(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Dmitry TSVETKOV គឺជាឥស្សរជនបរទេសទីមួយដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចតែងតាំងជា «សមាជិកកិត្តិយស» នៃរាជបណ្ឌិត្យសភាកម្ពុជា។ រាជរដ្ឋាភិបាលបានសម្រេចតែងតាំង លោក Dmitry TSVETKOV ជា «សមាជិកកិត្តិយស» នៃរាជបណ្ឌិត្យសភាកម្ពុជាតាមរយៈអនុក្រឹត្យលេខ ១៥១៨ អនក្រ.តត ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។
នៅរសៀលថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំប្រារព្ធពិធីប្រកាសគោរមងារ ជាសមាជិកកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជាជូនចំពោះលោក Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងពិធីប្រកាសគោរមងារកិត្តិយសជូនដល់លោក Dmitry TSVETKOV ដែលត្រូវរៀបចំឡើងក្នុងសាលប្រជុំអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ លោកបណ្ឌិតសភាចារ្យ សុខ ទូច អនុប្រធានប្រចាំការ ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា លោក Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា មានគុណសម្បត្តិក្នុងការបំពេញភារកិច្ចជាតំណាងស្ថានទូត សហព័ន្ធរុស្ស៊ី មានគុណបំណាច់ និងស្នាដៃក្នុងការដឹកនាំ គ្រប់គ្រងស្ថាប័ន សម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាការរឹតចំណងកិច្ចសហប្រតិបត្តិការរួមគ្នាលើកិច្ចការងារស្រាវជ្រាវ បែបវិទ្យាសាស្ត្ររវាងរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នស្រាវជ្រាវរុស្ស៊ី។
សូមជម្រាបជូន លោក Dmitry TSVETKOV បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ ពីសាកលវិទ្យាល័យទំនាក់ទំនងអន្តរជាតិក្រុងមូស្គូ (Moscow State University of International Relations)។ លោកជាឥស្សរជនដែលមានភាពវ័យឆ្លាត ក្រៅពីភាសាកំណើត លោកអាចនិយាយនិងប្រើប្រាស់បានបីភាសា បានយ៉ាងស្ទាត់ជំនាញ គឺភាសាខ្មែរ ភាសាអង់គ្លេស និងភាសាបារាំង។ ទន្ទឹមគ្នានេះដែរ លោក Dmitry TSVETKOV បានទទួលនូវកោតសរសើរ និងទទួលបាននូវគ្រឿងឥស្សរិយយសជាច្រើន ពីរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី មានដូចជា៖
១- ឆ្នាំ២០១៣ ទទួលមេដាយឥស្សរិយយស “For Merits to the Fatherland”
២- ឆ្នាំ២០១៨ ទទួលមេដាយឥស្សរិយយស “The Commemorative Medal” របស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ី និង
៣- សញ្ញាបត្រកិត្តិយសនៃក្រុមប្រឹក្សាសហព័ន្ធនៃសហព័ន្ធសភារបស់សហព័ន្ធរុស្ស៊ី នាឆ្នាំ២០១៦។
ជាការគួរកត់សម្គាល់បន្ថែមលើសមត្ថភាព និងគុណវុឌ្ឍក្នុងនាមជាអ្នកការទូតដ៏ឆ្នើម ឯកឧត្ដម Dmitry TSVETKOV បានទទួលនូវគ្រឿងឥស្សរិយយសផ្សេងៗពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទៀតផង រួមមានដូចជា៖
១-គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់អស្សឫទ្ធិ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦
២-គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ធិបឌិន្ន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨
៣-គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
ថ្មីៗនៅដើមឆ្នាំ២០២០នេះ នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបានបង្ហាញពីការតាំងចិត្តនឹងរួមចំណែកពង្រឹង និងជម្រុញកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យអប់រំ ជាពិសេសលើកិច្ចការងារស្រាវជ្រាវបែបវិទ្យាសាស្ត្រ រវាងស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា នៃកម្ពុជា និងស្ថាប័នស្រាវជ្រាវរុស្ស៊ីនានា នៃសហព័ន្ធរុស្ស៊ីផងដែរ៕