(បាត់ដំបង)៖ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មី បានបញ្ជាក់ថា សម្រាប់ខេត្តបាត់ដំបង ប្រទេសអូស្ត្រាលី នឹងបន្តកិច្ចសហប្រតិបត្តិការ ជួយដល់កម្ពុជាលើវិស័យ ជាច្រើនបន្ថែមទៀត ពិសេសការបោសសម្អាតមីននៅក្នុងខេត្តតែម្តង។
នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មីលោក Pablo Chiho Kang បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ ពាក់ព័ន្ធទៅនឹងអ្នកទទួលផលលើដីចម្ការមីនបោសសម្អាតរួច ដោយគម្រោង Clearing for Results lll ក្នុងកម្មវិធីទិវាជាតិយល់ដឹងអំពីមីន២៤ កុម្ភៈ និងដំណើរទស្សនកិច្ចចម្ការមីនបោសសម្អាតរួចក្នុងខេត្តបាត់ដំបង។
លោក ងួន រតនៈ បានស្វាគមន៍ដល់ ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មី និងប្រតិភូ និងបានជម្រាបជូនថា ខេត្តបាត់ដំបងមានផ្ទៃដីសរុប ១១,៧៤៨ គីឡូម៉ែត្រក្រឡា។ រដ្ឋបាលខេត្តត្រូវបានបែងចែកជា ក្រុង១ ស្រុក ១៣ មាន ៩២ឃុំ ១០សង្កាត់ និង៨០៩ភូមិ។ មានប្រជាពលរដ្ឋសរុបចំនួន ១,២០៥,០៥០នាក់ ក្នុងនោះស្រី ៦០២,៩៩៤នាក់ ស្មើ ២៦៣,៤៣៥គ្រួសារ និងមានប្រជាពលរដ្ឋប្រមាណ៧២% ប្រកបមុខរបរកសិកម្ម។
លោកថា នៅប៉ែកខាងលិចខេត្តមានព្រំប្រទល់ជាប់ជាមួយខេត្តនៃប្រទេសថៃ គឺខេត្តច័ន្ទបូរី ខេត្តត្រាត និងខេត្តស្រះកែវ ហើយមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន០២ គឺច្រកទ្វារអន្តរជាតិដូង (ស្រុកកំរៀង) ច្រកទ្វារអន្តរជាតិភ្នំដី (ស្រុកសំពៅលូន) និងមានច្រកទ្វារតំបន់ចំនួន ៣គឺច្រកទ្វារតំបន់ព្រំដែនអូររំដួល (ស្រុកភ្នំព្រឹក) ច្រកទ្វារតំបន់ព្រំដែនអូរអន្លក់ (ស្រុកកំរៀង)និងច្រកទ្វារតំបន់ព្រំដែន៤០០ (ស្រុកសំឡូត) ដើម្បីធ្វើការទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសថៃ។
លោកបានបន្តថា «កន្លងមកប្រទេសកម្ពុជាយើងបានទទួលជំនួយផ្សេងៗពីប្រទេសអូស្រ្តាលី ពិសេសវិស័យបោសសម្អាតមីនក្នុងខេត្តបាត់ដំបងរហូតមក។ ជាក់ស្តែងថ្មីៗនេះ យើងបាននិងកំពុងកសាងស្ពានថ្មថ្មី នៅមុខសាលាខេត្តចាស់ ហើយយើងបានរាវរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៣៦គ្រាប់ នៅតាមច្រាំងស្ទឹងសង្កែ ហើយបានធ្វើការបំផ្ទុះនៅនឹងកន្លែងផងដែរ»។
លោក Pablo Chiho Kang បានជម្រាបជូនលោកអភិបាលខេត្តថា នៅប្រទេសកម្ពុជាដោយឡែកនៅខេត្តបាត់ដំបងផ្ទាល់ ប្រទេសអូស្ត្រាលីនឹងបន្តកិច្ចសហប្រតិបត្តិការ ជួយដល់កម្ពុជាលើវិស័យជាច្រើនបន្ថែមទៀត ពិសេសការបោសសម្អាតមីននៅក្នុងខេត្តបាត់ដំបងតែម្តង។
លោក Pablo Chiho Kang បានថ្លែងអំណរគុណផងដែរ ចំពោះលោកអភិបាលខេត្តបានអនុញ្ញាត និងបង្កលក្ខណ:ឲ្យលោកជាអ្នកការទូតថ្មី បានចូលជួបសម្តែងការគួរសមដោយទទួល យ៉ាងរាក់ទាក់កក់ក្តៅបំផុត ហើយបានចុះនៅតាមស្រុកគោលដៅនានាដែលមាននៅសេសសល់ចម្ការមីននិងដីដែលបានបោសសម្អាតមីនអស់ហើយនាព្រឹកថ្ងៃនេះផងដែរ៕