(កណ្ដាល)៖ នគរបាលចំនួន ៤ខេត្ត រួមមាន ខេត្តកណ្ដាល ព្រៃវែង កំពង់ចាម និងមណ្ឌលគិរី បានសហការគ្នាស្រាវជ្រាវតាមចាប់ចោរលួចឡានម្នាក់ ដែលលួចឡានគេនៅភ្នំពេញកាលពី ៥ឆ្នាំមុន ហើយម្ចាស់ឡានរកឃើញទុកនៅយានដ្ឋានជួសជុលរថយន្តមួយកន្លែង នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ខណៈជនសង្ស័យបានរត់ភៀសខ្លួនបាត់ទៅសម្ងំនិងគេចពីខេត្តមួយទៅខេត្តមួយ។

តាមរយៈការសហការគ្នាផ្ដល់ព័ត៌មានរវាងនគរបាលទាំង៤ខេត្ត ទៅវិញទៅមក ចុងក្រោយនៅថ្ងៃទី២៣ ខែកុម្ភៈ ទើបក្រុមនគរបាលកំណត់មុខសញ្ញាបាន ឈានដល់ការចាប់ខ្លួន បានសម្រេចនៅឯខេត្តព្រៃវែង ។

ជនរងគ្រោះជាម្ចាស់ឡានឈ្មោះ ថេង សុវត្តឌី អាយុ៣៨ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់រថយន្ត ទីលំនៅផ្ទះលេខ៨០A ផ្លូវ156 សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យ ដែលចាប់ខ្លួនបានឈ្មោះ លី ភាន អាយុ៤៥ឆ្នាំ មុខរបររត់រថយន្តឈ្នួល មានទីលំនៅភូមិតាគាត់ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវៃង។

រថយន្តដែលបាត់ហើយរកឃើញវិញម៉ាក NISSAN MACH ពណ៌ខ្មៅ ដោយលោកចោរបានកែស្លាកលេខក្លែងក្លាយទៅជាភ្នំពេញ 2C-2067។

នគរបាលខេត្តកណ្ដាល បានរៀបរាប់សាច់រឿងថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ម៉ោង ២ទៀបភ្លឺ ជនរងគ្រោះបានទុករថយន្តរបស់ខ្លួននៅមុខផ្ទះ ស្រាប់តែមានជនមិនស្គាល់ឈ្មោះបាន លួចរថយន្តរបស់ជនរងគ្រោះដែលទុកនៅមុខផ្ទះនោះយកទៅបាត់។ ក្រោយពីបាត់រថយន្តជនរងគ្រោះ ខ្លួនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូ១ តែស្រាវជ្រាវ
រកមិនឃើញទេ។

លុះដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង១២៖០០នាទី ជនរងគ្រោះប្រទះឃើញរថយន្តរបស់ខ្លួន នៅក្នុងកន្លែងជួសជុលរថយន្តយីហោ ម៉ុនសុគីមហេង ស្ថិតនៅភូមិកណ្តាល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយដូរផ្លាកលេខ ភ្នំពេញ 2C-2067 ក្រោយពីបានឃើញរថយន្តរបស់ខ្លួន ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុក ដើម្បី ឲ្យសមត្ថកិច្ចស្រាវជ្រាវរកជនសង្ស័យ។

នគរបាលបន្តថា ដោយបានការចង្អុលដឹកនាំរបស់លោកស្នងការនគរបាលខេត្តកណ្ដាល ជាលទ្ធផលការស៊ើបអង្កេតអស់រយៈពេល ៤ថ្ងៃ សមត្ថកិច្ចនគរបាលខេត្តស្រុក បានសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងខេត្តមណ្ឌលគីរី ទើបឈានដល់ការកំណត់បានមុខសញ្ញា ឃាត់ខ្លួនជនសង្ស័យឈ្មោះ លី ភាន ដើម្បីបន្តចាត់ការអនុវត្តតាមនីតិវិធី៕