Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បន្តចុះពិនិត្យទំនិញនៅផ្សារដើមគរដើម្បីទប់ស្កាត់ ទំនិញខូចគុណភាព

25-02-2020 11:13

(ភ្នំពេញ)៖ ដោយមានការណែនាំពីលោកប្រធាននាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានសហការជាមួយមន្រ្តីពិសោធន៍ និងគណៈកម្មការផ្សារដើមគ បានចុះអង្កេតនិងស្រាវជ្រាវ ទប់ស្កាត់ នូវទំនិញខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដែលដឹកនាំចុះពិនិត្យផ្ទាល់ បានឲ្យដឹងថា ក្នុងក្នុងប្រតិបត្តិនោះមន្ត្រីជំនាញ បានយកគំរូ ៣៦គំរូ បញ្ជូនមករថយន្តពិសោធន៍ចល័ត ដើម្បីរកនៅសារធាតុគីមីហាមឃាត់ដូចជា៖ គ្រឿងសមុទ្រ គុយទាវតូច លត បាញ់កាញ់ មីគ្រប់មុខ ទឹកខ្មេះគ្រប់ប្រភេទ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក ត្រីងៀតគ្រប់មុខ និងត្រួតពិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេចនៅតាមតូបលក់ទំនិញខូចគុណភាព គ្មានស្លាកសញ្ញា គ្មានកាលបរិច្ឆេទ សំបកវេចខ្ចប់មិនត្រឹមត្រូវ ។ល។ ធ្វើការពន្យល់ណែនាំផ្សព្វផ្សាយ អប់រំ អំពី សុវត្ថិចំណីអាហារ និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ដោយជាលទ្ធផលពុំមានសារធាតុគីមីហាមឃាត់ទេ។

ជាមួយគ្នានោះលោក គង់ វុទ្ធី បានណែនាំនិងសំណូមពរដល់អាជីវករទាំងអស់ សូមកុំលួចលាក់បន្ថែមនូវសារធាតុគីមីផ្សេងៗ ដែលបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ មិនតែប៉ុណ្ណោះអ្នកដែលប្រព្រឹត្តិនោះគឺមានគ្រោះថ្នាក់ខ្ពស់ជាងគេ ដោយសារតែគាត់នៅជិតនិងជាអ្នកប៉ះពាល់ដោយផ្ទាល់នៅសារធាតុនេះ។

លោកអនុប្រធានបញ្ជាក់ថា ដើម្បីឲ្យកាន់តែមានភាពងាយស្រួល និងមានទំនុកចិត្តខ្ពស់ចំពោះចំណីអាហារពីសំណាក់បងប្អូនប្រជាពលរដ្ឋ បច្ចុប្បន្ននៅតាមផ្សារមួយចំនួនគឺមានមន្រ្តីកាំកុងត្រូល នៅប្រចាំជាប់តែម្តង បើសិនជាប្រជាពលរដ្ឋណាមានការសង្ស័យថាបន្លែ ផ្លែឈើ ចំណីអាហារ និងគ្រឿងឧបភោគបរិភោគណាដែលមានសារធាតុគីមី អាចយកមកអោយមន្រ្តីកាំកុងត្រូលត្រួតពិនិត្យ ហើយបើសិនជាមានភាពមិនប្រក្រតីណាមួយនឹងធ្វើការដកហូតភ្លាមៗតែម្តង ៕