(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បើកវគ្គបណ្តុះបណ្តាលគ្រូបង្ហាត់ និងមន្ត្រី គ.ជ.ប ដើម្បីពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ លើកទី៤។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតី លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប នៅទីស្តីការ គ.ជ.ប ដោយមានអ្នកចូលរួម ជាគ្រូបង្ហាត់ និងមន្ត្រី គ.ជ.ប សរុបចំនួន ៨០នាក់។
សេចក្តីប្រកាសព័ត៌មាន របស់ គ.ជ.ប ដែលភ្នាក់ងារសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឱ្យដឹងថា ដោយអនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវរៀបចំបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់ តាមរយៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដែលដំណើរការនេះត្រូវធានាសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានបំពេញតាមលក្ខខណ្ឌនៃច្បាប់បោះឆ្នោត និងដើម្បីឱ្យបញ្ជីបោះឆ្នោតមានគុណភាព ដែលធានាបាននូវភាពពេញលេញ ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាព។
លោក សោម សូរីដា បានគូសបញ្ជាក់ថា បន្ទាប់ពីការរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២០នេះ គឺជាលើកទី៤ នៃការអនុវត្តការងារធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងរំលឹក និងផ្តល់ជូនបន្ថែម នូវការយល់ដឹង ឱ្យកាន់តែច្បាស់លាស់ អំពីនីតិវិធីនៃការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ពិសេសគឺការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ។
ក្នុងវគ្គបណ្តុះបណ្តាលនេះ មានគោលការណ៍សំខាន់ៗនៃបទបញ្ជា និងនីតិវិធីសម្រាប់អនុវត្តការងារមួយចំនួន នឹងត្រូវធ្វើបទបង្ហាញដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងមន្រ្តីជំនាញរបស់ គ.ជ.ប ដែលផ្តោតសំខាន់លើប្រធានបទ ដូចជា បទប្បញ្ញត្តិទូទៅពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត, តួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ លធ.ខប ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត, ដំណើរប្រព្រឹត្តទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ, នីតិវិធីនៃការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត និងលិខិតបញ្ជាក់ទីលំនៅ, ការប្រើប្រាស់កម្មវិធី និងនីតិវិធីអនុវត្ត ការចុះឈ្មោះបោះឆ្នោត និងការបញ្ជូនទិន្នន័យអ្នកសុំចុះឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ, នីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
គ.ជ.ប នឹងរៀបចំវគ្គបណ្តុះបណ្តាលដូចគ្នានេះសម្រាប់មន្ត្រី លធ.ខប តំណាងគណបក្សនយោបាយ និងតំណាងអង្គការមិនមែនរដ្ឋាភិបាលរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះផងដែរ៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖