(សៀមរាប)៖ ដោយមានការគាំទ្រ សហការពីរដ្ឋបាលខេត្តសៀមរាប សាលមហោស្រព អាណាចក្រអង្គរ (Angkor Dynasty) ដែលជាមជ្ឈមណ្ឌលវប្បធម៌ទេសចរណ៍ នៅខេត្តសៀមរាប នៃព្រះរាជាណាកច្រកម្ពុជា នឹងរៀបចំសម្តែងសិល្បៈសប្បុរសធម៌ ដើម្បីគៀងគររកមូលនិធិ នៅថ្ងៃទី២២, ២៤, ២៦, ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ សម្រាប់ជួយដល់មន្ទីរពេទ្យចំនួន ៦កន្លែង នៅទីក្រុងវូហាន ខេត្តហឺប៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន។
បើតាមតំណាងសាលមហោស្រព អាណាចក្រអង្គរ បានប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ឱ្យដឹងថា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ថាដោយសារនៅដើមឆ្នាំ២០២០នេះ នៅទូទាំងពិភពលោក ពិសេសគឺនៅប្រទេសចិន បាននិងកំពុងតែប្រឈមទៅនឹងជំងឺរលាកសួតប្រភេទថ្មី ដែលបង្ករដោយវីរុស កូរ៉ូណា ឬ COVID-19 ដែលបានផ្ទុះចេញពីទីក្រុងវូហាន ខេត្តហឺប៉ី ទើបខាងមហោស្រពអាណាចក្រអង្គរ រៀបចំការសម្ដែងសិល្បៈសប្បុរសធម៌នេះឡើង។
លោកបានបន្តថា ដោយមើលឃើញនូវបញ្ហាប្រឈមនេះ ទើបថ្នាក់ដឹកនាំ នៃសាលមហោស្រព អាណាចក្រអង្គរ បានរៀបចំសម្តែងសិល្បៈ សប្បុរសធម៌ ដើម្បីកៀងគរមូលនិធិជួយដល់មន្ទីរពេទ្យចំនួន ៦កន្លែង នៅទីក្រុងវ៉ូហាន។ ចំពោះថវិកាទាំងអស់ ដែលបានមកពីការលក់សំបុត្រ ជូនភ្ញៀវជាតិ-អន្តរជាតិ និងសាធារណៈជន ដែលបានចូលទស្សនាការសម្ដែងសិល្បៈនាពេលនេះនឹងបានជួយចូលរួមចំណែកទ្រទ្រង់ជាថវិការ សម្រាប់ការទិញជាគ្រឿងវេជ្ជសាស្រ្តផ្សេងៗ និងសម្ភារៈបរិក្ខាចាំបាច់ជូនមន្ទីរពេទ្យទាំងនេះ ផងដែរ។
លោកបញ្ជាក់ថាមន្ទីរពេទ្យទាំង ៦នោះរួមមានទី១៖ មន្ទីរពេទ្យតុងជី, ទី២៖ មន្ទីរពេទ្យសហភាព នៃសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាហួជុង, ទី៣៖ មន្ទីរពេទ្យប្រជាជន នៃសាកលវិទ្យាល័យវូហាន, ទី៤៖ មន្ទីរពេទ្យចុងណាន នៃសាកលវិទ្យាល័យវូហាន, ទី៥៖ មន្ទីរពេទ្យតៃកាងអ៊ូហានតុងជី, និងទី៦៖ មន្ទីរពេទ្យកណ្តាលសៀកាន នៅទីក្រុងវូហាន ដែលមន្ទីរពេទ្យទាំងនេះ បាននឹងកំពុងពិនិត្យព្យាបាល សង្គ្រោះ បង្ការ ថែទាំអ្នកជំងឺឆ្លង COVID-19 ផងដែរ។
តំណាងរូបនេះបានបន្ថែមទៀតថា ការសម្ដែងសិល្បៈសប្បុរសធម៌ ដើម្បីគៀងគរមូលនិធិសប្បុរសធម៌នេះ ក៏ជាការសបញ្ជាក់ឱ្យឃើញ អំពីការយកចិត្តទុកដាក់ និងការរឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ការជួយគ្នាក្នុងគ្រាដ៏ចាំបាច់ រវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន ឱ្យកាន់តែល្អប្រសើរ ផងដែរ។
លោកក៏បានអំពាវនាវដល់សាធារណៈជនភ្ញៀវជាតិ-អន្តរជាតិ បណ្ដាវិស័យឯកជន អាជីវករ ប្រតិបត្តិករទេសចរណ៍ និងប្រជាពលរដ្ឋ សូមអញ្ជើញមកទស្សនាការសម្ដែងសិល្បៈសប្បុរសធម៌នេះ នៅថ្ងៃទី២២, ២៤, ២៦, និងទី២៧ នៅសាលមហោស្រព អាណាចក្រអង្គរ នាក្រុងសៀមរាប ដើម្បីបានចូលរួមចំណែកក្នុងមូលនិធិសប្បុរសធម៌នេះ ជាក់ជាពុំខានឡើយ៕