(កណ្ដាល)៖ អនុវត្តន៍នូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថបង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសអនុសាសន៍ដឹកនាំ ព្រមទាំងការយកចិត្តទុកដាក់ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ៅ ភិរុណ អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពខេត្តកណ្តាល ដែលលោកតែងតែយកចិត្តទុកដាក់ តាស់តឿនក្រើនរំលឹកដល់ មេបញ្ជាការគ្រប់កងឯកភាព ពង្រឹងការយកចិត្តទុកដាក់ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទពិសេសបទល្មើសគ្រឿងញៀន បទល្មើសលួចឆក់ ប្លន់ ឃាតកម្មជាដើម។
ជាក់ស្តែងនៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ វណ្ណនី ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរកសិករ រស់នៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល បានដាក់ពាក្យបណ្តឹងមកកងរាជអាវុធហត្ថស្រុកល្វាឯម ខេត្តកណ្តាល ប្តឹងពីម្ចាស់ Facebook ឈ្មោះ Michael Johnson ដែលក្រោយពីមានទំនាក់ទំនង ជាមួយខ្លួនតាម Facebook អស់រយៈពេលពីរខែគឺ ឈ្មោះ Michael Johnson ធ្វើការលោងលោមបោកប្រាស់ខ្លួន តាមរយៈ Messenger ក្រោមរូបភាពដើរតួជា ជនជាតិអង់គ្លេស ធ្វើជាមានចិត្តអាណិតអាសូរជនរងគ្រោះដោយឃើញ និងដឹងថាជនរងគ្រោះ មានជីវភាពខ្សត់ខ្សោយ ខ្វះជំរកស្នាក់នៅសមរម្យ ដូចនេះគេនឹងផ្ញើប្រាក់ គ្រឿងអលង្កា សម្ភារៈ ដើម្បីសង់ផ្ទះ និងផ្គត់ផ្គង់ជីវភាពគ្រួសារឲ្យប្រសើរឡើង។
លុះនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ម្ចាស់អាខោនឈ្មោះ Michael Johnson បានទាក់ទងមកខ្លួនតាមរយៈ Messenger ឲ្យផ្ញើលុយជាបន្តបន្ទាប់នៅក្នុងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ គិតជាទឹកប្រាក់សរុបអស់ចំនួន៨,៤៥០ដុល្លារសហរដ្ឋអាមេរិក។
ក្រោយទទួលបានពាក្យបណ្តឹង និងការបំភ្លឺដូចខាងលើរួច លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជាផ្ទាល់ដល់ កម្លាំងជំនាញខេត្ត ឲ្យចុះធ្វើការស្រាវជ្រាវ ស្វែងរកជនសង្ស័យដើម្បីចាត់ការតាមផ្លូវច្បាប់។
តាមរយៈការសហការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ទាំងថ្ងៃទាំងយប់មិនខ្លាចនឿយហត់ប្រកបដោយបទពិសោធន៍ ឆន្ទៈក្រោមការចុះដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៍ឯក ទូច អ៉ីណាន និងការយកចិត្តទុកដាក់របស់ជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខេត្តកណ្តាល និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកំណត់មុខសញ្ញាជនសង្ស័យឈ្មោះ រ៉ុម សុខលាង ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលជាអ្នកដើរតួជាអ្នកធ្វើការប្រៃសណីយ៍ និងជាអ្នកទៅដកប្រាក់ ដែលជនរងគ្រោះវេរប្រាក់តាម Wing។
រហូតដល់នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះវីងវេរលុយ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាល បានសហការជាមួយកម្លាំងជំនាញស្នងការយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះប្រតិបត្តិការ បង្រ្កាបជាក់ស្តែងចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រ៉ុម សុលាង ស្នាក់នៅផ្ទះជួលស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលពាក់ព័ន្ធករណីឆបោក (ប្រាក់តាមវីង) កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចស្ថិតក្នុងបឹងគ្រំក្រោម ឃុំបឹងគ្រំ ស្រុកល្វាឯម ដែលមានជនរងគ្រោះម្នាក់ឈ្មោះ វណ្ណនី ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរកសិករ មានទីលំនៅស្រុកល្វាឯម ខេត្តកណ្តាល។
ដកហូតវត្ថុតាងរួមមាន ម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1IC-7298, ទូរស័ព្ទ០៤គ្រឿង, ក្រដាស់ដកលុយវីង០១សន្លឹក (ដកមិនបានសម្រេច)។ ក្រោយពេលឃាត់ខ្លួន ជនសង្ស័យបាននាំមកអង្គភាពកងរាជអាវុធហត្ថខេត្តកណ្តាល ដើម្បីសាកសួរបន្តនីតិវិធីតាមច្បាប់។
លុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងជំនាញរបស់កងរាជអាវុធហត្ថ ក្រោមការដឹកនាំសម្របសម្រួលពីតំណាងអយ្យការ បានចុះប្រតិបត្តិការបង្រ្កាបជាក់ស្តែង ចាប់ឃាត់ខ្លួនជនសង្ស័យ០៣នាក់បន្ថែមទៀត ទី១ ៖ឈ្មោះ EMMANUEL SUNJAY អាយុ៣១ឆ្នាំ ជនជាតិនីហ្សេរីយ៉ា, ទី២៖ឈ្មោះ GABRIEL PHILEP អាយុ២១ឆ្នាំ ជនជាតិនីហ្សេរីយ៉ា និងទី៣៖ឈ្មោះ លីធី ង្វឿងថាវ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម។
ជនទាំង០៣នាក់ស្នាក់នៅជាមួយគ្នា ផ្ទះជួលក្នុងបុរី «លឹម ឈាងហាក់» ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ក្នុងនោះសមត្ថកិច្ច ចាប់យកវត្ថុតាងរួមមាន លេបថប០៣គ្រឿង, ទូរស័ព្ទ០៩គ្រឿង, ដុំសម្រាប់ប្រើអ៉ីនធើណេត០២ដុំ, ស៊ីមកាតមួយចំនួនធំ និងសម្ភារមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ចាត់ការតាមច្បាប់។ ដោយឡែកជនបរទេស០៣នាក់ និងវត្ថុតាង គឺកងរាជអាវុធហត្ថខេត្តកណ្តាល សហការគ្នាជាមួយ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្រាវជ្រាវរកឃើញថា មកស្នាក់នៅក្នុងកម្ពុជា ដោយខុសច្បាប់ និងមានបទល្មើសផ្សេងទៀត ដោយមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ជនសង្ស័យជាជនបរទេស ទាំង០៣នាក់ និងវត្ថុតាង កងរាជអាវុធហត្ថខេត្តកណ្តាល បានប្រគល់ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តនីតិវិធីតាមច្បាប់។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល ក៏បានផ្ដាំផ្ញើ និងអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះបច្ចុប្បន្នជនល្មើសមានល្បិចច្រើន ដើម្បីលួងលោមបោកប្រាស់ ជាក់ស្ដែងដូចរូបភាពក្នុងករណីនេះជាដើម៕
ខ