(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ រួមមានបញ្ហាអនុគ្រោះពន្ធ EBA, ពាក់ព័ន្ធមេរោគ Covid-19 នឹងបញ្ហាមួយចំនួនពាក់ព័ន្ធសេដ្ឋកិច្ច។
ក្រៅពីសម្តេចថ្លែងសារពិសេស, សម្តេចបានអនុញ្ញាតឲ្យមានវេទិកាសំណួរ និងចម្លើយជាមួយអ្នកព័ត៌មានផងដែរ។ ការថ្លែងសារពិសេស និងឆ្លើយសំណួរអ្នកសារព័ត៌មានពីសំណាក់សម្តេចតេជោ នៅវិមានសន្តិភាព មានរយៈពេលរហូតដល់ប្រមាណ៥ម៉ោង។
ខាងក្រោមជាសម្រង់ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន បូករួមទាំងការឆ្លើយសំណួររបស់អ្នកសារព័ត៌មាន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាថ្មីៗនេះ ជំងឺរលាកផ្លូវដង្ហើមកូរ៉ូណាថ្មី បានក្លាយជាបញ្ហាប្រឈមដ៏ធំមួយទៀត សម្រាប់ពិភពលោក
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផលប៉ះពាល់ដោយ Covid-19 កើតឡើងលឿន ដែលមិនអាចព្យាករណ៍បាន ដែលទាញទម្លាក់សេដ្ឋកិច្ច
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺ Covid-19 ក៏មានផល់ប៉ះពាល់ដល់ផ្នែកសំខាន់ៗរបស់កម្ពុជា ក្នុងនោះវិស័យ២ប៉ះពាល់ធ្ងន់ជាងគេ គឺទី១ វិ័ស័យទេសចរណ៍ និងទី២ វិស័យកាត់ដេរ ដោយសារខ្វះវត្ថុធាតុដើម
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនឱបដៃមើល រោងចក្រប៉ះពាល់ កម្មករបាត់បង់ការងារ វិស័យមួយចំនួនធ្លាក់ចុះ ដែលធ្វើឱ្យថមថយសេដ្ឋកិច្ចជាតិឡើយ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីជួយដល់វិស័យមួយចំនួន គាំទ្រដល់សេដ្ឋកិច្ច និងសង្គម
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បានដាក់ចេញវិធានការ៣ចំណុច ដើម្បីទប់ទល់ជាមួយការប៉ះពាល់ដោយ ជំងឺ Covid-19
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា Covid-19 មិនបង្កជាផលប៉ះពាល់ហួសហេតុ ដល់សេដ្ឋកិច្ចកម្ពុជានោះទេ អ្វីដែលបង្កហានិភ័យធ្ងន់ធ្ងរដល់សង្គមកម្ពុជា គឺជំងឺភ័យខ្លាច
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មូលដ្ឋានសេដ្ឋកិច្ចកម្ពុជានៅតែមានភាពរឹងមាំ
* សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យវិនិយោគិនជាតិ និងអន្តរជាតិទាំងអស់ មានទំនុកចិត្តលើរាជរដ្ឋាភិបាល ហើយរដ្ឋាភិបាលបានកំពុងចាត់វិធានការជួយដល់វិស័យឯកជន
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលដាក់ចេញនៅពេលនេះ គឺជាកញ្ចប់វិធានការវគ្គទី១ ដើម្បីជួយដល់វិ័ស័យឯកជន និងកម្មករនិយោជិត
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសិនជាមានផលប៉ះពាល់ធ្ងន់ធ្ងរ រាជរដ្ឋាភិបាល នឹងបន្តដាក់ចេញវិធានការបន្តទៀត
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខែកុម្ភៈ ឆ្នាំ២០២០នេះ ភ្ញៀវទេសចរបរទេសមកកម្ពុជាធ្លាក់ចុះ៦០ភាគរយ ហើយភ្ញៀវចិនបានធ្លាក់ចុះរហូតដល់៩០ភាគរយ ដោយសារជំងឺកូរ៉ូណាថ្មី
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានចាក់ចេញវិធានការដើម្បីជួយដល់វិស័យទេសចរ ដោយលើកលែងពន្ធលើផ្ទះសំណាក់ និងសណ្ឋាគារ រយៈពេល៤ខែ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលើកលែងនេះ គឺមានន័យថា រដ្ឋាភិបាលជាអ្នកបង់ពន្ធជំនួសផ្ទះសំណាក់ និងសណ្ឋាគារទាំងនោះ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រសួងពាក់ព័ន្ធ ត្រូវកាត់បន្ថយការចូលរួមកិច្ចប្រជុំក្រៅប្រទេស ហើយបង្កើនការរៀបចំវេទិកានៅក្នុងប្រទេស ជាពិសេសតាមបណ្តាខេត្ត
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ភ្ញៀវទេសចរខ្មែរ ដែលចូលចិត្តធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស ឱ្យវិលមកធ្វើទេសចរក្នុងប្រទេសវិញ ដើម្បីជំរុញដំណើរកម្សាន្តក្នុងស្រុក
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារកុំដំឡើងថ្លៃ និងបន្ធូរតម្លៃខ្លះ ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក ក្នុងដំណាក់កាលកូរ៉ូណា
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អង្គរសង្ក្រាន្តឆ្នាំ២០២០នេះ មិនធ្វើថ្នាក់ជាតិនៅខេត្តសៀមរាបទេ តែអាជ្ញាធរខេត្តត្រូវរៀបចំដោយខ្លួនឯងជាលក្ខណៈមូលដ្ឋាន
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវរក្សាថ្លៃសំបុត្រចូលទស្សនាអង្គរឱ្យនៅដដែល ប៉ុន្តែត្រូវផ្តល់ការពន្យារពេលពិសេសដល់ភ្ញៀវទេសចរ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញវិធានការ៧ចំណុច ដើម្បីជំរុញបង្កើនការធ្វើកម្សាន្តនៅក្នុងស្រុក
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសម្តងទៀតថា មកដល់ពេលនេះ មិនទាន់មានពលរដ្ឋខ្មែរណាម្នាក់ ឆ្លងជំងឺ Covid-19 នោះទេ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកាសរបស់អាមេរិកថា ស្រ្តីជនជាតិខ្លួនអាយុ៨៣ឆ្នាំ មិនមាន Covid-19 គឺផ្តល់ទំនុកចិត្តលើវិស័យទេសចរណ៍នៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យបុរសម្នាក់ដែលទទួលកូនស្រីមកពីរៀននៅប្រទេសចិន ដែលថាគ្មានការត្រួតពិនិត្យនៅព្រលានយន្តហោះ ទៅពិនិត្យមើលព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងឱ្យបានច្បាស់លាស់ឡើងវិញ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋមន្រ្តីក្រសួងសុខាភិបាល មន្រ្តីសុខាភិបាល ដែលបានធ្វើការត្រួតពិនិត្យគ្រប់ច្រកទាំងអស់ ក្រោយមានផ្ទុះកូរ៉ូណា
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាក់ព័ន្ធនឹងផលប៉ះពាល់វិស័យកាត់ដេរ គឺពេលនេះរោងចក្រភាគច្រើននៅប្រទេសចិន មិនទាន់បានដំណើរការ ធ្វើឱ្យកម្ពុជាខ្វះវត្ថុធាតុដើម
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល ដាក់ចេញវិធានការមួយចំនួន ដើម្បីទប់ទល់ផលប៉ះពាល់លើវិស័យកាត់ដេរ ដោយជំងឺ Covid-19 និងការព្យួរ EBA
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រោងចក្រនៅកម្ពុជា ដែលផ្អាកសកម្មភាពមួយរយៈ ត្រូវចេញប្រាក់ខែ៤០ភាគរយ ចំណែករដ្ឋាភិបាលនឹងជួយចេញ២០ភាគរយទៀត ដែលធ្វើឱ្យកម្មករទទួលបានបៀវត្ស៦០ភាគរយ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់កម្មករដែលបាត់បង់ការងារ ឬចង់ប្តូរការងារ ក្រសួងការងារត្រូវជួយបណ្តុះបណ្តាលជំនាញ និងជួយរកការងារធ្វើឱ្យ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មករ ដែលបាត់បង់ការងារធ្វើ ដោយការព្យួររោងចក្រ នឹងទទួលបានប្រាក់ខែ១២០ដុល្លារ រយៈពេល៦ខែ ក្នុងនោះមានការបណ្តុះបណ្តាល៤ខែ ២ខែសម្រាប់ចាយមុនពេលរកការងារធ្វើបាន
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជានឹងមិនមានការសុំ EBA ២០ភាគរយពីសហភាពអឺរ៉ុបទៀតនោះទេ ដោយកម្ពុជាបានត្រៀមស្មារតីចំពោះការបាត់បង់ EBA ២០%នេះរួចហើយ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកទាមទារទាំងឡាយ កុំសង្ឃឹមថា ខ្មោចដែលស្លាប់ហើយរស់ឡើងវិញឱ្យសោះ
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសម្តងទៀតថា កម្ពុជាមិនយកអធិបតេយ្យទៅដោះដូរនឹងជំនួយឡើយ
* សម្តេចតេជោ ហ៊ុន សែន បានព្រមាន លោក មាស នី ដែលចង់ឱ្យកម្ពុជាយកអធិបតេយ្យជាតិ ទៅដូរនឹងជំនួយ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានអ្វីដែលត្រូវយកអធិបតេយ្យទៅដូរជាមួយនឹងលុយ១០០លានដុល្លារ ដែលបាត់បង់ដោយការគិតពន្ធលើទំនិញកម្ពុជា២០%នោះទេ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលចង់ឱ្យកម្ពុជាដូរអធិបតេយ្យ ទៅនឹងជំនួយ បើមិនពេញចិត្តអាចចេញពីកម្ពុជាបាន
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាមិនថយក្រោយក្នុងការកាត់ក្តីលើជនក្បត់ជាតិ ឬអ្នកដែលត្រូវទទួលទណ្ឌកម្មនោះទេ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សិទ្ធិអំណាចរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសិទ្ធិអំណាចមិនចាញ់ អតីតគណបក្សប្រឆាំងក្នុងសភាទេ
* សម្តេចតេជោ ហ៊ុន សែន បានព្រមានបិទការចរចាជាមួយភាគីណាទាំងអស់ ដែលចង់ឱ្យសម្តេចជួយអ្នកដែលតុលាការកំពុងកាត់ក្តី
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល នឹងលើកលែងពន្ធប្រដាប់ត្រាលើលំនៅដ្ឋាន តម្លៃក្រោម៧ម៉ឺនដុល្លារ រយៈពេល១ឆ្នាំ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលដាក់ចេញវិធានការមួយចំនួនដើម្បីជួយសហគ្រាសធនតូច និងមធ្យម នៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលនឹងដាក់ចេញវិធានការមួយចំនួនទៀត តាមស្ថានភាពជាក់ស្តែង
* សម្តេចតេជោ ហ៊ុន សែន អញ្ជើញសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ចូលរួមជាមួយវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន ខាងមុខនេះ
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការព្យួរ EBA ២០ភាគរយនេះ មិនមែនកម្ពុជាបាត់ចំណូល២០ភាគរយទេ គឺអឺរ៉ុបគិតពន្ធលើទំនិញកម្ពុជា ប្រមាណ២០ភាគរយ ក្នុងចំណោមទំនិញទាំងអស់ដែលនាំទៅកាន់អឺរ់ុប ដូច្នេះកុំឱ្យមានការយល់ច្រឡំ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វត្តមាន ហ៊ុន សែន នៅពេលនេះគឺ ហ៊ុន សែន ពិតមិនមែនក្លែងក្លាយទេ
* សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយចំពោះម៉ាឡេស៊ី ដែលប្រកាសចេញមកថា ស្រ្តីជនជាតិអាមេរិក ដែលធ្វើដំណើរតាមនាវា Westerdam ហើយចេញពីកម្ពុជាមានជំងឺកូរ៉ូណា
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ម៉ាឡេស៊ី ត្រូវទទួលខុសត្រូវចំពោះវិបត្តិមនុស្សធម៌ និងកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លទ្ធភាពប្រែប្រួលសម្ព័ន្ធភាពរវាងកម្ពុជា និងម៉ាឡេស៊ី អាចនឹងមកដល់នៅថ្ងៃនេះ ឬថ្ងៃស្អែក
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការព្យាបាលដ៏ឆាប់រហ័សរបស់ម៉ាឡេស៊ី លើអ្នកជំងឺកូរ៉ូណា ជាអភូតហេតុដ៏កម្រមាន
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រមុខការទូតកម្ពុជា គួរកោះហៅអគ្គរដ្ឋទូតម៉ាឡេស៊ី ដើម្បីទៅបំភ្លឺរឿងស្រ្តីជនជាតិអាមេរិកាំងដែលចេញពីកម្ពុជា មានជំងឺកូរ៉ូណា ហើយជាសះស្បើយវិញ
* សម្តេចតេជោ ហ៊ុន សែន ទម្លាយរឿងប្រទេសមួយចំនួនបិទជើងយន្តហោះមិនឱ្យអ្នកដំណើរ Westerdam ចូល ដោយសារតែការប្រកាសរបស់ម៉ាឡេស៊ី
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទោះជាមិនទាន់មានកូរ៉ូណាថ្មីទៀត ក៏កម្ពុជានៅតែរក្សាវិធានការចំពោះការរីករាលដាល និងឆ្លងជំងឺកូរ៉ូណាដដែល តែសុំកុំឱ្យមានជំងឺភ័យខ្លាច
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាកចេញពីរបស់អង់គ្លេស ធ្វើឱ្យមានការវិភាគថា ជាចំណុចចាប់ផ្តើម នៃការដួលរលំរបស់សហភាពអឹរ៉ុប ខណៈដែលអង់គ្លេសជាសហស្ថាបនិក
* សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ បើអង់គ្លេសចង់មានពាណិជ្ជកម្មសេរីជាមួយកម្ពុជា និងចង់ឱ្យអង់គ្លេសក្លាយជាដៃគូយុទ្ធសាស្រ្តរបស់អាស៊ានផងដែរ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅអាស៊ានមានប្រទសជាងពាក់កណ្តាល កំពុងមានបញ្ហាជាមួយអឺរ៉ុប
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប៉ះពាល់ជាមួយកម្ពុជា ក៏ដូចជាធ្វើឱ្យប៉ះពាល់ជាមួយអាស៊ាន ប៉ះពាល់សមាជិកណាម្នាក់របស់អាស៊ាន គឺស្មើនឹងប៉ះពាល់ជាមួយអាស៊ានទាំងមូល
* ប្រតិកម្មនឹងការចុះផ្សាយរបស់ BBC សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ឡើងវិញថា ការអនុញ្ញាតឱ្យនាវា Westerdam ចូលចត គឺជាទឹកចិត្តមនុស្សធម៌សុទ្ធសាធ
* សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីការស្នើសុំ៣ចំណុច ពេលជួបជាមួយប្រធានាធិបតី ស៊ី ជិនពីង កន្លងទៅ ដើម្បីរក្សាកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការវិភាគរបស់ លោក មាស នី ប្រៀបដូចជាលោកមិនមែនខ្មែរ ហើយដូចជាអាយ៉ងបរទេស
* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបណ្ឌិត មាស នី រៀនឱ្យបានដូចកូនប្រុសរបស់សម្តេច
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា អ្នកចង់បាតុកម្មប្រឆាំងសម្តេចនៅអាមេរិក ខែមីនា ខាងមុខនេះ ក៏ត្រៀមឱ្យហើយទៅ ឯអ្នកគាំទ្រក៏ត្រៀមខ្លួនឱ្យហើយដែរ
* សម្តេចតេជោ ហ៊ុន សែន សម្តែងការកោតសរសើរចំពោះរដ្ឋាភិបាល គណបក្សកុម្មនីស្តចិន និងប្រជាជនចិន ចំពោះការខិតខំព្យាយាមដោះស្រាយបញ្ហាដ៏លំបាកបំផុត ដែលមានការផ្ទុះជំងឺកូរ៉ូណា
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បញ្ហាកូរ៉ូណាថ្មី មិនធ្វើឱ្យផ្លាស់ប្តូរនូវសេដ្ឋកិច្ចចិន ឬផ្លាស់ប្តូរគោលនយោបាយខ្សែក្រវ៉ាត់និងផ្លូវទេ។ សម្រាប់ប្រទេសចិន ប្រៀបដូចអេះរមាស់
* សម្តេចតេជោ ហ៊ុន សែន ប្រាប់ឱ្យបញ្ឈប់និយាយរឿងបិទជើងយន្តហោះ ព្រោះបើបិទទាំងអស់ នឹងធ្វើឱ្យកម្ពុជាឯកោ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ តាមការគ្រោងទុក កម្ពុជានឹងបាត់ EBA ទាំងស្រុងនៅឆ្នាំ២០២៥ តែសំណាងដែរនៅកម្ពុជាត្រូវបានគេកាត់ត្រឹម២០% ដែលខុសគ្នាទៅនឹងប្រទេសបេឡារុស ស្រីលង្កា ដែលដកកាត់រហូតដល់១០០%
* សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ានដទៃទៀត នឹងមានជំនួបទ្វេភាគីជាមួយប្រធានាធិបតី ដូណាល់ ត្រាំ នៅកំឡុងពេលទៅចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិក នៅលើទឹកដីសហរដ្ឋអាមេរិក
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបាត់បង់ ២០ភាគរយនេះ មិនធ្វើឱ្យកម្ពុជាបាត់បង់ទីផ្សារនៅអឺរ៉ុបទេ ដោយសារតទំនិញ៨០ភាគរយទៀត នៅតែបន្តនាំទៅកាន់អឺរ៉ុប ដោយមិនគិតពន្ធ
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា អ្នកនយោបាយដែលកំពុងកាត់ទោសនៅតុលាការ បើកាត់ទោសហើយត្រូវតែចាប់ញាត់គុក
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រឿងរំលាយគណបក្សសង្រ្គោះជាតិ ដែលក្បត់ជាតិ នឹងមិនត្រូវចរចាឡើងវិញដើម្បីឱ្យបើកដំណើរការវិញទេ
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាបានត្រៀមខ្លួន មិនមែនសម្រាប់ត្រឹមតែការការព្យួរ EBA ២០%នោះទេ គឺត្រៀមខ្លួនសម្រាប់ការព្យួររហូតដល់១០០%ឯណោះ
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការធ្វើសន្និសីទនៅវេលាម៉ោងប្រមាណ១រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០៕