(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយ:លោកស្រី ហ៊ុន ម៉ាណា បានចាត់ឱ្យក្រុមការងារមនុស្សធម៌ នាំយកអំណោយប្រចាំឆ្នាំផ្តល់ ជូនលោកតា នេត ប៉េ ព្រឹទ្ធាចារ្យ ចាប៉ីដងវែងដ៏ល្បីល្បាញ រស់នៅភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
សព្វថ្ងៃលោកតា នេត ប៉េ មិនអាចប្រកបរបរដេញចាប៉ីដងវែង ដើម្បីរកប្រាក់ចំណូលមកចិញ្ចឹមជីវភាព តាមមហោស្របសិល្បៈ, រោងបុណ្យ, វត្តអារាម ដូចមុនទៀតបានទេ ដោយសារកត្តាសុខភាពរបស់គាត់កាន់តែទ្រុឌទ្រោមផង ពិការភ្នែកផង មិនអាចមើលអ្វីឃើញពិបាកក្នុងការធ្វើដំណើរ។ ការស្នាក់នៅប្រចាំថ្ងៃរបស់លោកតា មានសាច់ញតបងប្អូន ជាអ្នកមើលខុសត្រូវ និងបានផ្តល់បាយទឹកជូនគាត់ជាប្រចាំ។
អំណោយបាននាំយកមកផ្តល់ជូននេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ រួមមាន៖ គ្រឿងឧបភោគ-បរិភោគ និងថវិកាចំនួន ១២០០ដុល្លារ ជាថវិកាប្រចាំឆ្នាំ ចាប់តាំងពីឆ្នាំ២០០៧ រហូតដល់បច្ចុប្បន្ន។
លោកព្រឹទ្ធាចារ្យ បានសម្តែងសមានចិត្តរីករាយ រំភើបឥតឧបមា និងថ្លែងអំណរគុណសម្តេចទាំងទ្វេ ដែលតែងតែយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងសូមជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារឱ្យមានសុខភាពល្អពេញបរិបូរណ៌ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឱ្យមានសុខសន្តិភាពជាបន្តបន្ទាប់ និងរីកចម្រើនគ្រប់វិស័យបន្ថែមទៀត៕