(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ចេញវិធានការចំនួន ៣ចំណុច ដើម្បីទប់ទល់ជាមួយការប៉ះពាល់ ដោយវីរុស កូរ៉ូណា ឬ Covid-19 ខណៈបច្ចុប្បន្ននេះ ជម្ងឺ COVID-19 បានក្លាយទៅជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់សកលលោក ពិសេសគឺសង្រ្គាមពាណិជ្ជកម្ម និងការថមថយនៃកំណើនសេដ្ឋកិច្ច។
ការប្រកាសដាក់ចេញនូវវិធានការទាំង៣ចំណុចនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែល សម្តេចបានអញ្ជើញ ជាអធិបតីភាពក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងសន្និសីទសារព័ត៌មាន នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានសន្តិភាព។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលបានគិតគូរលើគ្រប់ទិដ្ឋភាព សំដៅជួយដល់គ្រប់តួអង្គពាក់ព័ន្ធផង និងជំរុញលើកស្ទួយកំណើននៅតាមវិស័យ ដែលមានសល់សក្តានុពលផង រួមមានទី១៖ ជួយដល់ក្រុមហ៊ុន ដែលទទួលរងផលប៉ះពាល់ខ្លាំង ដើម្បីឱ្យក្រុមហ៊ុនទាំងនោះ អាចបន្តអាជីវកម្ម បាននៅក្នុងពេលដ៏លំបាកនេះ, ទី២៖ ជួយដល់កម្មករ-និយោជិត ក្នុងករណីត្រូវបាត់បង់ ឬត្រូវព្យួរការងារ ឱ្យមានលំនឹងជីវភាព និងអាចលើកកម្ពស់ជំនាញ ព្រមទាំងផលិតភាពការងាររបស់ខ្លួនសម្រាប់អនាគត និង ទី៣៖ ជួយទ្រទ្រង់លើកស្ទួយកំណើន ជាពិសេសជួយ ដល់សហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នាថ្មីៗនេះជំងឺរលាកផ្លូវដង្ហើមកូរ៉ូណាថ្មី បានក្លាយជាបញ្ហាប្រឈមដ៏ធំមួយទៀត សម្រាប់ពិភពលោក។ ផលប៉ះពាល់ដោយ Covid-19 កើតឡើងលឿន ដែលមិនអាចព្យាករណ៍បាន ដែលទាញទម្លាក់សេដ្ឋកិច្ច ជំងឺ Covid-19 ក៏មានផល់ប៉ះពាល់ដល់ផ្នែកសំខាន់ៗ របស់កម្ពុជា ក្នុងនោះវិស័យ២ប៉ះពាល់ធ្ងន់ជាងគេ គឺទី១ វិស័យទេសចរណ៍ និងទី២ វិស័យកាត់ដេរ ដោយសារខ្វះវត្ថុធាតុដើម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងបរិកាលនេះរាជរដ្ឋាភិបាល ក៏មិនឱបដៃនៅស្ងៀមមើលសហគ្រាស និងក្រុមហ៊ុនទទួលរងនូវផលប៉ះពាល់ក្មួយៗ ជាកម្មករ និយោជិកមួយចំនួនបាត់បង់ការងារ ហើយកំណើនសេដ្ឋកច្ចថមថយ ធ្លាក់ចុះដែលអាចបង្កជាហានិភ័យ សង្គមជាតិទាំងមូលនោះឡើយ អាស្រ័យហេតុនេះ ក្នុងស្មារតីបុរេសកម្ម ថ្ងៃនេះរាជរដ្ឋាភិបាលបានសម្រេចចិត្តដាក់ចេញនូវវិធានការអន្តរាគមន៍បន្ទាន់ ដើម្បីក្របគ្រងផលប៉ះពាល់។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា Covid-19 មិនបង្កជាផលប៉ះពាល់ហួសហេតុ ដល់សេដ្ឋកិច្ចកម្ពុជានោះទេ អ្វីដែលបង្កហានិភ័យធ្ងន់ធ្ងរ ដល់សង្គមកម្ពុជា គឺជំងឺភ័យខ្លាច ហើយមូលដ្ឋានសេដ្ឋកិច្ចកម្ពុជានៅតែមានភាពរឹងមាំ។ សម្តេចក៏បានស្នើឱ្យវិនិយោគិនជាតិ និងអន្តរជាតិទាំងអស់ មានទំនុកចិត្តលើរាជរដ្ឋាភិបាល ហើយរដ្ឋាភិបាលបានកំពុងចាត់វិធានការជួយដល់វិស័យឯកជន។
ទន្ទឹមនេះសម្តេចតេជោ បានបន្ថែមទៀតថា វិធានការ ដែលត្រូវបានដាក់ចេញមកនេះ មិនត្រឹមតែជួយកាត់បន្ថយផលប៉ះពាល់ ចំពោះមុខប៉ុណ្ណោះទេ តែក៏ជាវិធានការជួយលើកស្ទួយភាពប្រកួតប្រជែងដល់វិស័យទាំងនោះ និងសេដ្ឋកិច្ចជាតិទាំងមូល នៅពេលជំងឺ COVID-19 បានឆ្លងផុតទៅផងដែរ៕