(ភ្នំពេញ)៖ ដោយផ្អែកលើគោលជំហរតែមួយក្នុងយុទ្ធនាការបៃតង ដែលផ្ដោតទៅលើសុខមាលភាពនៃការរស់នៅជាមួយធម្មជាតិ និងការចាកឆ្ងាយពីការបំពុលទៅលើបរិស្ថាន, ក្រុមហ៊ុន ប៉េង ហួត គ្រុប បានសហការជាមួយក្រុមហ៊ុន ចតុមុខ ផេស សឺវីស រៀបចំកម្មវិធីចែករំលែកចំណេះដឹងថ្មីស្ដីអំពី «វិធីសាស្រ្ដធម្មជាតិនៃការទប់ស្កាត់សត្វល្អិតចង្រៃ»។
កម្មវិធីនេះ បានរៀបចំឡើង នៅទីតាំងសួនកម្សាន្ដ បែបអឺរ៉ុប យួរ៉ូផាក នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីម៉ោង ៩៖០០ព្រឹក ដល់ម៉ោង ១១៖០០ព្រឹក កន្លងទៅថ្មីៗនេះ។
នេះជាផ្នែកមួយនៃការលើកកម្ពស់ និងចូលរួមអភិវឌ្ឍការងារសង្គម ក្រុមហ៊ុន ប៉េង ហួត គ្រុប បានផ្តួចផ្តើមកម្មវិធីនេះឡើង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់កិច្ចការសាធារណៈមួយសម្រាប់សង្គមជាតិ ព្រមទាំងចែករំលែកចំណេះដឹងទូទៅដោយផ្ទាល់ លើកកម្ពស់ និង ការពារ ដល់សុខុមាលភាពដល់សាធារណជន ហើយក៏ជាសារមួយជូនទៅដល់បងប្អូនប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ទៅលើផលប៉ះពាល់ ដែលបណ្ដាលមកពីសត្វល្អិត និងចូលរួមគ្នាទប់ស្កាត់សត្វល្អិតចង្រៃទាំងអស់គ្នា។
នៅក្នុងកម្មវិធីមួយនេះ វាគ្មិនកិត្តិយសដែលមានបទពិសោធន៍ និងជំនាញនៅក្នុង ការទប់ស្កាត់សត្វល្អិតចង្រៃ គឺលោក យៀប សុគន្ធថៃ នាយកប្រតិបត្តិ ក្រុមហ៊ុន ចតុមុខ ផេស សឺវីស ឯ.ក ដែល លោកបានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយអំពី វិធីសាស្រ្ដធម្មជាតិនានា ដែលអាចជួយអ្នកគ្រប់គ្នាឱ្យរួចផុតពីបញ្ហារំខានផ្សេងៗ ដែលបង្ករឡើងដោយសត្វល្អិតចង្រៃ ជាពិសេសលើ បញ្ហាសត្វមូស ដែលប្រជាជនយើង កំពុងជួបប្រឈមមុខជារៀងរាល់ថ្ងៃ។
សូមបញ្ជាក់ថា នេះជាកម្មវិធីលើកដំបូងដែលលើកឡើងអំពីការទប់ស្កាត់សត្វល្អិតចង្រៃ បន្ទាប់ពីការសហការគ្នាក្នុងការគ្រប់គ្រងបញ្ហាមូស នៅក្នុងឆ្នាំ២០១៩កន្លងទៅនេះ៕