(កណ្ដាល)៖ ក្រុមប្រជាពលរដ្ឋ បានរាយការណ៍មកកាន់ភ្នាក់ងារព័ត៌មាន Fresh News ថា ពួកគាត់មានការលំបាកធ្វើដំណើរ ដោយសារស្ថានភាពផ្លូវនៅម្ដុំដេប៉ូខ្សាច់ឈ្មោះ សុង សុភាព បានបង្កឲ្យមានខ្សាច់ហូរហៀរលើថ្នល់ជាតិ ដែលបង្ករការលំបាកសំរាប់ពលរដ្ឋអ្នកជិះម៉ូតូ ជិះកង់ជាខ្លាំង ហើយបានស្នើដល់អាជ្ញាធរពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ មេត្តាជួយដោះស្រាយឲ្យបានឆាប់ៗផង។
ពលរដ្ឋសុំមិនបញ្ចេញឈ្មោះម្នាក់ បាននិយាយប្រាប់ថា ពួកគាត់មានការបារម្ភណ៍ ខ្លាចក្រែងមានគ្រោះថ្នាក់កើតឡើង ដោយសារតែនៅម្ដុំដេប៉ូខ្សាច់ឈ្មោះ សុង សុភាព ពោរពេញទៅដោយ ខ្សាច់លើថ្នល់ជាតិ ហើយក្រុមបើកឡានដឹកខ្សាច់វិញ បើកព្រហើនៗណាស់ គ្មានយោគយល់ ត្រាប្រណីអ្នកដំណើរទេ គិតថា ខ្លួនធំចង់បើកយ៉ាងម៉េច ក៏បានបើមិនចៀសមានតែបុក។
ដោយសារតែកត្តាហានិភ័យទាំងនេះហើយ ទើបពួកគាត់ស្នើសុំអាជ្ញាធរក្រុងតាខ្មៅ, ស្នើសុំទៅនគរបាលខាងចរាចរណ៍ និងក្រសួងរ៉ែ និងថាមពល មេត្តាចុះមកពិនិត្យ និងជួយសម្រួលកិច្ចការលំបាកទាំងនេះផង។
អ្វីដែលគួរឲ្យកត់សំគាល់បំផុតនោះ គឺការដឹកខ្សាច់ចេញពីដេប៉ូឈ្មោះ សុង សុភាព ឡានដឹកមិនមានការ «វេចខ្ចប់» ឲ្យស្របតាមសារាចរណ៍ណែនាំរបស់ក្រសួងរ៉ែ និងថាមពលនោះទេ ដែលនេះជាការផ្គើននឹងបទបញ្ជាដែលលោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ដែលធ្លាប់បានព្រមានពីមុនមកថា បើសិនជាដេប៉ូខ្សាច់ណាឃើញមានការបើកឡាន ចេញដោយគ្មានការវេចខ្ចប់ នោះក្រសួងនឹងចុះបិទមួយសប្ដាហ៍ទុកជាការព្រមាន។
ជុំវិញបញ្ហានេះលោក ជា សារិទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាល ប្រាប់មកភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល នៅថ្ងៃទី២៤ ខែកុម្ភៈនេះថា លោកនឹងចាត់ការឲ្យបានម៉ឺងម៉ាត់ បំផុតចំពោះដេប៉ូ ឬ ការដ្ឋានណាដែលហ៊ានល្មើសសារាចរណ៍ណែនាំរបស់ក្រសួង។ លោកថា នឹងចុះទៅបិទដេប៉ូខ្សាច់លោក សុង សុភាព រយៈពេលមួយសប្តាហ៍ ហើយស្អែកនេះ លោកនឹងហៅថៅកែដេប៉ូខ្សាច់នេះទៅមន្ទីរដើម្បីធ្វើការព្រមានផងដែរ៕