(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋដែលនិយមចូលចិត្តចេញដើរលេងកម្សាន្តនៅក្រៅប្រទេស សូមប្ដូរមកបង្កើនការដើរទេសចរណ៍ក្នុងប្រទេសវិញ ដើម្បីជំរុញឲ្យចលនាទេសចរក្នុងស្រុកកាន់តែមានសកម្មភាពខ្លាំងឡើង ខណៈកម្ពុជាកំពុងផ្សព្វផ្សាយថាខ្លួនជាគោលដៅទេសចរណ៍ ប្រកបដោយសុខសន្តិភាព សុវត្ថិភាព និងផ្ដល់នូវភាពកក់ក្ដៅគ្រប់ពេល។
ការថ្លែងយ៉ាងដូច្នេះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងវេទិកាសំណួរ-ចម្លើយជាមួយអ្នកសារព័ត៌មាន និងគណបក្សនយោបាយមួយចំនួន នៅវិមានសន្តិភាព នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។
សម្តេចតេជោបានថ្លែងថា ប្រជាពលរដ្ឋដែលធ្លាប់និយមចូលចិត្តចេញដើរលេងកម្សាន្តនៅក្រៅប្រទេស សូមវិលមកធ្វើដំណើរទេសចរណ៍ក្នុងប្រទេសវិញ ដើម្បីជំរុញឲ្យចលនាទេសចរក្នុងស្រុកកាន់តែមានសកម្មភាពខ្លាំងឡើង។
ប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវយ៉ាងដូច្នេះថា «ឥឡូវនេះ ជើងហោះហើរមួយចំនួនក៏ត្រូវបានផ្អាក ហើយភាពមិនច្បាស់លាស់នៃជំងឺ Covid-19 នៅក្រៅប្រទេសក៏ស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយដែរ ដូច្នេះសូមប្រជាពលរដ្ឋដែលធ្លាប់ធ្វើដំណើរទៅក្រៅប្រទេសក្នុងមួយឆ្នាំជាង ១លាននាក់ សូមបកមករកការធ្វើដំណើរក្នុងស្រុកទៅកាន់តំបន់ទេសចរណ៍នានា ក្នុងនោះត្រូវគិតជាអាទិភាពខ្ពស់ទៅខេត្តសៀមរាប»។
សម្តេចបានបន្តថា ការធ្វើយ៉ាងដូច្នេះ កម្ពុជាអាចសន្សំរូបិយបណ្ណផង ឱ្យប្រជាពលរដ្ឋបានស្គាល់ប្រទេសរបស់ខ្លួនកាន់តែច្បាស់ផង និងដើម្បីជួយស្រោចស្រង់វិស័យទេសចរណ៍ជាតិ នាកំលុងពេលនៃការធ្លាក់ចុះភ្ញៀវទេសចរបរទេស។
សម្តេចតេជោក៏បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ទាំងអស់ សូមបន្ធូរបន្ថយថ្លៃស្នាក់នៅដល់ភ្ញៀវទេសចរ ជាជាងទុកបន្ទប់ឱ្យនៅទំនេរចោល។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យបង្កើនប្រសិទ្ធភាពនៃការធ្វើដំណើររួមគ្នាតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជាមួយប្រទេសជិតខាង ដូចជាសៀមរាប-បាងកក សៀមរាប-ហូជីមិញ ពិសេសតាមរយៈរថយន្តក្រុង ឬតាមរថយន្តផ្ទាល់់ខ្លួន ដោយខិតខំសម្របសម្រួលដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅចំណុចទទួលសេវាឆ្លងកាត់ព្រំដែន និងបញ្ហាពាក់ព័ន្ធដទៃទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្គាប់ឱ្យក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការរៀបចំសកម្មភាព និងព្រឹត្តិការណ៍ទាក់ទាញផ្សេងៗនៅក្នុងខេត្តសៀមរាប ដូចជាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២០ ពិធីបុណ្យប្រពៃណីសាសនា កម្មវិធីប្រកួតកីឡា ការប្រគុំតន្ត្រី ការបញ្ចាំងភាពយន្ត និងការបង្ហាញម៉ូតសម្លៀកបំពាក់ជាដើម សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ។
សម្តេចតេជោក៏បានណែនាំឱ្យរក្សាថ្លៃសំបុត្រចូលទស្សនាតំបន់អង្គរឱ្យនៅដដែល ប៉ុន្តែត្រូវបន្ថែមចំនួនថ្ងៃសម្រាប់ប្រភេទសំបុត្រនីមួយៗ ក្នុងនោះសម្រាប់សំបុត្រមួយថ្ងៃអាចចូលមើលបានពីរថ្ងៃ សំបុត្របីថ្ងៃអាចចូលមើលបានប្រាំថ្ងៃ សំបុត្រប្រាំពីរថ្ងៃអាចចូលមើលបានដប់ថ្ងៃ ដើម្បីទាក់ទាញទេសចរឱ្យស្នាក់នៅបន្ថែមក្នុងប្រទេសកម្ពុជា។
សម្តេចបន្តណែនាំឱ្យក្រសួងទេសចរណ៍ត្រូវរៀបចំកម្មវិធីបណ្ដុះបណ្ដាលដល់កម្មករនិយោជិតដែលបាត់បង់ការងារពីវិស័យទេសចរណ៍ ដូចជាបុគ្គលិកបម្រើនៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងភ្នាក់ងារទេសចរណ៍ តាមរយៈការរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលនូវមុខវិជ្ជាចំណេះដឹងថ្មី ឬការបង្កើតចំណេះដឹងបន្ថែម ការផ្ដល់នូវប្រាក់ខែសមរម្យ។
សម្ដេចបានបន្ថែមទៀតថា វិស័យទេសចរណ៍របស់កម្ពុជា បញ្ហាធំ គឺបញ្ហាការភ័យខ្លាចជ្រុលហួស និងយកវិធានការរើសអើង មកដល់ពេលនេះ ប្រទេសកម្ពុជា មិនទាន់មានពលរដ្ឋណាម្នាក់ឆ្លងជំងឺ Covid-19 នោះទេ ដូច្នេះលម្ហសម្រាប់ភ្ញៀវទេសចរមកកាន់កម្ពុជានៅតែមានជំនឿទុកចិត្ត។
ករណីម៉ាឡេស៊ីបានប្រកាសថា ស្ត្រីជនជាតិអាមេរិកម្នាក់គ្មានរោគសញ្ញា Covid-19 ហើយការបញ្ជាក់ពីសហរដ្ឋអាមេរិកថាស្ត្រីរូបនោះអត់មានផ្ទុកជំងឺ Covid-19 ទេនោះ បានផ្ដល់នូវជំនឿទុកចិត្តបន្ថែមសម្រាប់ការមកដល់របស់ទេសចរបរទេស ទន្ទឹមគ្នានឹងប្រទេសជាច្រើនក្នុងតំបន់នេះមានមនុស្សឆ្លងជំងឺ Covid-19 នេះទៅហើយ។
តាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានដាក់ចេញវិធានការ ៧ចំណុច ដើម្បីជំរុញបង្កើនការធ្វើកម្សាន្តនៅក្នុងស្រុក៕