(ភ្នំពេញ)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាពសម្ពោធឆ្លងព្រះវិហារថ្មី ព្រះមហាចេតិយបុរាណ វត្តភ្នៀតសិម្ពលី ស្ថិតនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដែលចំណាយថវិកា សម្រាប់សាងសង់អស់ថវិកាជាង៤១ម៉ឺនដុល្លារ។
ក្នុងពិធីសម្ពោធសមិទ្ធផលព្រះពុទ្ធសាសនានេះដែរ ក៏មានការនិមន្តពីសំណាក់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះសុមាធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក ក្នុងពិធីស្រង់ព្រះគន្ធវារីប្រគេន ប្រគេន ព្រះសិរីកោសល សុំ សុខា ព្រះចៅអធិការ វត្តភ្នៀតសិម្ពលី ឡើងទីជាព្រះវិន័យធរគណៈរាជធានីភ្នំពេញ និងជាព្រះគ្រូសង្ឃសរណវេទី ព្រះអនុគណៈខណ្ឌកំបូល។
ពិធីនេះ បានធ្វើឡើងនៅវត្តភ្នៀតសិម្ពលី ក្នុងខណ្ឌកំបូល ដោយមានការនិមន្តពីសំណាក់សម្តេចព្រះពោធិវង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន, សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា, សម្តេចឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា, ព្រមទាំងមានការចូលរួមពីប្រធានមន្ទីរ អនុប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធនានានៅក្នុង ខណ្ឌ ព្រមទាំងពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករផងដែរ។
ការកសាងនូវគ្រប់សមទ្ធិផលនានា គឺជាគុណប្រយោជន៍ សម្រាប់ព្រះពុទ្ធសាសនា ហើយក៍ជាការបង្ហាញ ពីភាពសាមគ្គីធម៌ ប្រមូលផ្តុំ នូវកម្លាំងសទ្ធាដ៏ធំធេងរបស់ពុទ្ធបរិស័ទ ក្នុងការអភិវឌ្ឃន៍វិស័យព្រះពុទ្ធសាសនា និងការរួមចំណែកដល់សង្គមជាតិ៕