(វៀតណាម)៖ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ក្នុងនាមសហប្រធានគណៈកម្មាធិការជាន់ខ្ពស់អាស៊ាន ជាមួយធនាគារកណ្តាលម៉ាឡេស៊ី បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការជាន់ខ្ពស់អាស៊ានលើកទី១៩ ដែលប្រព្រឹត្តនៅទីក្រុងហាណូយ ប្រទេសវៀតណាម។

កិច្ចប្រជុំនេះមានការចូលរួមពី តំណាងជាន់ខ្ពស់របស់ធនាគារកណ្តាលនៃ ប្រទេសសមាជិកអាស៊ាន តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO) លេខាធិការអាស៊ាន និងគណៈកម្មាធិការនានានៃសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន។

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាលើវឌ្ឍនភាព និងទិសដៅការងារ ក្នុងក្របខ័ណ្ឌសមាហរណកម្មអាស៊ាន និងការងារពាក់ព័ន្ធនានា ដែលគាំទ្រសមាហរណកម្មវិស័យហិរញ្ញវត្ថុអាស៊ាន ដើម្បីរាយការណ៍ជូនដល់កិច្ចប្រជុំ ថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ាននាពេលខាងមុខ។

ប្រធានបទដែលលើកយកមកពិភាក្សារួមមាន៖

*ទី១ ៖ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់។
*ទី២ ៖ គំនិតផ្តួចផ្តើមជាគន្លឹះក្នុងការធ្វើសមាហរណកម្មវិស័យហិរញ្ញវត្ថុ រួមមាន ក្របខ័ណ្ឌសមាហរណកម្មវិស័យធនាគារអាស៊ាន សេរីភាវូបនីយកម្មគណនីមូលធន ការអភិវឌ្ឍទីផ្សារទុន បរិយាបន្នហិរញ្ញវត្ថុ សេរីភាវូបនីយកម្មសេវាហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់និងផាត់ទាត់។
*ទី៣ ៖ ភាពធន់ និងប្រព័ន្ធបែងចែងព័ត៌មាន cybersecurity របស់អាស៊ាន។
*ទី៤ ៖ តួនាទីរបស់ធនាគារកណ្តាលអាស៊ាន ក្នុងការលើកកម្ពស់ចីរភាពនៃ វិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុអាស៊ាន។
*ទី៥ ៖ គោលការណ៍ធនាគារអាស៊ានប្រកបដោយចីរភាព។
*ទី៦ ៖ ការកសាងសមត្ថភាពមន្ត្រីធនាគារកណ្តាលប្រទេសព្រុយណេ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (BCLMV)។

តាមបាយការណ៍របស់ធនាគារជាតិកម្ពុជា បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចអាស៊ានត្រូវបានព្យាករថា អាចនឹងថមថយពី៤.៩% ក្នុងឆ្នាំ២០១៩មកត្រឹម៤.៥% នៅឆ្នាំ២០២០ ដោយសារការរីករាលដាលនៃមេរោគកូរ៉ូណា (COVID-19) ដែលអាចមានហានិភ័យ ចំពោះសេដ្ឋកិច្ចក្នុងតំបន់រយៈពេលមធ្យម និងជះឥទ្ធិពលខ្លាំងលើផ្នែកសេវា ការវិនិយោគ និងការប្រើប្រាស់របស់ប្រជាជន។

មន្រ្តីជាន់ខ្ពស់ធនាគារជាតិ បានបញ្ជាក់ថា ឆ្លើយតបនឹងផលប៉ះពាល់នេះ គោលនយោបាយមួយចំនួនត្រូវបានលើកឡើងដូចជា ការរក្សាឱ្យបាននូវកម្រិតអតិផរណា ការបង្កើនការចំណាយ របស់រដ្ឋាភិបាល ធ្វើឱ្យប្រសើរឡើងនូវកម្លាំងពលកម្ម និងបច្ចេកវិទ្យាការផ្តល់ហិរញ្ញប្បទាន ចំពោះការចំណាយទប់ទល់នឹងការរីករាលដាលនៃមេរោគនេះ បង្កើនហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ក្នុងតំបន់អាស៊ានជាដើម។

ចំពោះការធ្វើសមាហរណកម្មវិស័យហិរញ្ញវត្ថុអាស៊ាន អង្គប្រជុំបានកត់សម្គាល់នូវសមិទ្ធផល ដែលគណៈកម្មាធិការអាស៊ានសម្រេចបានដូចជា៖ ការបង្កើតធនាគារអាស៊ាន ប្រកបដោយគុណវុឌ្ឍិ (QABs)ចំនួនពីរ ការរៀបចំក្របខ័ណ្ឌសមាហរណកម្មធនាគារអាស៊ាន ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយដៃគូពាណិជ្ជកម្មសេរីក្នុងតំបន់ (RCEP) ការរៀបចំគោលការណ៍ណែនាំស្តី ក្របខ័ណ្ឌទូទាត់ជារូបិយវត្ថុជាតិ ការអនុវត្តក្របខ័ណ្ឌគោលនយោបាយសម្រាប់ការទូទាត់ និងការបង្កើនការយល់ដឹង ផ្នែកហិរញ្ញវត្ថុនិងការការពារអ្នកប្រើប្រាស់។

ធនាគាជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ី បានបញ្ចប់ភាពជាសហប្រធាននៃ កិច្ចប្រជុំនេះដែលមានអាណត្តិ២ឆ្នាំ ដោយជោគជ័យហើយសហប្រធានបន្ទាប់គឺ ធនាគារកណ្តាលព្រុយណេនិងធនាគារកណ្តាលថៃ៕