(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី បានចេញសេចក្ដីថ្លែងការណ៍មួយ បញ្ជាក់អំពីវិធានការលើកអ្នកលក់ផលិតផលតាមអនឡាញ ដែលបញ្ចេញ និងប្រើប្រាស់រូបភាពអាសអាភាស សិចស៉ីហួសប្រមាណ និងគោលការណ៍គោរពសិទ្ធិរបស់ស្ដ្រី។ នេះបើតាមសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។
ក្រសួងកិច្ចការនារី បានអះអាងថា វិធានការនេះ បាននិងកំពុងទទួលការអបអរសាទរ ពីសំណាក់មហាជន ព្រោះជាវិធានការដើម្បីទប់ស្កាត់សកម្មភាពផ្សព្វផ្សាយ និងចែកចាយរូបភាពអាសអាភាស តាមបណ្ដាញសង្គមក្នុងចំណោមអ្នកប្រើប្រាស់ប្រព័ន្ធអនឡាញ ដែលភាគច្រើនជាក្រុមមនុស្សវ័យក្មេង សំដៅការពារសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ជាពិសេសស្ដ្រី បង្កើនសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងរក្សាការពារ លើកកម្ពស់ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អរបស់ជាតិ។
ក្រសួងកិច្ចការនារី បានឲ្យដឹងទៀតថា វិធានការនេះសំដៅលើករណីលក់ផលិតផលអនឡាញមួយចំនួនតូច ដែលប្រើប្រាស់រូបភាពអាសអាភាស ដែលជាទង្វើផ្ទុយនឹងច្បាប់ដែលមានចែងជាធរមាន និងមិនសំដៅរឹតបន្ដឹងសិទ្ធិសេរីភាពរបស់ស្ដ្រីខ្មែរនោះទេ។
សូមជម្រាបថា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅបន្ដ របស់ក្រុមប្រឹក្សាចាតិកម្ពុជា ដើម្បីស្ដ្រីកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ច ធ្វើការអប់រំដល់អ្នកលក់ផលិតផលតាមអនឡាញ ដែលប្រើប្រាស់រូបភាពអាសអាភាស ឬអាក្រាតកាយ មុននឹងឈានទៅចាត់វិធានការជាក់លាក់ណាមួយ។
រហូតមកដល់ពេលនេះ សមត្ថកិច្ចបានឃាត់ខ្លួនស្ដ្រីលក់អនឡាញម្នាក់ ដែលស្លៀកពាក់សិចស៉ីហួសប្រមាណ ធ្វើឲ្យមានការរិះគន់តាមបណ្ដាញសង្គម បញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ក្រោយធ្វើការអប់រំ និងណែនាំនៅតែមិនស្ដាប់៕