(កំពត)៖ ដើម្បីចូលរួមចែករំលែក និងជួយសម្រួលក្នុងការរស់នៅប្រចាំថ្ងៃ របស់ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយ: លោកស្រី ហ៊ុន ម៉ាណា បានចាត់ឱ្យក្រុមការងារ មនុស្សធម៌នាំយកអំណោយប្រចាំឆ្នាំទៅផ្តល់ជូនលោកព្រឹទ្ធាចារ្យ គង់ ណៃ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។
សូមបញ្ជាក់ថា លោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ទទួលបានពានរង្វាន់សិល្ប:វប្បធម៌ហ្វូគុអូកា នៃប្រទេសជប៉ុន ឆ្នាំ២០១៧ និងទទួលបានគោរម្យងារវិរៈសិល្បករ មរតកមនុស្សរស់ ពីសម្តេចតេជោក្រោយពេលដែលចាប៉ីដងវែងកម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ។ សព្វថ្ងៃលោកព្រឹទ្ធាចារ្យ មាននអាយុ៧៤ឆ្នាំ រស់នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
លោកតាមិនអាចប្រកបរបរដេញចាប៉ីដងវែង ដើម្បីរកប្រាក់ចំណូលមកចិញ្ចឹមជីវភាពប្រចាំថ្ងៃដូចមុនទៀតបានឡើយ ដោយសារកត្តាសុខភាពរបស់គាត់កាន់តែទ្រុឌទ្រោម និងពិការភ្នែកមិនអាចមើលអ្វីឃើញ ពិបាកក្នុងការធ្វើដំណើរ។ បច្ចុប្បន្នមានលោកយាយជាប្រពន្ធជាអ្នកមើលថែទាំ និងរៀបចំបាយទឹកជូនលោកតាជាប្រចាំថ្ងៃ។
អំណោយដែលត្រូវផ្តល់ជូនរួមមាន៖ គ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ក្នុងផ្ទះបាយ ១ឈុតធំ និងថវិកាចំនួន ១២០០ដុល្លារ ជាថវិកាឧត្ថមប្រចាំឆ្នាំ ការឧត្ថមនេះគឺចាប់តាំងពីឆ្នាំ២០០៧រហូតដល់បច្ចុប្បន្ន។
លោកតា គង់ ណៃ បានសម្តែងសេចក្តីត្រេកអរជាខ្លាំង និងថ្លែងអំណរគុណចំពោះសម្តេចទាំងទ្វេ ដែលតែងតែយកចិត្តទុកដាក់រាល់ការលំបាក របស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
លោកតា បានជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារឱ្យមានសុខភាពល្អពេញបរិបូរណ៌៕