(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ថា គ្រប់ក្រសួងពាក់ព័ន្ធ ត្រូវកាត់បន្ថយ ការធ្វើដំណើរចូលរួម ក្នុងកិច្ចប្រជុំនៅក្រៅប្រទេស ហើយបង្កើនការរៀបចំវេទិកា សិក្ខាសាលា, កិច្ចប្រជុំ, វគ្គបណ្តុះបណ្តាលខ្លីៗ និងកម្មវិធីផ្សេងៗទៀត នៅក្នុងប្រទេសវិញ។
ការគូសបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសមួយ ជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ រួមមាន បញ្ហាអនុគ្រោះពន្ធ EBA, ពាក់ព័ន្ធមេរោគ Covid-19 នឹងបញ្ហាមួយចំនួន ពាក់ព័ន្ធសេដ្ឋកិច្ច ដែលរៀ បចំធ្វើឡើង នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ធ្វើវិចារណកម្មថវិកាជាតិឆ្នាំ ២០២០, ទាំងចំណាយចរន្ដ និង ចំណាយវិនិយោគ, ពិសេសកាត់បន្ថយការ ធ្វើដំណើរចូលរួមក្នុងកិច្ចប្រជុំ នៅក្រៅប្រទេស ដោយគ្រប់ក្រសួង-ស្ថាប័ន រដ្ឋាភិបាល នឹងចូលរួមជំរុញវិស័យទេសចរណ៍ក្នុងស្រុក ឲ្យទៅជាចលនាជាតិធំទូលាយ តាមរយៈការជំរុញនូវការធ្វើ សិក្ខាសាលា, កិច្ចប្រជុំ, វគ្គបណ្តុះបណ្តាលខ្លីៗ និងកម្មវិធីផ្សេងៗទៀត រៀបចំដោយគ្រប់ក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាល, វិស័យឯកជន, ស្ថានទូត, អង្គការមិនមែនរដ្ឋាភិបាល ឲ្យទៅធ្វើនៅតាមខេត្តសំខាន់ៗ ពិសេសគឺខេត្តសៀមរាប»។
ត្រង់ចំណុចនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ថា មន្ដ្រីកម្ពុជា នៅតាមក្រសួងស្ថាប័ននានា ត្រូវកាត់បន្ថយការចូលរួម ទៅការប្រជុំ នៅក្រៅប្រទេស កន្លែងណាដែលអាចចាត់តាំងអគ្គរាជទូតចូលរួមបាន ក៏ចាត់តាំង អគ្គរាជទូតនៅទីនោះ ដើម្បីចូលរួម ហើយកន្លែងណា ដែលត្រូវទៅ១០នាក់ កាត់បន្ថយនៅត្រឹមតែ ៣នាក់ ៤នាក់បានហើយ គឺមិនចាំបាច់ទៅច្រើនពេកទេ។
លើសពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ឯប្រជុំទៀតសោយ គប្បីឲ្យមានការប្រជុំនៅតាមខេត្ត ជាជាងនៅតាមភ្នំពេញតែមួយ ហើយជាពិសេស សំដៅទៅរកគោលដៅ ខេត្តព្រះសីហនុ និងខេត្ដសៀមរាប។ សម្ដេចបន្ថែមទៀតថា សម្ដេចនឹងមានការបើកគណៈរដ្ឋមន្ដ្រី នៅខេត្តសៀមរាប ដើម្បីឲ្យខេត្តសៀមរាប អាចទទួលបានភ្ញៀវទេសចរ ក្នុងស្រុក ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទៀតថា ថ្ងៃក្រោយឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ នឹងទៅបើកការប្រជុំ នៅខេត្តសៀមរាបតែម្ដង ដើម្បីឲ្យសណ្ឋាគារ និងភោជនីយដ្ឋាន នៅខេត្តសៀមរាប អាចទទួលបាននូវភ្ញៀវទេសចរ៕