(ភ្នំពេញ)៖ ដើម្បីអនុវត្តវិធានការ សម្រួលផលប៉ះពាល់មកលើវិស័យទេសចរណ៍ នៅខេត្តសៀមរាប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ថែមចំនួនថ្ងៃ ជូនភ្ញៀវទេសចរបរទេស ដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានចេញលិខិតផ្លូវការមួយ ប្រាប់ឲ្យគ្រឹះស្ថានអង្គរអនុត្តន៍ការបន្ថែមចំនួនថ្ងៃ ជូនភ្ញៀវទេសចរ ដែលទិញសំបុត្រចូលទស្សនាអង្គរ។
ក្រសួងសេដ្ឋកិច្ចបានញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចព្យាររយៈពេលចូលទស្សនាតំបន់អង្គរ សម្រាប់ភ្ញៀវទេសចរបរទេស តាមប្រភេទសំបុត្រ ដូចខាងក្រោម៖
១៖ សំបុត្រសម្រាប់រយៈពេល១ថ្ងៃ អាចចូលទស្សនាបានរយៈពេល២ថ្ងៃ
២៖ សំបុត្រសម្រាប់រយៈពេល៣ថ្ងៃ អាចចូលទស្សនាបានរយៈពេល៥ថ្ងៃ
៣៖ សំបុត្រសម្រាប់រយៈពេល៧ថ្ងៃ អាចចូលទស្សនាបានរយៈពេល១០ថ្ងៃ
ក្រសួងបញ្ជាក់ថា ការអនុវត្តន៍បន្ថែមចំនួនថ្ងៃជូនភ្ញៀវទេសចរនេះ មានរយៈពេល៤ ខែចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០តទៅ។
សូមជម្រាបថា ប័ណ្ណចូលទស្សនាតំបន់អង្គរមាន៣ប្រភេទ៖ ប័ណ្ណចូលទស្សនា១ថ្ងៃ តម្លៃ៣៧ដុល្លារ, បណ័្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ៦២ដុល្លារ និងបណ័្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ៧២ដុល្លារ៕