(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល ៥៧៥នាក់ នារី ១០៥នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ។
សិស្សដែលទទួលសញ្ញាបត្រ និងវិញ្ញាបនបត្រនៅព្រឹកថ្ងៃនេះ រួមមានសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០, សិស្សមន្ត្រីក្រមការ ជំនាន់ទី៨ និងកម្មសិក្សាការី ឆ្នាំ២០១៨។ សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រដល់សិស្សសាលាភូមិន្ទនៅពេលពួកគេបញ្ចប់ការសិក្សា ដើម្បីផ្តល់នូវដំបូន្មាន និងអនុសាសន៍ផ្សេងៗជូនដល់សិស្សដែលជាមន្ត្រីរាជការ ក្នុងការពង្រឹងប្រសិទ្ធភាពលើការងាររបស់ពួកគេ។
ក្រៅពីការប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រដល់សិស្សបញ្ចប់ការសិក្សា ក្នុងកម្មវិធីថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងប្រកាសបើកវគ្គបណ្តុះបណ្តាលសម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ ទី១១, កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់, មន្ត្រីគ្រប់គ្រងរដ្ឋបាល, មន្ត្រីមធ្យម និងមន្ត្រីក្រមការសរុបចំនួន ៤៦១ នាក់ ក្នុងនោះ នារី ៩២នាក់។
សាលាភូមិន្ទរដ្ឋបាលមានអាយុកាលប្រមាណជា ៥០ឆ្នាំហើយ។ សាលានេះ ជាសាលាគោលខាងការបណ្តុះបណ្តាលភ្នាក់ងារនៃរដ្ឋបាលសាធារណៈ ទទួលបន្ទុកមុខងារមួយយ៉ាងសំខាន់ គឺជ្រើសរើស បណ្តុះបណ្តាល និងធ្វើវិក្រិត្យការមន្ត្រីរាជការដែលត្រូវបម្រើរដ្ឋបាលនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមយ៉ាងសកម្មក្នុងកំណែទម្រង់រដ្ឋ និងត្រូវក្លាយទៅជាតួអង្គមិនលំអៀងនៃការប្រែប្រួល ជាអ្នកធានាពហុនិយម និងសន្តិភាពរបស់ប្រជាពលរដ្ឋ និងជាសសរគោលនៃការធ្វើទំនើបកម្មរបស់ប្រទេស។
សាលាភូមិន្ទរដ្ឋបាលបានបំពេញបេសកកម្មបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស និងអ្នកជំនាញឯកទេសនានាប្រកបដោយជំនាញ និងមនសិការវិជ្ជាជីវៈខ្ពស់ ជួយដល់ការអនុវត្តបេសកកម្មអភិបាលកិច្ចល្អ លើកកម្ពស់គុណភាព តម្លាភាពការងារ និងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់។
គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៩ សាលាបានបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់, សិស្សមន្ត្រីមធ្យម, សិស្សមន្ត្រីក្រមការ, កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់, កម្មសិក្សាការីមន្រ្តីមធ្យម និងសិក្ខាកាមសរុប ១៣,០៥៥ នាក់ នារី ២,៨៣០នាក់។
បច្ចុប្បន្នសាលាកំពុងបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល មន្ត្រីមធ្យម មន្ត្រីក្របការចំនួន ៤៦១នាក់ នារី ៩២នាក់។
លោកកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានឱ្យដឹងថា សាលាភូមិន្ទរដ្ឋបាល បានពង្រឹង និងពង្រីកជាប្រចាំលើប្រសិទ្ធភាព និងគុណភាពនៃកម្មវិធីបណ្តុះបណ្តាលតាមរយៈការបន្តធ្វើកំណែទម្រង់ស៊ីជម្រៅលើការងារដឹកនាំ, ការងារគ្រប់គ្រង, ការងារបណ្តុះបណ្តាល និងការជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីក្រមការ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យម។
លោករដ្ឋមន្ត្រីបន្តថា ក្រោយពីសាលាភូមិន្ទរដ្ឋបាល ត្រូវបានផ្ទេរឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមុខងារសាធារណៈកាលពីខែតុលា ឆ្នាំ២០១៣ សាលាបានធ្វើការកែទម្រង់ការគ្រប់គ្រង និងដំណើរការការងាររបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីធានាដល់ការលើកកម្ពស់ប្រសិទ្ធភាពនៃការបណ្តុះបណ្តាល និងបន្តជំរុញដល់ការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងវិស័យសាធារណៈ៕