(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាសម្រាប់និស្សិតអាហារូបករណ៍ ជីប ម៉ុង ជំនាន់ទី៣ ចំនួន២២រូប បានសិក្សាស្វែងយល់កាន់តែច្បាស់ពីទស្សនវិស័យ ពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង រយៈពេលពីរថ្ងៃនៅរាជធានីភ្នំពេញ និងខេត្តកំពតកាលពីចុងសប្តាហ៍នេះ។
ក្នុងដំណើរទស្សនកិច្ចសិក្សានេះ និស្សិតអាហារូករណ៍ ជីប ម៉ុង ទាំងអស់បានស្វែងយល់ពីពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង រួមមានការអភិវឌ្ឍលំនៅឋានរបស់ក្រុមហ៊ុន ជីប ម៉ុង លែន ការបង្កើតផ្សារទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ការផលិតកម្មក្បឿង និងទុយោរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ និងការផលិតស៊ីម៉ងត៍របស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ផងដែរ។
និស្សិតអាហារូបករណ៍ ជីប ម៉ុង ជំនាន់ទី៣ ឡាយ ជាវិទូ បានបញ្ជាក់ថា «សកម្មភាពដែលខ្ញុំចាប់អារម្មណ៍ជាងគេនោះគឺ ការទស្សនានៅរោងចក្រផលិតស៊ីម៉ងត៍។ ខ្ញុំបានឃើញគ្រឿងចក្រដ៏ធំ ក៏ដូចជាសង្វាក់ផលិតកម្មដ៏ទំនើប។ ខ្ញុំពិតជាមានមោទនភាពណាស់ដែលប្រទេសកម្ពុជាយើងអាចផលិតស៊ីម៉ងត៍បានដោយខ្លួនឯង»។
ស្រដៀងគ្នានេះដែរ និស្សិតអាហារូបករណ៍ផ្នែកស្ថាបត្យកម្ម មេ សុគន្ធឡានីតា យល់ឃើញថា ដំណើរទស្សនកិច្ចសិក្សានេះពិតជាសំខាន់ខ្លាំងណាស់សម្រាប់និស្សិតដែលកំពុងសិស្សាជំនាញស្ថាបត្យកម្ម ពីព្រោះក្រៅពីទស្សនាផ្ទះគំរូ គេក៏បានទៅទស្សនាគ្រឿងបង្គំនៃសំណង់ ដែលជួយជំរុញឲ្យនិស្សិតទាំងអស់នោះចេះដឹងបន្ថែមទាក់ទងនឹងវិស័យមួយនេះ។
ក្រៅពីដំណើរស្វែងយល់ពីពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង និស្សិតអាហារូបករណ៍ ជីប ម៉ុង ក៏ទទួលបានវគ្គបណ្តុះបណ្តាលសមត្ថិភាពផ្សេងៗ ដែលរៀបចំយ៉ាងពិសេសសម្រាប់និស្សិតអាហារូបករណ៍ និងចូលរួមសកម្មភាពសង្គមផ្សេងទៀត ដែលរៀបចំឡើងដោយក្រុមហ៊ុន ជីប ម៉ុង៕