(កណ្ដាល)៖ ដោយមានការចង្អុលបង្ហាញ និងបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ទីតាំងកែច្នៃរថយន្តគ្មានច្បាប់អនុញ្ញាត្តមួយកន្លែងរបស់លោក អេង គង់ អាយុ២៨ឆ្នាំ ត្រូវបានសមត្ថកិច្ចចម្រុះពាក់ព័ន្ធចុះបង្ក្រាបនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុច ភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។
លោក លី សុជាតិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈនេះថា បន្ទាប់ពីទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ត្រីស្នងការភ្លាម
លោកក៍បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល បានសហការជាមួយកម្លាំងសាខាគយ និងរដ្ឋាករខេត្តកណ្ដាល, កម្លាំងអធិការរដ្ឋាននគរបាលស្រុកស្អាង និងប៉ុស្តិ៍រដ្ឋបាលត្រើយស្លា និងអាជ្ញាធរ មូលដ្ឋានភូមិ-ឃុំ ក្រោមការសម្របសម្រួលនីតិវិធី ដោយលោក ហោ លីណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល។
លោកការចុះបង្ក្រាបនេះ កម្លាំងរឹបអូសបានវត្ថុតាងមួយចំនួនរួមមាន៖
*ទី១ ៖ រថយន្តម៉ាក Nissan Diesel ចង្កូតស្ដាំ ពណ៌ស មានទ្រុង ទំងន់ ៥តោន គ្មានផ្លាកលេខ ឆ្នាំផលិត ២០០១គ្មានពន្ធ
*ទី២ ៖ រថយន្តម៉ាក NissanDiesel ចង្កូតស្ដាំ ពណ៌ ប្រផេះគ្មានផ្លាកលេខ ឆ្នាំផលិតឆ្នាំ២០០១ គ្មានពន្ធ។
លោកបន្តថា បន្ទាប់ពីធ្វើការត្រួតពិនិត្យរួចមក លោកព្រះរាជអាជ្ញារង បានសម្រេចឲ្យក្រុមការងារដឹកជញ្ជូនវត្ថុតាងរថយន្តទាំងពីរគ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង រង់ចាំការអនុវត្តនីតិវិធីរបស់សាខាគយ និងរដ្ឋាករខេត្តកណ្ដាល។
ចំណែកឯម្ចាស់ទីតាំងរថយន្តកែច្នៃ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយកម្លាំងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាលធ្វើកិច្ចសន្យា បញ្ឈប់ការកែច្នៃរថយន្ត ដោយគ្មានច្បាប់អនុញ្ញាតបន្តទៀត និងបានណែនាំឲ្យម្ចាស់ទីតាំងធ្វើច្បាប់ត្រឹមត្រូវមុននឹងបន្តបើកអាជីវកម្ម។
គួរជម្រាបថា កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល ដឹកនាំដោយលោក លី សុជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានសម្រេចស្នាដៃយ៉ាងច្រើន ក្នុងការចុះបង្ក្រាបទីតាំងកែច្នៃរថយន្តគ្មានច្បាប់ល្មើសច្បាប់ ស្ទើរនៅគ្រប់ស្រុក-ក្រុងនៃទឹកដីខេត្តកណ្ដាល៕