(ភ្នំពេញ)៖ ជាផ្នែកមួយជួយស្រោចស្រង់ ដល់វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចលើកលែងនូវការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់សណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម ក្នុងខេត្តសៀមរាប រយៈពេល៤ខែ ចាប់អនុវត្តន៍ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២០។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាទៀតថា អាជីវកម្មសណ្ឋាគារនិងផ្ទះសំណាក់ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាការលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងរយៈពេលលើកលែងពន្ធនេះ។
ការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីថ្លែងសារពិសេសមួយ ជូនជនជាតិខ្មែរ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ រួមមានបញ្ហាអនុគ្រោះពន្ធ EBA, ពាក់ព័ន្ធមេរោគ Covid-19 និងបញ្ហាមួយចំនួនពាក់ព័ន្ធសេដ្ឋកិច្ច នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ការលើកលែងពន្ធនេះ គឺមានន័យថារដ្ឋទទួលបង់ពន្ធជំនួស ព្រោះយើងធ្លាប់បានបង់ពន្ធហើយ នៅទីនេះ ប្រើពាក្យលើកលែងការបង់ពន្ធដើម្បីឲ្យស្រួលស្តាប់ ប៉ុន្តែធាតុពិតរបស់វាគឺរដ្ឋបង់ពន្ធជំនួស ហើយអ្វីដែលយើងធ្វើនៅពេលនេះ មិនគ្របដណ្តប់ទូទៅនោះទេ អ្វីដែលសំខាន់ គឺយើងធ្វើនៅខេត្តសៀមរាប ដែលជាខេត្តមួយភ្ញៀវទេសចរបរទេសធ្លាប់មកកាន់ទីនោះ ប៉ុន្តែឥឡូវនេះភ្ញៀវទេសចរមកកាន់ទីនោះ គឺធ្លាក់ចុះដល់កម្រិតមួយយ៉ាងខ្លាំង»។
ការមិនធ្វើសវនកម្មពេញលេញ សម្រាប់កាលបរិច្ឆេទឆ្នាំ២០២០ ចំពោះសហគ្រាសក្នុងវិស័យសណ្ឋាគារ និងផ្ទះសំណាក់ ដែលចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងសកម្មភាពអាជីវកម្មក្នុងខេត្តសៀមរាប ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីការអនុគ្រោះផងដែរ។
ក្រៅពីវិធានការលើកលែងផ្នែកពន្ធនេះ មានវិធានការមួយចំនួនទៀត ត្រូវបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីស្រោចស្រង់វិស័យទេសចរណ៍ រួមមានការជ្រើសរើសយកខេត្តសៀមរាប សម្រាប់រៀបចំកិច្ចប្រជុំផ្សេងៗ, ជំរុញឲ្យក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ បើកយុទ្ធនាការរៀបចំសកម្មភាព និងព្រឹត្តិការណ៍ទាក់ទាញផ្សេងៗក្នុងខេត្តសៀមរាប, ការបង្កើនចំនួនថ្ងៃចូលទស្សនាតំបន់អង្គរ ជូនភ្ញៀវទេសចរ ដែលទិញសំបុត្រចូលទស្សនា និងបណ្តុះបណ្តាលជំនាញជូនដល់កម្មករ និងយោជិត ដែលបាត់បង់ការងារក្នុងវិស័យទេសចរណ៍ជាដើម។
ជាមួយនឹងការភ័យខ្លាចជំងឺ COVID-19 វិស័យទេសចរណ៍នៅក្នុងតំបន់ និងប្រទេសកម្ពុជា ទទួលរងនូវផលប៉ះពាល់គួរឲ្យកត់សម្គាល់។ ក្នុងខែកុម្ភៈ ឆ្នាំ២០២០នេះ ភ្ញៀវទេសចរបរទេសចូលមកកម្ពុជា បានធ្លាក់ចុះប្រមាណជាង៦០ភាគរយ ពិសេសភ្ញៀវចិនធ្លាក់ចុះ៩០ភាគរយ។ បើធៀបជាមួយនឹងគោលដៅទេសចរណ៍ សំខាន់នៅក្នុងប្រទេស អាជីវកម្មទេសចរណ៍ នៅខេត្តសៀមរាប ទទួលរងនូវផលប៉ះពាល់ជាខ្លាំង៕