(ត្បូងឃ្មុំ)៖ ទេសរដ្ឋមន្រ្តី គន់ គីម ជំរុញការកែសម្រួលសមាសភាព ពង្រឹងសមត្ថភាព ឆ្លើយតបគ្រោះមហន្តរាយរបស់គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយថ្នាក់ក្រោមជាតិ
នៅសាលាខេត្តត្បូងឃ្មុំ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសមាគមអតីតយុទ្ធជន និងការងារគ្រោះមហន្តរាយរបស់ខេត្តក្រោមធិបតីនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះ មហន្តរាយ (គ.ជ.គ.ម) និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា(ស.អ.ក)។
តាមរបាយការណ៍របស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩កន្លងទៅ ខេត្តទទួលរងគ្រោះទឹកជំនន់ប៉ះពាល់ប្រជាជន ១៩,៩២៧គ្រួសារ ក្នុង ៨៦ លើ៨៧៣ភូមិ និងត្រូវជម្លៀសពលរដ្ឋទៅកាន់ទួលសុវត្ថិភាព ៣,២៥៨គ្រួសារ ផ្លូវ ថ្នល់ សាលារៀន និងវត្តអារាម ជាច្រើនរងការជន់លិច។
ដោយឡែក គ្រោះរាំងស្ងួត បានប៉ះពាល់ស្រូវ និងដំណាំផ្សេងៗ ១០,៧២១ហ.ត សង្គ្រោះឡើងវិញបាន ៩,២៨២ ហ.ត ខ្យល់កន្ត្រាក់ ៤៣លើកខូចផ្ទះ ៥៨៤ខ្នង អគ្គិភ័យ ១២លើកឆេះផ្ទះ៣៤។
ដោយបានការជួយអន្តរាគមន៍ទាំងស្មារតី សម្ភារៈថវិកាពីសម្តេចតេជោ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអំណោយពីកាកបាទក្រហមកម្ពុជា អង្គការជាដៃគូរ និងក្រុមការងារក៏ដូចជាសប្បុរសជន ធ្វើឲ្យខេត្តមានលទ្ធភាពឆ្លើយតប សង្គ្រោះគ្រោះមហន្តរាយបានទាន់ពេលវេលា ព្រមទាំងមើលថែជួយដោះស្រាយសម្រួលជីវភាពបងប្អូនអតីតយុទ្ធជន ដែលជួបការលំបាកបានល្អ។
ក្នុងនាមសម្តេចតេជោ ទេសរដ្ឋមន្រ្តីបានលើកសរសើរចំពោះការខិតខំរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត (គ.គ.ម.ខ) និងសមាគមអតីតយុទ្ធជនខេត្ត (ស.អ.ក) ដែល បានបំពេញមុខនាទីរបស់ខ្លួនបានល្អប្រសើរ ពេលមានហេតុការណ៍កើតឡើងខេត្តម្ចាស់ការចុះទៅដោះស្រាយភ្លាម មិនមាននរណាម្នាក់ត្រូវបោះបង់ចោលទេ សូម្បីតែអតីតយុទ្ធជន ដែលបានទទួលផ្ទះអំណោយរបស់សម្តេច នៅស្វាយជ្រះស្រុកស្នួល ខេត្តក្រចេះ ក៏យើងបែងចែកឲ្យ ស.អ.ក ស្រុកនិមួយតាមទៅមើល ជួយឧបត្ថម្ភបងប្អូនជាប់ជាប្រចាំ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ក៏សូមអរគុណដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការរួមគ្នាដោះស្រាយបានជោគជ័យគ្រប់បញ្ហា។ សម្រាប់ការងារបន្ត ទេសរដ្ឋមន្ត្រី បានជំរុញឲ្យ គណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រោយកែសម្រួលសមាភាពតាអនុក្រឹត្យលេខ១៨៨ ត្រូវធ្វើការពង្រឹងសមត្ថភាព ដើម្បីត្រៀមដោះស្រាយ គ្រោះមហន្តរាយ ដែលកើតមាន ពិសេសគ្រោះរាំងស្ងួតក្នុងរដូវប្រាំងនេះខិតខំកសាង និងធ្វើឲ្យប្រសើរឡើងទីទួលសុវត្ថិភាព។
ចំពោះសមាគមអតីតយុទ្ធជនខេត្ត ត្រូវសហការជាមួយខេត្តក្រចេះ សុំដីអតីតយុទ្ធជននៅអូរពោធិ៍ឃុំក្បាលដំរី ស្រុកសំបូរ ដើម្បីឈូសឆាយសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជន ដែលអត់ដី អត់ផ្ទះ និងបន្តមើលថែបងប្អូនដែលទៅរស់នៅសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ និងបន្តធ្វើបច្ចុប្បន្នភាពរកឲ្យឃើញអ្នកមានដីអត់ផ្ទះ ឬផ្ទះមិនសមរម្យ អ្នកអត់ដីអត់ ផ្ទះ ដើម្បីយើងដោះស្រាយជូនពួកគាត់បន្តទៀត៕