(បន្ទាយមានជ័យ)៖ លោក សេង ស៊ីណារិន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានជំរុញឱ្យសិស្សានុសិស្សយកចិត្ត ទុកដាក់ត្រង់ត្រាប់ស្តាប់ និងកត់ត្រាទុកនូវចំណោះដឹង និងបទពិសោធន៍ល្អៗ ដែលវាគ្មិនបានបង្ហាត់បង្ហាញ ដោយកុំបង្កភាពរំខានទៅកាន់អ្នកដ៏ទៃ ដើម្បីក្លាយខ្លួនជា ធនធានមនុស្សប្រកបដោយគុណភាព និងចំណេះដឹង ដើម្បីបន្តរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក សេង ស៊ីណារិន បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាតំណាងរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន ក្នុងបើកកម្មវិធីតម្រង់ទិស ដែលរំលែកបទពិសោធន៍សិក្សាថ្នាក់ឧត្តមសិក្សា ជូនដល់សិក្សានុសិស្សថ្នាក់ត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ស្រុកអូរជ្រៅ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើនអ្នកផងដែរ។
លោក សេង ស៊ីណារិន បានឱ្យដឹងទៀតថា នៅក្នុងឆ្នាំសិក្សាថ្មីនេះរបាយការណ៍ស្រង់បញ្ជីវត្តមានសិស្សនិស្សិតស្រុកអូរជ្រៅដែលកំពុងបន្តការសិក្សា និងរស់នៅ រាជធានីភ្នំពេញ មានចំនួនសរុប១៧៥នាក់ ក្នុងនោះមាននិស្សិតបញ្ចប់ការជោគជ័យថ្នាក់បរិញ្ញាបត្រចំនួន៧៤នាក់ និងបន្តការសិក្សាចន្លោះពីឆ្នាំទី១ ដល់ឆ្នាំទី៨ ចំនួន៩៧នាក់។ ក្នុងនោះកំពុងប្រកបការងារចំនួន ១២១នាក់ (ឯកជនចំនួន១១២ រដ្ឋចំនួន៩នាក់)។
លោក សេង ស៊ីណារិន បានបញ្ជាក់ទៀតថា នេះជាឆ្នាំទី២ហើយដែលតំណាងយុវនិស្សិតស្រុកអូរជ្រៅ ប្រចាំរាជធានីភ្នំពេញ បានរៀបចំនូវវេទិកាតម្រង់ទិស ចែករំលែកបទពិសោធន៍សិក្សាថ្នាក់ឧត្តមសិក្សានេះឡើង ក្នុងគោលបំណងផ្តលបទពិសោធន៍ដល់សិក្សានុសិស្ស ដែលមានបំណងបន្តការសិក្សានូវថ្នាក់ឧត្តមសិក្សា បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ជួយឲ្យសិស្សដែលប្រលងបញ្ចប់មធ្យមសិក្សាទុតិយភូមិជ្រើសរើសជំនាញសិក្សានៅសាលកវិទ្យាល័យ បានត្រឹមត្រូវ។
លោកក៏បានបញ្ជាក់ទៀតថា វេទិកាតម្រង់ទិសនេះនឹងជួយឱ្យនិស្សិតបានជ្រើសរើសជំនាញសិក្សាតាមទេពកោសល្យ នឹងតម្រូវវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត ផ្សព្វផ្សាយអាហាររូបករណ៍ថ្នាក់ឧត្តមសិក្សាពីសាកលវិទ្យាល័យនានាទាំងក្នុងនិងក្រៅប្រទេស ដើម្បីផ្លាស់ប្តូរផ្នត់គំនិតរបស់សិស្សឱ្យមានទំនូលខុសត្រូវខ្ពស់ ចំពោះការសិក្សា បានទទួលបានបទពិសោធន៍ល្អៗពីវាគ្មិនដែលធ្វើបទបង្ហាញ និងយល់ច្បាស់ពីការសិក្សាជំនាញផ្សេងៗ។ លោកថាវេទិកាតម្រង់ទិសចែករំលែក បទពិសោធន៍សិក្សាថ្នាក់ឧត្តមសិក្សានេះ នឹងក្លាយជាចំណែកមួយក្នុងការត្រួសត្រាយផ្លូវឱ្យប្អូនៗ ឈានទៅរកភាពជោគជ័យក្នុងការសិក្សា និងការងារនូវថ្ងៃខាងមុខផងដែរ៕