(ភ្នំពេញ)៖ តាមរយៈគណបក្សខ្មែរតែមួយរបស់ លោក កែម រិទ្ធិសិត ប្អូនប្រុសរបស់ លោក កែម ឡី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ស៊ុន បណ្តូល ដែលមានបញ្ហាទំនាស់ដីធ្លីជាមួយឧកញ៉ា លឹម ទាឡេង បានសរសេរលិខិតមួយថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តល់យុត្តិធម៌ដល់ខ្លួន ក្នុងទំនាស់ដីធ្លីជាមួយឧកញ៉ា លឹម ទាឡេង។
លោក ស៊ុន បណ្តូល ក៏បានថ្លែងអំណរគុណចំពោះ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចផងដែរ ដែលបានដឹកនាំក្រុមការងារដោយផ្ទាល់ដើម្បីសិក្សាអង្កេតបន្ថែមលើសំណុំរឿងលោក ស៊ុន បណ្តូល នៅខេត្តបន្ទាយមានជ័យ។
បើតាមការប្រកាសរបស់គណបក្សខ្មែរតែមួយ លោក ស៊ុន បណ្តូល បានដាក់ពាក្យបណ្តឹងអន្តរាគមន៍ចូលមកប្រតិភូគណបក្សខ្មែរតែមួយ ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។ ក្រុមការងារប្រតិភូគណបក្សខ្មែរតែមួយបានចុះសិក្សាអង្កេតរកតម្រុយ និងប្រមូលពត៌មានពិត នៅភូមិទួលពង្រសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៤-១៥-១៦ ខែសីហា ឆ្នាំ២០១៩។
កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ប្រតិភូគណបក្សបានទទួលសេចក្តីជូនដំណឹង លេខ ១៩០០ ចុះថ្ងៃទី២៤ ខែឆ្នូ ឆ្នាំ២០១៩ ដោយទីស្តីការគណៈរដ្ឋមន្រ្តី និងលិខិតបេសកកម្មរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ចុះហត្ថលេខាដោយបណ្ឌិត ហួត ហាក់។
កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានដឹកនាំក្រុមការងារដោយផ្ទាល់ដើម្បីសិក្សាអង្កេតបន្ថែមលើសំណុំរឿងលោក ស៊ុន បណ្តូល នៅខេត្តបន្ទាយមានជ័យ ហើយកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ គឺលោក ស៊ុន បណ្តូល បានយុត្តិធម៌១០០% លើករណីវិវាទដីធ្លី ដោយឧកញ៉ា លឹម ទាឡេង បានយល់ព្រមបញ្ចប់វិវាទដីធ្លី និងបានសងជាសំណងទៅលោក ស៊ុន បណ្តូល ជាស្ថាពរ៕