(ស្វាយរៀង)៖ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅស្រុកកំពង់រោទិ៍ បានឱ្យដឹងថា ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានករណីភ្លើងឆេះជញ្ជ្រាំងស្រែ ចំនួន៣ឃុំ គឺឃុំសំឡី ឃុំខ្សែត្រ និងឃុំស្វាយតាយាន ស្ថិតក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងអស់ ប្រមាណ៦០ហិកតា បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចូលរួមជួយពន្លត់ឱ្យរលត់ទាំងស្រុង នៅម៉ោងប្រមាណ៤រសៀលនេះ។
ប្រជាពលរដ្ឋបានបន្តថា ករណីភ្លើងឆេះជញ្ជ្រាំងស្រែនេះផ្តើមចេញពីភូមិព្រៃប្រឹស ឃុំស្វាយតាយាន សង្ស័យមានគេដុតជញ្ជ្រាំង ហើយបានរាលដាលដល់ភូមិ ឃុំដដៃទៀតបង្កជាអណ្តាតភ្លើង និងផ្សែងខ្មៅខ្មួរខ្មាញ់ពេញវាលស្រែ ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍កាច់មែកឈើជួយពន្លត់ កុំឱ្យរាដាលដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។
ប្រភពបានបន្តថា ភ្លើងបានឆេះជញ្ជ្រាំងស្រែ នៅសល់ប្រមាណតែប្រមាណពី២០០ម៉ែត្រ ទៅ៣០០ម៉ែត្រទៀតប៉ុណ្ណោះនិងឆេះដល់ផ្ទះពលរដ្ឋបើពុំមានការជួយពន្លត់ពីពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាននោះទេ។
អាជ្ញាធរស្រុកកំពង់រោទិ៍ បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅរដូវប្រាំងនេះព្រោះងាយ និងឆាបឆេះខណៈដែលយើងមានការធ្វេសប្រហែសជាពិសេសកុំដុតជញ្ជ្រាំងស្រែ និងព្រៃ និងត្រូវពន្លត់ភ្លើងចង្ក្រាន្ត ឱ្យបានត្រឹមត្រវមុនចេញពីផ្ទះចៀសវាងបង្កឱ្យមានភ្លើងផ្ទះដែលកើតឡើងជាយថាហេតុផងដែរ។
សូមបញ្ជាក់ថានៅហេតុការណ៍ភ្លើងឆេះជញ្ជ្រាំងស្រែនៅក្នុងស្រុកកំពង់រោទិ៍នេះ មិនបណ្តាលឱ្យឆេះផ្ទះពលរដ្ឋ និងរងរបួសមនុស្សនោះទេដោយមានកម្លាំងសមត្ថិកច្ច ឃុំ ស្រុកចូលរួមពន្លត់យ៉ាងសស្រាក់សស្រាំទើបធ្វើឱ្យភ្លើងរលត់ទាំងស្រុង៕