(ភ្នំពេញ)៖ រឿងរ៉ាវនៃនាវាទេសចរអាមេរិក Westerdam បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញពិភពលោក ដោយសារតែការភ័យខ្លាចឆ្លងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា (Covid-19) ដែលបានសម្លាប់ពលរដ្ឋចិនជាង២ពាន់នាក់ និងជិត៨ម៉ឺននាក់ទៀតបានឆ្លង។ នៅពេលដែលពិភពលោកមានការបារម្ភ និងភ័យខ្លាច ជាពិសេសប្រទេសចិន ដែលកំពុងតែប្រឈមដ៏ធ្ងន់ធ្ងរ ប្រទេសកម្ពុជាក៏បានដាក់ខ្លួនចូលទៅក្នុងសាច់រឿងដ៏រន្ធត់មួយនេះដែរ តែជាការចូលសង្គ្រោះអ្នកដំណើរលើនាវា Westerdam ដែលកំពុងស្ថិតក្នុងស្ថានភាពមួយដែលគេស្ទើរប្រៀបធៀបទៅនឹងរឿងភាពយន្តសោកនាដកម្មរបស់កប៉ាល់យក្ស ថាយថេនិច (Titanic) ដែលបានកើតឡើងនៅឆ្នាំ១៩១២ នៅពេលដែលកប៉ាល់មួយនេះបានបើកបុកផ្ទាំងទឹកកកនៅលើ មហាសមុទ្រអាត្លង់ទិកខាងជើង ហើយត្រូវបានផលិតជាភាពយន្តនៅឆ្នាំ១៩៩៧។ ចង់ដឹងថាតើដំណើរដើមទងនៃរឿងរ៉ាវជំងឺខូវីដ១៩ លងនាវាទេសចរចូលមកកម្ពុជានេះចេញមកពីណា? ទៅណា? និងកើតឡើងយ៉ាងដូចម្តេច? សូមតាមដានដូចតទៅ៖
* សៀវភៅទោះទាយស្រដៀងនឹងជំងឺ Covid-19 ត្រូវបានបោះពុម្ពកាលពី៣៩ឆ្នាំមុន៖
សៀវភៅមួយក្បាលដែលត្រូវបានគេបោះពុម្ពក្នុងឆ្នាំ១៩៨១ ត្រូវបានអ្នកស្រាវជ្រាវនិងអ្នកតាមដានព័ត៌មាននិងជាពិសេសបណ្តាញសង្គមហ្វេសប៊ុក យកមកចុះផ្សាយព្រោងព្រាត ។ សៀវភៅឈ្មោះ “កែវភ្នែកនៃភាពងងឹត” (The Eyes of Darkness) បានសរសេរអំពីមន្ទីរពិសោធន៍បែបអាវុធជីវសាស្ត្រមួយ ហើយបានរៀបរាប់រហូតដល់ឈ្មោះ វូហាន៤០០ (Wuhan-400) ដែលជាការនាំទៅដល់ការសន្និដ្ឋានពាក់ព័ន្ធនឹងជំងឺ Covid-19 ដែលចេញមកពីទីក្រុងវូហាន ប្រទេសចិន កាលពីពេលថ្មីៗនេះ។
អ្នកនិពន្ធជនជាតិអាមេរិកឈ្មោះ Dean Koontz បានសរសេរអំពីម្តាយម្នាក់ឈ្មោះ គ្រីស្ទីណា អ៊ីវ៉ាន ដែលធ្វើដំណើរដើម្បីស្វែងរកកូនប្រុសរបស់គាត់ឈ្មោះ ដានី ដែលបានបាត់ខ្លួនក្នុងអំឡុងពេលធ្វើដំណើរទៅបោះជំរំមួយកន្លែង។ បន្ទាប់មកនាងគិតស្មានថា កូនប្រុសគាត់អាចនឹងទៅកាន់ទីតាំងយោធាមួយកន្លែង ដែលត្រូវបានបង្ឃាំងទុកបន្ទាប់ពីគាត់បានឆ្លងមេរោគម្យ៉ាងដែលបង្កើតដោយមនុស្សនៅឯមជ្ឈមណ្ឌលស្រាវជ្រាវជីវសាស្រ្តមួយ។
វគ្គមួយនៃសៀវភៅបានសរសេរពីការសន្ទនារវាង គ្រីស្ទីណា និងបុរសម្នាក់នៅមន្ទីរពិសោធន៍យោធាចិនដែលកូនប្រុសរបស់នាងត្រូវបានគេរក្សាទុកនៅទីនោះ៖ គ្រីស្ទីណាបាននិយាយថា «ខ្ញុំមិនចាប់អារម្មណ៍នឹងទស្សនវិជ្ជា ឬសីលធម៌នៃសង្គ្រាមជីវសាស្ត្រទេ»។
ឥឡូវនេះខ្ញុំគ្រាន់តែចង់ដឹងថា តើកូនប្រុសដានីរបស់ខ្ញុំមកកាន់ទីនេះបានយ៉ាងដូចម្តេច?។ លោកម្នាក់ឈ្មោះ Dombey បាននិយាយថា «ដើម្បីយល់ពីបញ្ហានេះ អ្នកត្រូវត្រឡប់ទៅ២០ខែមុនសិន»។ នៅជុំវិញនោះ អ្នកវិទ្យាសាស្ត្រចិនម្នាក់ឈ្មោះ Li Chen បានរត់ភៀសខ្លួនទៅកាន់សហរដ្ឋអាមេរិក ដោយនាំយកកំណត់ត្រាក្បួនបំបែកអាវុធជីវសាស្ត្រថ្មីដ៏សំខាន់ និងគ្រោះថ្នាក់បំផុតរបស់ប្រទេសចិនកាលពីមួយទសវត្សរ៍មុនទៅជាមួយផង។
ពួកគេហៅឯកសារទាំងនោះថា «វូហាន៤០០» ព្រោះវាត្រូវបានគេបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍ RDNA របស់ពួកគេដែលស្ថិតនៅខាងក្រៅទីក្រុងវូហាន ហើយវាជាប្រភេទមេរោគមីក្រូជីវាណូ ដែលផលិតដោយមនុស្សនៅមជ្ឈមណ្ឌលស្រាវជ្រាវសំងាត់នេះ» ។ (សម្រាប់ខ្លឹមសារលំអិត សូមអានសៀវភៅ «The Eyes of Darkness»។
* អាមេរិកបោយដៃមកកម្ពុជា៖
នារាត្រីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Patrick Murphy បានស្នើមករដ្ឋមន្រ្តីសាធារណការ លោក ស៊ុន ចាន់ថុល ដើម្បីសុំអន្តរាគមន៍ពីកម្ពុជាឲ្យទទួលយកកប៉ាល់ Westerdam ដើម្បីចូលចតនៅក្នុងកំពង់ផែរបស់កម្ពុជា បន្ទាប់ពីប្រទេសនិងកោះ ចំនួន៥ បានបដិសេធមិនអនុញ្ញាត ឲ្យនាវានោះចូលចតនៅកំពង់ផែរបស់ខ្លួនដោយសារតែក្តីបារម្ភ និងខ្លាចឆ្លងជំងឺ (Covid-19)។ ប្រទេសនិងកោះទាំង៦នោះរួមមាន៖ ជប៉ុន កោះតៃវ៉ាន់ ហ្វីលីពីន កោះ ហ្គាម កូរ៉េខាងត្បូង និងប្រទេសថៃ។ ក្រោយពីទទួលបានព័ត៌មានសម្តេចតេជោ ហ៊ុន សែន ក៏ផ្តល់ភ្លើងខៀវភ្លាមៗ អនុញ្ញាតឲ្យចូលដោយហេតុផលមនុស្សធម៌ជាចំបង។ ពេលនោះហើយដែលធ្វើឲ្យកម្ពុជាធ្លាក់ចូលទៅនឹងសាច់រឿងដែលកំពុងតែជ្រួលច្របល់ ដោយអ្នកទេសចរ និងក្រុមនាវិកជាង២ពាន់នាក់នៅលើនាវាយក្សនោះ។
* តើកប៉ាល់នេះមកពីណាទៅណា?
នាវា Westerdam បានស្ថិតនៅលើតារាវិថីទេសចរណ៍រយៈពេល ១៤ ថ្ងៃដែលចាប់ផ្ដើមចេញពីហុងកុង នៅថ្ងៃទី១ កុម្ភៈ ឆ្នាំ ២០២០ ហើយគ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី១៥ កុម្ភៈ ដដែល នៅកំពង់ផែទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន។ នៅលើនាវាមានអ្នកទេសចរសរុបចំនួន ១៤៥៥ នាក់ និងក្រុមនាវិកចំនួន ៨០២ នាក់។ យោងតាមផែនការដើមបន្ទាប់ពីចេញពីទីក្រុងហុងកុង នាវាមួយនេះនឹងត្រូវធ្វើដំណើរទៅកោះតៃវ៉ាន់ ហ្វីលីពីន កោះហ្គាម ប្រទេសថៃ នឹងបន្តទៅកាន់កោះមួយចំនួនទៀតរបស់ប្រទេសជប៉ុនរួមទាំង អូគីណាវ៉ា និងណាហ្កាសាគី មុននឹងបញ្ចប់នៅទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន។
* តើកម្ពុជាបានផលប្រយោជន៍អ្វី ពីការអនុញ្ញាតឲ្យកប៉ាល់មួយនេះចូលមកទឹកដីរបស់ខ្លួន?
ជាសំណួររសើប ហើយក៏មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនបានធ្វើការរិះគន់។ ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានពន្យល់ថា វាជាការសំរេចចិត្តដ៏មោះមុតលើកត្តាមនុស្សធម៌ដែលលោកមានក្តីបារម្ភថា តើឲ្យអ្នកទេសចរ និងក្រុមនាវិកជាង ២ពាន់នាក់នោះទៅទីណា ឬក៏ទុកឲ្យពួកគាត់ស្លាប់នៅលើនាវាឬក៏យ៉ាងណា? បើយើងមើលជារួមការសម្រេចចិត្តទទួលយកកប៉ាល់នៅពេលនេះ បានធ្វើឲ្យកម្ពុជាចំណេញច្រើនហួសពីការស្មាន នោះគឺ
ទី១៖ បំណងមនុស្សធម៌របស់កម្ពុជាអាចនឹងជួយស្តារមកវិញនូវទំនាក់ទំនងដ៏រដាក់រដុបរវាងកម្ពុជា និងអាមេរិកនាពេលកន្លងមក ឲ្យទៅជាល្អវិញ នោះក៏ព្រោះតែអាមេរិកបានពឹងនិងសុំឲ្យកម្ពុជាជួយ។
ទី២៖ កម្ពុជាបានជួយសម្រាលដល់ក្តីកង្វល់របស់មហាអំណាចពិភពលោកទាំងពីរគឺ ចិន និងអាមេរិក ។ ព្រោះដើមចំណងនៃសាច់រឿង (ជំងឺ) ចេញមកពីចិន ហើយចុងចំណងគឺក្រុមហ៊ុនអាមេរិក និងពលរដ្ឋអាមេរិក ដែលជាអ្នករងគ្រោះហើយត្រូវការឲ្យកម្ពុជាជួយស្រាយ។
ទី៣៖ កេរ្ត៍ឈ្មោះកម្ពុជាត្រូវបានគេចាប់អារម្មណ៍ និងចាប់ផ្តើមស្គាល់កាន់តែច្រើនជាងមុន ហើយលើកនេះគេទទួលស្គាល់ដោយឈ្មោះល្អ និងក្រអូប ខុសពីការដែលគេស្គាល់រឿងអាក្រក់ៗពីកម្ពុជាកន្លងមក ដូចជា «របបវាលពិឃាដខ្មែរក្រហម ជាប្រទេសសម្បូរដោយគ្រាប់មីន ។ល។»...
* រដ្ឋាភិបាលថៃរងការរិះគន់ពីសាស្ត្រាចារ្យ
សាស្ត្រាចារ្យលោក Piti Srisaengnam នៅមហាវិទ្យាល័យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ ជូឡាឡុងកន បាននិយាយថា ប្រទេសថៃបានបោះបង់ចោលឱកាសដ៏ល្អមួយ ក្នុងចំណោមវិបត្តិនានាដើម្បីបង្ហាញដល់ពិភពលោកថា ប្រទេសនេះមានសារជាតិមនុស្សធម៌។
សរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក លោកបានពិពណ៌នាអំពីការសម្រេចចិត្តរបស់រដ្ឋាភិបាលថៃ ដែលមិនអនុញ្ញាតឱ្យកប៉ាល់ទេសចរណ៍ ចូលចតនៅកំពង់ផែទឹកជ្រៅ Laem Chabang ក្នុងខេត្ត Chon Buri ថា «ឃោរឃៅនិងអមនុស្សធម៌» បន្ទាប់ពីនាវានេះបានងាកចេញពីហ្វីលីពីន ជប៉ុន និងហ្គោម។
«ចូរសាកល្បងស្រមៃមើលថា តើមនុស្សនៅលើកប៉ាល់អស់សង្ឃឹមប៉ុណ្ណា បន្ទាប់ពីនាវានៅលើសមុទ្រអស់រយៈពេលជាង២០ថ្ងៃ?» លោកបណ្ឌិត ភីទី បានសួរ។
លោកសាស្រ្តាចារ្យបានបន្ថែមថា រដ្ឋាភិបាលអាចអនុញ្ញាតឱ្យកប៉ាល់ចូលចតហើយបន្ទាប់មកអាចដាក់អ្នកដំណើរ និងនាវិកជាង ២.០០០ នាក់នៅឯមូលដ្ឋានកងទ័ពជើងទឹកថៃដែលមន្ត្រី សុខាភិបាលថៃអាចពិនិត្យ និងតាមដានស្ថានភាពរបស់ពួកគេបាន ព្រោះប្រទេសថៃ ជាប់លំដាប់ថ្នាក់ទី៦ ក្នុងពិភពលោកលើប្រព័ន្ធសុខាភិបាលសាធារណៈ ហេតុអ្វីដែលត្រូវបារម្មណ៍?
លោកបណ្ឌិត ភីទី បានបន្តថា «ក្នុងនាមជាបញ្ហាមនុស្សធម៌យើងត្រូវតែជួយអ្នកដែលមានទុក្ខលំបាកមិនត្រូវរុញច្រានពួកគេចេញនោះទេ» ។
ហេតុអ្វីមិនជ្រើសរើសជំរើសមនុស្សធម៌ដើម្បីជាប្រយោជន៍ដល់មនុស្សដែលកំពុងមានទុក្ខព្រួយ? ប្រសិនបើពួកគេ (អ្នកដំណើរ និងសមាជិកនាវិក) អាចទៅដល់ឆ្នេរសមុទ្រតើពួកគេនឹងមានការចាប់អារម្មណ៍យ៉ាងណាជាមួយប្រទេសថៃ។ ពួកគេនឹងចងចាំប្រទេសថៃជារៀងរហូតពីព្រោះយើងបានថែរក្សា ពួកគេនៅពេលពួកគេមានបញ្ហា។ យើងនឹងក្លាយជាមិត្តពិតរបស់ពួកគេ។ «ជាអកុសលយើងយឺតពេលហើយ យើងបានបោះឱកាសចូលទៅក្នុងសមុទ្របាត់ទៅហើយ»។
* តើកម្ពុជាទទួលនាវាដោយវិធីណា?
បើទោះបីជានាវា Westerdam ត្រូវបានអនុញ្ញាតឲ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុហើយក៏ដោយ ក៏ធាតុពិតនាវានេះត្រូវបានឃាត់ទុកនៅតំបន់សូន (Point Zero) ចម្ងាយ (3 miles) ឬជាង៤គីឡូម៉ែត្រពីកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ អស់រយៈពេល១០ម៉ោងទំរាំអនុញ្ញាតឲ្យចូលមកកំពង់ផែជាផ្លូវការ នោះក៏ដោយសារដើម្បីធានាសុវត្ថិភាព និងជំរះក្តីព្រួយបារម្ភនានាអំពីជំងឺខូវីដ១៩នេះឯង។ ក្នុងអំឡុងពេលនោះក្រុមការងារចត្តាឡីស័ក និងក្រុមគ្រូពេទ្យរបស់កម្ពុជា បានសហការជាមួយនឹងអង្គការសុខភាពពិភពលោក (WHO) និងអ្នកជំនាញផ្នែកសុខាភិបាលរបស់សហរដ្ឋអាមេរិក (U.S. Center for Disease Control) បានរួមគ្នាត្រួតពិនិត្យមើលសុខភាពជារួម ហើយទីបញ្ចប់ក៏បានសម្រេចយកសំណាកពីមនុស្សចំនួន២០រូប នៅលើនាវាដើម្បីយកមកធ្វើពិសោធន៍ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាទីក្រុងភ្នំពេញតាមរយៈការដឹកឧទ្ធម្ភាគចក្រចំនួន២ជើង។ លទ្ធផលត្រូវបានបង្ហាញថាអ្នកទាំង២០រូបពុំមានឆ្លងនូវវីសខូវីដ១៩នោះទេ មានន័យថាអវិជ្ជមានទាំងអស់គ្នា។
ព័ត៌មានអវិជ្ជមាននេះហើយដែលបានធ្វើឱ្យកិត្តិយសរបស់កម្ពុជាកាន់តែលេចខ្ពស់ត្រដែតជាអន្តរជាតិ ព្រោះគេគិតថា កម្ពុជាពិតជាបានជួយមនុស្សដែលរងគ្រោះដោយសារតែការសង្ស័យ ឬសន្និដ្ឋានខុស។ នៅក្នុងដំណើរការនៃការយកសំណាកដើម្បីពិសោធន៍នេះ កម្ពុជាក៏បានប្រឈមទៅនឹងឧបសគ្គមួយចំនួនដែរ នោះដោយសារការមិនពេញចិត្តឬស្ទើរតែមិនព្រមសហការជាមួយកម្ពុជាពីភាគីនាវា និងទី២ពីភាគីសហរដ្ឋអាមេរិកដោយគេសំអាងថានៅលើនាវានោះមានសម្ភារៈ ឧបករណ៍ និងធនធានមនុស្សផ្នែកវេជ្ជសាស្ត្រគ្រប់គ្រាន់ណាស់ទៅហើយ ហើយគេក៏បានពិនិត្យត្រឹមត្រូវបញ្ជាក់ម្ដងហើយម្ដងទៀតថាពុំមានបុគ្គលណាម្នាក់ត្រូវបានឆ្លងនូវជំងឺខូវីដ១៩នោះដែរ។
ពិតមែន ក្រុមគ្រូពេទ្យ និងអ្នកជំនាញផ្នែកសុខាភិបាលកម្ពុជា បានសរសើរនូវក្រុមគ្រូពេទ្យជាង៣០រូប នៅលើនាវាជាមួយនឹងសម្ភារៈទំនើបទាក់ទងទៅនឹងវេជ្ជសាស្រ្តពេទ្យ។ និយាយដោយខ្លីថាមានការប្រទាំងប្រទើសគ្នាមួយចំនួននៅលើនាវានោះ ទំរាំតែអាចយកសំណាកទាំង២០រូបបាន ត្រូវឆ្លងកាត់នូវការត្រួតពិនិត្យ និងការអមដំណើរជាប់ជាប្រចាំពីអ្នកជំនាញសុខាភិបាលអាមេរិក (USCDC) ចំនួន២រូប ចាប់ពីដើមរហូតដល់ចប់ ព្រោះគេត្រូវផ្ទៀងផ្ទាត់ខ្លាចក្រែងមានការខ្វះចន្លោះផ្នែកវេជ្ជសាស្រ្ត ឬបច្ចេកទេសណាមួយពីភាគីកម្ពុជា នេះមិនទាន់និយាយដល់ការខឹងសម្បារពីអ្នកដំណើរនៅលើនាវា ដែលមិនពេញចិត្តការយកសំណាករបស់ពួកគាត់នៅពេលដែលគេដឹងថា ពួកគាត់មិនស្ថិតក្នុងការសង្ស័យនៃជំងឺខូវីដ១៩ ព្រោះការយកសំណាកនេះ មិនមែនជាការបូមឈាមសាមញ្ញនោះឡើយ ពោលគឺត្រូវរុកចូលច្រមុះផ្នែកខាងក្នុងបំផុត ដើម្បីយកសម្បោរ និងយកស្លេះជ្រៅក្នុងបំពង់ក ធ្វើឲ្យមានការថប់ដង្ហើមនិងត្រូវបង្ហូរទឹកភ្នែក។
* តើរដ្ឋាភិបាលកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន បានអ្វីមកវិញ៖
សម្រាប់លោកខាងលិច រួមទាំងសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបផងអាចនឹងពិចារណាឡើងវិញ អំពីកត្តាសិទ្ធិមនុស្សដែលកម្ពុជាបានចូលរួមចំណែកនៅពេលនេះ ពោលគឺលទ្ធភាពអាចពិនិត្យបន្ត GSP និងសម្រាល EBA។ សម្រាប់វិស័យទេសចរណ៍វិញ កម្ពុជាត្រូវបានក្លាយជាប្រទេសដែលគេដាក់បញ្ចូលក្នុងកម្មវិធីទស្សនា របស់កប៉ាល់ Westerdam រួចទៅហើយ។ រីឯដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ទៅកាន់សហរដ្ឋអាមេរិក សម្រាប់កិច្ចប្រជុំកំពូលពិសេសរវាងអាស៊ាន និងអាមេរិក នៅពាក់កណ្ដាលខែមីនា ខាងមុខនេះអាចជាឱកាសល្អ សម្រាប់កិច្ចប្រជុំទ្វេភាគីជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅឡាសវ៉េហ្គាស រដ្ឋណេវ៉ាដា។
* ហេតុអ្វីបានជាម៉ាឡេស៊ីពិនិត្យឃើញមានអ្នកជំងឺខូវីដ១៩ នៅពេលដែលកម្ពុជាពិនិត្យពុំឃើញមាន?
មានមតិបដិបក្ខ និងការស្រមើស្រមៃយ៉ាងច្រើនជុំវិញទិដ្ឋភាពនេះ ហើយអ្នកខ្លះក៏បានភ្ជាប់ទៅនឹងរឿងនយោបាយនៃការច្រណែន ឬប្រច័ណ្ឌនៅក្នុងបរិបទតំបន់ ចំពោះកម្ពុជា ជាមួយមហាអំណាចពីរក្នុងពេលតែមួយនិងក្នុងរយៈពេលដ៏ខ្លី។ នោះគឺការមន្ទិលសង្ស័យហើយសង្ស័យទៀតថា ម៉ាឡេស៊ីអាចមានចេតនាមិនល្អ ជុំវិញការប្រកាសថា ស្ត្រីអាមេរិកអាយុ៨៣ឆ្នាំ បានឆ្លងជំងឺខូវីដ១៩ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ហើយប្រាំថ្ងៃក្រោយមកក៏ប្រកាសវិញថា «បាត់អស់ទៅហើយ» ដែលខាងវិទ្យាសាស្រ្តពេទ្យថា «មិនទំនងនិងមិនអាចទៅរួចយ៉ាងដូច្នេះ» ហើយចំណុចមួយទៀត ស្រ្តីរូបនោះមិនស្ថិតនៅក្នុងបញ្ជី នៃអ្នកដំណើរ២០រូប ដែលត្រូវបានគេយកសំណាកមកពិសោធន៍នៅកម្ពុជានោះឡើយ។
* សេចក្តីសន្និដ្ឋាន និងការបញ្ចេញមតិនានាពីពលរដ្ឋខ្មែរទៅលើរដ្ឋាភិបាលម៉ាឡេស៊ី៖
- មេរោគតូចបំផុតមួយដែលកម្ពុជា អង្គការសុខភាពពិភពលោក វិទ្យាស្ថានជាតិប៉ាស្ទ័រ និងក្រុមជំនាញពេទ្យរបស់សហរដ្ឋអាមេរិក (៤ភាគី) រកពុំឃើញមាន បែរជាម៉ាឡេស៊ីរកឃើញ ខណៈពេលដែលយន្តហោះរបស់ខ្លួន Malaysian Airlines Flight 370 ផ្ទុកមនុស្ស២៣៩នាក់ បានបាត់តាំងពីឆ្នាំ២០១៤ រកមិនទាន់ឃើញរហូតមកទល់សព្វថ្ងៃ!
- អាចជាការប្រច័ណ្ឌផ្នែកនយោបាយមកលើកម្ពុជាជាមួយចិន និងជាមួយអាមេរិកនៅក្នុងបរិបទអាស៊ាន?
- ការប្រកាសដោយម៉ាឡេស៊ី ស្តីពីស្ត្រីអាមេរិកបានឆ្លងជំងឺខូវីដ១៩ ត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់លោកស្រី Wan Azizah Wan Isamail ជាភរិយារបស់លោក Anwar Imbrahim ជាមេដឹកនាំបក្សប្រឆាំងដ៏ល្បីល្បាញនៅម៉ាឡាស៊ី។ លោកស្រីជាឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកជា ប្រធានគណៈកម្មការត្រួតពិនិត្យជំងឺខូវីដ១៩។ គាត់ជាស្ត្រីដំបូងគេដែលកាន់មុខតំណែងខ្ពស់នៅប្រទេសម៉ាឡេស៊ី។
* កប៉ាល់ជារបស់នរណាហើយនរណាខ្លះនៅលើកប៉ាល់?
ជាក្រុមហ៊ុនរបស់អាមេរិកដែលមានមូលដ្ឋាននៅទីក្រុង Seatle រដ្ឋ Washington សហរដ្ឋអាមេរិក។ ក្នុងចំណោមអ្នកដែលស្ថិតនៅលើនាវានោះ ជាពិសេសទេសចរ ១៤៥៥នាក់ មកពី៤១សញ្ជាតិ សុទ្ធតែជាអ្នកមានជីវភាពធូរធារ អ្នកមានឬជាសេដ្ឋី ហើយជនជាតិអាមេរិកាំងមានចំនួនច្រើនលើសលប់ រហូតដល់ទៅ ៦៥១ នាក់ឯណោះ។
* រឿងរ៉ាវនៅលើកប៉ាល់៖
បន្ទាប់ពីការខាងនាវា Westerdam ជូនដំណឹងថា គេមិនអនុញ្ញាតឲ្យចូលកំពង់ផែទាំងនោះ និងការផ្សព្វផ្សាយព័ត៌មានពាសពេញពិភពលោក ធ្វើឱ្យអ្នកដំណើរទាំងអស់ដែលស្ថិតនៅលើនាវាចាប់ផ្តើមភ័យ និងបារម្មណ៍ ហើយបានតាមដានព័ត៌មានយ៉ាងដិតដល់ជាទីបំផុត ពោលគឺម្នាក់ៗបានតាមព័ត៌មានរៀងៗខ្លួន ដោយមិនខ្លាចចំណាយបន្ថែមលើសេវាអ៉ិនធឺណេតនៅលើនាវា ជាមួយការព្យាយាមទាក់ទងជាបន្តបន្ទាប់ជាមួយក្រុមគ្រួសារនៅឯផ្ទះនិងនៅតាមប្រទេសរៀងៗខ្លួន។
* កប៉ាល់ Westerdam ជួបគ្រោះអាសន្ន៤លើក៖
Westerdam គឺជានាវាទេសចរណ៍ប្រភេទ Vista Class ដែលបើកដំណើរការនៅថ្ងៃទី១៦ កក្កដា ឆ្នាំ២០០៣ គ្រប់គ្រងដោយក្រុមហ៊ុនអាមេរិក Holland America Line។ នាវាមួយនេះមានឈ្មោះផ្លូវការថា MS Westerdam ស្ថិតនៅក្នុងត្រកូល MS ដែលមាននាវាចំនួន ៣គ្រឿងទៀត គឺ MS Oosterdam, MS Zuiderdam និង MS Noordam។ ឈ្មោះរបស់នាវាទេសចរណ៍ទាំង៤នេះ តំណាងឲ្យទិសដៅទាំង ៤ នៃត្រីវិស័យក្នុងភាសាហូឡង់។
មុនពេល Westerdam ចូលមកកម្ពុជា នាវានេះធ្លាប់ជួបឧប្បត្តិហេតុ៣លើករួចទៅហើយ៖
- នៅថ្ងៃទី១០ ឧសភា ឆ្នាំ២០១១៖ ខណៈពេលកំពុងធ្វើដំណើរឆ្លងកាត់ឆកសមុទ្រ Yakutat Bay នៅរដ្ឋ Alaska នាវា Westerdam បានបុកជាមួយទឹកកក និងបណ្តាលឲ្យខូចខាត នៅជម្រៅ ៤,៥៧ ម៉ែត្រក្រោមខ្សែទឹក។
- នៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៤៖ នាវា Westerdam ជួបគ្រោះអគ្គិភ័យឆេះបន្ទប់ជប់លៀង ក្រោយចាកចេញពីកំពង់ផែ Port of Seattle (សហរដ្ឋអាមេរិក) ។ នៅពេលនោះមានអ្នកដំណើរចំនួន ២,០៨៦នាក់ និងនាវិក ៧៩៨នាក់ ប៉ុន្តែគ្មានអ្នករងរបួសឡើយ។
- នៅថ្ងៃទី២៥ មិថុនា ឆ្នាំ២០១៥៖ យន្តហោះ de Havilland Canada DHC-3 Otter របស់ក្រុមហ៊ុន Promech Air បានដឹកអ្នកដំណើរ និងពីឡុតសរុបចំនួន ៩នាក់ចេញពីនាវា Westerdam ដើម្បីគយគន់ទេសភាព នៅភាគខាងត្បូងរដ្ឋ Alaska បានបុកជាមួយនឹងច្រាំងថ្ម ក្បែរទន្លេ Ella Lake បង្កឲ្យមនុស្សទាំង ៩នាក់នោះស្លាប់ទាំងអស់។ (ប្រភពពី sabay news)
* ប្រតិកម្មរបស់អ្នកដែលបានចេញពីនាវា Westerdam៖
អ្នកទេសចរនិងក្រុមនាវិកទាំងជាង២ពាន់នាក់ បានសំពះ បានអរគុណ និងដឹងគុណដល់កម្ពុជាដែលបានជួយសង្គ្រោះពួកគាត់ពីក្តីភ័យខ្លាច និងក្តីបារម្ភនានានៅមុនពេលដែលពួកគាត់បានមកដល់កម្ពុជា។
លោក Joe Spaziani អាយុ៧៤ឆ្នាំ មកពីរដ្ឋ Florida សហរដ្ឋអាមេរិក បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីចេញពីនាវាមកថា «ប្រទេសរបស់អ្នកធ្វើបានល្អណាស់ បានធ្វើការងារដ៏អស្ចារ្យ។ ប្រទេសកម្ពុជាតែមួយគត់ សូម្បីតែអាមេរិកខ្លួនឯង កោះហ្គាម ក៏មិនបានអនុញ្ញាតឱ្យយើងចុះចតដែរ តែប្រទេសកម្ពុជាបានធ្វើដូច្នេះ វាពិតជាអស្ចារ្យណាស់។ យើងសូមកោតសរសើរខ្លាំងណាស់»។
* កូឡាប៣០០ទង!
អាចគិតថាជារឿងចៃដន្យក៏បាន ប៉ុន្តែជាក់ស្ដែងកូលាប ៣០០ទង និងក្រមាចំនួន៣ពាន់ ត្រូវបានប្រគល់ជូនអ្នកដំណើរទាំងអស់នៅលើនាវាដើម្បីជាការលើកទឹកចិត្ត និងការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋកម្ពុជា។ កូលាប៣០០ទងនេះត្រូវបានប្រគល់ជូនចំថ្ងៃ Valentine’s Day ជាថ្ងៃនៃក្តីស្រលាញ់ដែលកន្លងមកយុវជនកម្ពុជាគិតថា ជាថ្ងៃដែលគេត្រូវជូនផ្កាកូលាបដល់គូសង្សារឬមិត្តស្រី/មិត្តប្រុសរបស់គេ។ ព្រឹត្តិការណ៍នេះអាចចាត់ទុកថាជា
ការចៃដន្យក៏បាន ឬក៏ជាថ្ងៃល្អរបស់កម្ពុជាដែលបានជួយសង្គ្រោះជីវិតពីការភិតភ័យរបស់ពលរដ្ឋដល់ទៅ៤១សញ្ជាតិនៅលើទឹកដីខ្លួន ជាពិសេសនៅឯទឹកដី ខេត្តព្រះសីហនុ ដែលត្រូវបានគេលាបព័ណ៌ស្រអាប់ជាតំបន់កាស៊ីណូ ជាទីប្រជុំជនរបស់ពលរដ្ឋចិន។ល។ ឲ្យប្រែទៅជាទីក្រុងទទួលភ្ញៀវ ទីក្រុងមនុស្សធម៌ និងទីក្រុងអភិវឌ្ឍទំនើបបែបថ្មីដោយក្តីសង្ឃឹម៕
ប្រភព៖ ហ្វេសប៊ុករបស់លោក Puy Kea