែប៉ុណ្ណោះ។
ថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ឆ្នាំងលោក កែម ថុន បានបញ្ជាក់ឲ្យដឹងទៀតថា លោកជាអ្នកទិញនិងលក់ផ្លែល្ពៅ ចំនួន១០ឆ្នាំមកហើយ។ លោកបានឲ្យដឹងថា អ្នកដាំល្ពៅ នៅក្នុងខេត្តកំពង់ឆ្នាំងភាគច្រើនមិនប្រើគីមីឡើយ ដែលក្នុង ១ហិកតា ទទួលផលបានតែពី ៥តោនទៅ ៦តោនតែប៉ុណ្ណោះ បើគេដាក់ជីគីមីវិញ ក្នុង១ហិកតា អាចទទួលផលបានរហូតទៅដល់ ២០តោន។
ចំណែករដូវកាលប្រមូលផលផ្លែល្ពៅនៅក្នុងឃុំឆ្នុកទ្រូនេះ មានរយៈពេល ២ខែ គឺពីខែ០២ ដល់ខែ០៤ទើបអស់ ហើយក្នុង១ថ្ងៃៗ បានលក់ចេញទៅភ្នំពេញជាង ១០០តោន។ ដោយឡែក ចំពោះផ្លែល្ពៅដែលដាំគ្មានគីមី គឺមានសាច់ស្អិតល្អ ផ្អែមឆ្ងាញ់ណាស់។ លោកក៏បានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋខ្មែ សាកទិញផ្លែល្ពៅ របស់កសិករខ្មែរ ដែលមានរសជាតិឆ្ងាញ់ ក៏ដូចជាបានជួយចិញ្ចឹមប្រជាកសិករខ្មែរ នៅទីជនបទដូច្នេះដែរ។
ចំណែកស្ត្រីឈ្មោះ លឹម ផល្លា ជាអ្នកប្រមូលទិញបន្លែនៅផ្សារឆ្នុកទ្រូលក់ឲ្យម៉ូយ ទិញយកទៅលក់នៅរាជធានីភ្នំពេញ ក៏បានឲ្យដឹងដែរថា បន្លែដែលគាត់លក់បោះម៉ូយឡើងឡាន ចេញទៅក្រៅខេត្ត និងភ្នំពេញបច្ចុប្បន្នមានននោង ១ផ្លែ ថ្លៃ ៤០០រៀល ត្រសក់ស្រូវធំៗ១ផ្លែថ្លែ ២៤០០រៀល ឪឡឹកធំៗ ១ផ្លែថ្លៃ៤០០០រៀល ឯត្រឡាច គឺថោកជាងគេ ១ផ្លែថ្លៃតែ ២០០រៀលប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី ក៏គាត់អាចរកប្រាក់ចំណេញបានខ្លះដែរ តែមិនបានច្រើនដូចឆ្នាំមុន។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឲ្យដឹងដែរថា នៅក្នុងក្រុងកំពង់ឆ្នាំងបច្ចុប្បន្ន មានផ្សារសហគមន៍លក់បន្លែសុវត្តិភាព គ្មានគីមី ១កន្លែង នៅទូលក្រឡាញ់ ដែលមានលក់បន្លែគ្រប់ប្រភេទតាមរដូវកាល។
លោកបន្តថា ផ្សារនេះផងដែរ សម្រាប់តែប្រជាកសិករដាំបន្លែដែលគ្មានប្រើសារធាតុគីមី ដើម្បីយកមកលក់នៅទីនេះ នៅពេលដែលអតិថិជនទិញយកទៅហូប មិនប៉ះពាល់ដល់សុខភាពឡើយ តែមានតម្លៃថ្លៃបន្តិច។ ចំពោះប្រជាកសិករ អាចយកបន្លែដែលដាំដុះគ្មានគីមីទៅលក់នៅក្នុងផ្សារសហគមន៍ខាងលើនេះបាន តែត្រូវធានាថា បន្លែនោះពិតជាគ្មានសារធាតុគីមី៕