(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភា កម្ពុជា បានថ្លែងថា ការរីកចម្រើនផ្នែកសេដ្ឋកិច្ចក្នុងសង្គមជាតិកម្ពុជា ត្រូវការឱ្យដើរទន្ទឹមគ្នានឹងការរីកចម្រើនក្នុងវិស័យសិក្សាស្រាវជ្រាវគ្រប់វិស័យ ជាពិសេសវិស័យបច្ចេកវិទ្យា និងវិស័យអប់រំ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងយ៉ាងដូចនេះនាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស សមាជិកកិត្តិយសនៃរាជបណ្ឌិត្យសភា កម្ពុជា ជូនលោក ឌីមីទ្រី ធ្វេតហ្គូវ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឡើងនៅរាជបណ្ឌិត្យ សភាកម្ពុជា និងដោយមានការចូលរួមពីលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា និងជាអនុប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា រួមទាំងមានអ្នកចូលរួមជាច្រើនទៀតផងដែរ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ទៀតថា រាជបណ្ឌិត្យសភាកម្ពុជា ជាសមិទ្ធផលមួយបង្កើតឡើងក្រោមគំនិតផ្តូចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងទទួលបានការប្រោសប្រទានពីព្រះមហាក្សត្រ តាមសំណើរពីនាយករដ្ឋមន្ត្រីបង្កើតជាផ្លូវការឡើងវិញនៅឆ្នាំ១៩៩៩។ ស្ថាប័ននេះជាស្ថាប័នស្រាវជ្រាវរបស់ជាតិ មានទស្សនវិស័យច្បាស់លាស់លើការអភិវឌ្ឍន៍ធនធានមនុស្ស និងការស្រាវជ្រាវវិទ្យាសាស្ត្រដើម្បីជួយពង្រឹង និងលើកតម្កើង និងអភិវឌ្ឍធនធានពុទ្ធិ និងបញ្ញាញ្ញាណរាជបណ្ឌិត្យសភាកម្ពុជា ដោយបានប្រមូលផ្តុំនូវធនធាន បញ្ញាជនជាន់ខ្ពស់របស់ជាតិ និងរៀបចំបង្កើត «ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ» នេះឡើង។
លោកបានបញ្ជាក់ទៀតថា បណ្ឌិតសភាចារ្យនេះ កំពុងចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ជំរុញការអភិវឌ្ឍន៍នៃប្រទេសជាតិ តាមរយៈការសិក្សាស្រាវជ្រាវ និងផ្តល់ជាធាតុចូលជូនរាជរដ្ឋាភិបាលឱ្យស្របតាមចក្ខុវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ព្រះរាជាណាចក្រកម្ពុជា ជាការស្រឡាញ់របស់យើងទាំងអស់គ្នា ដូចនេះត្រូវការការរួមកម្លាំង ការរួបរួម ការផ្តល់នូវគំនិតទស្សនៈ និងធាតុចូល ជូនរាជរដ្ឋាភិបាលសម្រាប់នាំនាវាកម្ពុជា មួយនេះឆ្ពោះទៅរកវឌ្ឍនភាព ដែលជួយឱ្យប្រជាពលរដ្ឋរស់នៅដោយសុខុដុម និងឆ្លងផុតពីភាពក្រីក្រ។
នៅក្នុងយុគសម័យនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងសាកលភាវូបនីយកម្ម បានប្រែក្លាយពិភពលោកទៅជាសហគមន៍មួយដែលស្ថិតនៅមិនឆ្ងាយពីគ្នា។ ទំនាក់ទំនងចំណងការទូត និងកិច្ចសហប្រតិបត្តិការបាននាំបណ្តាប្រទេសនានាឱ្យខិតចូលកាន់តែជិតគ្នា ជួយគ្នា និងផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះត្រូវការឱ្យមានមជ្ឈដ្ឋានអ្នកចេះដឹងគ្រប់លំដាប់ថ្នាក់ ទាំងក្នុងនិងក្រៅប្រទេស និងប្រជាពលរដ្ឋ ចូលរួមជួយជំរុញការអភិវឌ្ឍទាំងអស់គ្នា។
ជាមួយគ្នានោះផងដែរលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានលើកទឹកចិត្តឱ្យរាជបណ្ឌិសភាកម្ពុជា បន្តយកចិត្តទុកដាក់ពិនិត្យនិងវាយតម្លៃ និងជ្រើសរើស បេក្ខជនមានសមត្ថភាព មានចំណេះដឹង និងគុណវុឌ្ឍគ្រប់គ្រាន់ទាំងក្នុងការអភិរក្ស និងការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ សេដ្ឋកិច្ច សង្គម មនុស្សធម៌ និងវប្បធម៌ ដើម្បីបញ្ចូលជាសមាជិកនៃរាជបណ្ឌិត្យសភា សំដៅពង្រឹងសក្តានុពលរបស់ស្ថាប័នធនាគារខួរក្បាលនេះឱ្យរឹតតែខ្លាំងក្លាថែមទៀត។
ប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានសម្តែងនូវទឹកចិត្តសោមនស្សរីករាយចំពោះវត្តមានរបស់ «សមាជិកកិត្តិយស» នៃរាជបណ្ឌិត្យ សភាកម្ពុជាដំបូងគេ, លោកឌីមីទ្រី ធ្វេតហ្គូវ ដែលជាធនធានបញ្ញាជន ជាឥស្សរជនជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ី។
លោកបានសង្ឃឹមយ៉ាងមុតមាំថា សមាជិកកិត្តិយសទី១ នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងបន្តរួមចំណែកជំរុញ និងអភិវឌ្ឍវិស័យស្រាវជ្រាវនៅក្នុង រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ ទាំងផ្នែកវិទ្យាសាស្រ្តសង្គម និងវិទ្យាសាស្រ្តពិត រវាងប្រទេសទាំងពីរ កម្ពុជា-រុស្ស៉ី ឱ្យស្របគ្នានឹងបេសកកម្មរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹងទាំងស្មារតី និងសម្ភារៈ៕