(ស្វាយរៀង)៖ ពានរង្វាន់ស្វាយរៀងខាប់ លើកទី៥ រដូវកាលឆ្នាំ២០២០ បានបិទបញ្ចប់ការប្រកួតសប្តាហ៍ទី៣ មាន១០ប្រកួត ដែលបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃកន្លងទៅ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។
*ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០៖ អធិរាជថ្មស 5-3 គ្រូវិទ្យាល័យ ហ៊ុន សែន ប្រសូត
*ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០៖ ស្រមោចក្រហម 1-8 MST FC និង STARS MAN 0-7 លីង គួយ FC
*ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០៖ បក្សី ស្វាយរៀង 2-6 យុវជនពោធិ៍ថ្មី, ALL MAN FC 2-8 យុវជនសង្កាត់ស្វាយតឿ និងយុវជនភូមិព្រៃធ្លក 5-14 Thanks AI Cambodia
*ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០៖ ស.ស.យ.ក ឃុំរមាំងថ្កោល 4-4 គ្រូវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ, ស.ស.យ.ក ស្រុករមាសហែក 4-0 រមាសក្រហម, ស.ស.យ.ក ស្រុកចន្ទ្រា 2-2 ស.ស.យ.ក ក្រុងស្វាយរៀង និងកាំភ្លើងធំស្កាយ 12-1 ស.ស.យ.ក សង្កាត់ចេក។
ការប្រកួតពានរង្វាន់ស្វាយរៀងខាប់ រដូវកាលនេះ មានការចូលរួមចំនួន៥១ក្រុម មានចំនួន១០៧ប្រកួត ចាប់ផ្តើមដំណើរការ រយៈពេល០៤ខែ ចាប់ពីខែមករា រហូតដល់ខែឧសភា ឆ្នាំ២០២០ ដោយមានក្រុមកីឡា មកពីបណ្តាស្រុក-ក្រុងទាំង០៨ ទូទាំងខេត្តស្វាយរៀង។ ក្នុងនោះមានកីឡាករ និងមន្ត្រីចូលរួមសរុប ប្រមាណ១,៥០០នាក់។
ការប្រកួតនឹងធ្វើឡើងនៅទីលានចំនួន០២ គឺទីលានវិទ្យាល័យស្វាយរៀង សម្រាប់វគ្គជំរុះក្នុងពូល និងទីលានកីឡដ្ឋាន ខេត្តស្វាររៀង នឹងធ្វើការប្រកួតវគ្គសំខាន់ៗ។ លក្ខខណ្ឌចូលរួមក្រុមកីឡាទាំងអស់ ត្រូវមានកីឡាករសញ្ជាតិខ្មែរ មានពីអាយុចាប់ពី១៦ឆ្នាំឡើងទៅ មួយក្រុមមានសមាជិក ច្រើនបំផុតចំនួន២៣នាក់ និងយ៉ាងតិចបំផុត១៧នាក់ ហើយក្នុងមួយក្រុមអាចនាំយកកីឡាករក្រៅខេត្ត ចំនួន៣នាក់ និង២០នាក់ទៀត ជាអ្នករស់នៅ ក្នុងខេត្តស្វាយរៀង ឬមានទីកន្លែងកំណើតនៅក្នុងខេត្តស្វាយរៀង។
រូបមន្ត នៃការប្រកួតរបស់ក្រុមទាំង៥១ ត្រូវបានបែងចែកចេញជា១៣ពូល ដោយក្នុង១ពូលមានចំនួន៤ក្រុម សម្រាប់ពូលទី១៣មានចំនួនតែ៣ក្រុមប៉ុណ្ណោះ ហើយត្រូវធ្វើការប្រកួតវិលជុំក្នុងពូល ដើម្បីយកក្រុមចំណាក់ថ្នាក់លេខ១ និងលេខ២ ឡើងទៅវគ្គ៣២ក្រុមបន្ត។ ដោយឡែកក្រុមលេខរៀងទី៣ ល្អជាងគេក្នុងពូល ចំនួន៦ក្រុមក៏មានឱកាសឡើងទៅវគ្គបន្តផងដែរ។ ចំពោះវគ្គ៣២ក្រុម ១៦ក្រុម ៨ក្រុម ៤ក្រុមចុងក្រោយ នឹងត្រូវធ្វើការចាប់ឆ្នោតដើម្បីជួបប្រកួតគ្នា។
សូមជម្រាបថា ពានរង្វាន់ស្វាយរៀងខាប់ ត្រូវបានបង្កើតឡើងបាន៥រដូវកាល ចាបពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ដោយមានការផ្តួចផ្តើមពីសំណាក់ លោក ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។ ការរៀបចំពានរង្វាន់ស្វាយរៀងខាប់ នេះឡើង ក្នុងគោលបំណងបង្កើតអោយមានសកម្មភាពកីឡា ដើម្បីជាប្រយោជន៍ដល់យុវជន មហាជន ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត មានឱកាសចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជាសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ៕