(ព្រះវិហារ)៖ នៅថ្ងៃទ២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកស្រី ស ចេង ប្រាក់ សុវណ្ណ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងលោកស្រី ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារបាននាំយកសម្ភារ និងថវិកាចុះសាកសុខទុក្ខស្រ្តីឆ្លងទន្លេ និងស្រ្តីមានផ្ទៃពោះរង់ចាំសម្រាល ចំនួន២៥នាក់ នៅមន្ទីរពេទ្យបង្អែក១៦ មករា ខេត្តព្រះវិហារ។
នៅក្នុងឱកាសប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ធ្វើឡើងក្រោមប្រធានបទ «សុខភាពកុមារកម្ពុជានាពេលអនាគត» លោកស្រី ស ចេង អនុប្រធានកិត្តិយសអនុសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ បានថ្លែងថា ទិវាជាតិ សុខភាពមាតា ទារក និងកុមារនេះ បានប្រារព្ធឡើង តាមអនុក្រឹត្យលេខ ២៧ អនក្រ,បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកថ្ងៃទី២១ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ សម្រាប់ប្រារព្ធទិវាជាតិនេះ ស្របពេលដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទទួលបានគោរមងារ ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ។
លោកស្រី ស ចេង ប្រាក់ សុណ្ណ បានបញ្ជាក់នូវអនុសាសន៍ទាំង៥ ចំណុច តាមសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាស្សរជនឆ្នើមថ្នាក់ជាតិ នៃការសកម្មភាពរួមអគ្គលេខាធិ ការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ដើម្បីជាប្រយោជន៍ ក្នុងការលើកកម្ពស់សុខុមាលភាពដល់ខ្លួនឯងជាម្តាយផង និងកុមារជាបុត្រធីតារបស់ខ្លួនផង និងបានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្តល់សេវាទាំងអស់ សូមចូលរួមគាំទ្រការ អនុវត្តគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យមានប្រសិទ្ធិភាពខ្ពស់ឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ២០៣០ ពិសេសការកាត់បន្ថយ អត្រាស្លាប់របស់មាតា និងទារក ក៏ដូចជាកុមារអាយុក្រោម ៥ឆ្នាំ។
ជាមួយគ្នានោះដែរលោកស្រី ក៏បានស្នើដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិសូមជួយ និងបន្តជួយវិនិយោគគាំទ្រ ដល់ការងារសុខភាពមាតា ទារក និងកុមារ នៅទូទាំងខេត្តព្រះវិហារ។ សម្ភារផ្តល់ជូនក្នុងម្នាក់ៗរួមមាន៖ ពូកសម្រាប់ ទារក១ ឈុត ខោ១ អាវ១ មួក១ សាប៊ូកូនក្មេង ១ដប ទឹកដោះគោឆៅសម្រាប់ម្តាយ១ឡូ និងថវិកា ៥ម៉ឺនរៀល៕