(ភ្នំពេញ)៖ នៅដេីមឆ្នាំ២០២០ គិតត្រឹមថ្ងៃទី ២២ ខែកុម្ភៈ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អណ្តូងទឹកស្អាត ចំនួន ១១៨អណ្តូង គិតជាទឹកប្រាក់ចំនួន ២៥២,៩៦២ដុល្លារអាមេរិក (ពីរសែនប្រាំម៉ឺនពីរពាន់ប្រាំបួនរយហុកសិបពីរដុល្លារអាមេរិក) សម្រាប់ប្រជាពលរដ្ឋ ២,៦៣៤គ្រួសារ (ស្មេីនឹងមនុស្ស ១០,៥៩៩នាក់) រស់នៅតំបន់ឆ្ងាយដាច់ស្រយាលក្នុងខេត្តចំនួន៦ ដែល ប្រឈមនឹងការខ្វះខាតទឹកប្រេីប្រាស់ក្នុងរដូវប្រាំង។
ក្នុងចំណោមអណ្តូងទាំង ១១៨អណ្តូងខាងលេីនេះ មានអណ្តូងចំនួន ១៣អណ្តូង សម្រាប់ខេត្តមណ្ឌលគិរី, ១៣អណ្តូង សម្រាប់ខេត្តស្ទឹងត្រែង, ១៩អណ្តូង សម្រាប់ខេត្តព្រះវិហារ, ១៥អណ្តូង សម្រាប់ ខេត្តកំពង់ស្ពឺ, ១៤អណ្តូង សម្រាប់ ខេត្តរតនគិរី និង ៤៤អណ្តូង សម្រាប់ ខេត្តប៉ៃលិន។
សូមបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ២០១៩ កាកបាទក្រហមកម្ពុជា បានដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស តាមរយៈការផ្តល់អណ្តូងទឹកស្អាតចំនួន ១,៦៩៥អណ្តូង ព្រមទាំង ស្រះទឹកសហគមន៍ និងស៊ីទែនទឹកជាច្រើនទៀត។ ដោយឡែក ក្នុងឆ្នាំ ២០១៩ កន្លងទៅ កាកបាទក្រហមកម្ពុជា បានផ្តល់អណ្តូងសរុបចំនួន ៧៥អណ្តូង សម្រាប់ប្រជាពលរដ្ឋ ២,៨៥៨គ្រួសារ ស្មើមនុស្ស ១០,៧៦៩នាក់៕