(តាកែវ)៖ លោកបណ្ឌិត ពេជ សោភ័ន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស ខេត្តតាកែវ បានថ្លែងថា សន្តិភាពដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រកបានដោយលំបាកសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស មកដល់សព្វថ្ងៃនេះ គឺដូចនាំអ្វីគ្រប់យ៉ាងដែលជាសេចក្តីត្រូវការប៉ងចង់បានរបស់ពលរដ្ឋអញ្ចឹងដែរ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីសំណេះសំណាល និងប្រជុំផ្សព្វផ្សាយលទ្ធផល នៃសន្តិបាតគណៈកម្មាធិការកណ្តាលលើកទី៤២ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ស្រុកព្រៃកប្បាស់ ខេត្តតាកែវ ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ លោកបណ្ឌិត ពេជ សោភ័ន បានលើកទ្បើងថា ការខិតខំនិងនាំមកនៅសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការពុះពារគ្រប់ឧបសក្គ ដើម្បីស្វែងរកសុខសន្តិភាព មកជូនប្រជាជាតិក៏ដូចជា ប្រជាជនខ្មែរទូទាំងប្រទេសនេះ គឺពិតជាវិសេសវិសាលណាស់ សម្រាប់ទេសជាតិទាំងមូល និងប្រជាជនព្រោះថា បើគ្មានសន្តិភាពទេនោះ គឺវាគ្មានអ្វីៗល្អប្រសើរ ហើយគ្មានការរីកចម្រើនអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះបាននោះទ្បើយ។
លោកបណ្ឌិត ពេជ សោភ័ន បានបន្តថា «បើសព្វថ្ងៃនេះប្រទេសជាតិរបស់យើងគ្មានសន្តិភាព និងគ្មានថ្នាក់ដឹកនាំ ដែលមានភាពវៃឆ្លាត ក្នុងការដឹកនាំប្រទេសទេនោះ កុំថាទ្បើយតែការអភិវឌ្ឍន៍ ឲ្យមានការជឿនលឿន ឬផ្ដល់ការងារឲ្យកូនចៅរបស់បងប្អូនប្រជាពលរដ្ឋធ្វើ មានកន្លែងស្នាក់នៅផ្ទះសម្បែងបានសរម្យដូចសព្វថ្ងៃនេះ គឺសូម្បីតែសិទិ្ធរស់រានមានជីវិតក៏មិនមានផងដែរ»។
លោកបណ្ឌិត ពេជ សោភ័ន បានបន្តទៀតថា «ដូចនេះហើយ សូមបងប្អូនទាំងអស់ ចូលរួមថែរក្សាការពារ ឲ្យបានជាដាច់ខាតនូវសន្តិភាពដែលបានមកពីខិតខំប្រឹងប្រែង បានដោយលំបាក របស់ថ្នាក់នាំតេជោសែនរបស់យើង ពិសេសនោះទប់ស្កាត់កុំឲ្យមានការវិលត្រទ្បប់ជាដាច់ខាតនៅរបបយង់ខ្នងកាប់សម្លាប់ប្រជាពលរដ្ឋ និងទប់ស្កាត់គ្រប់រូបភាពរបស់ក្រុមអគតិ ដែលចង់ផ្តួលរំលំរដ្ឋាភិបាលស្រច្បាប់ ពិសេសនោះ គឺទប់ស្កាត់បដិវត្តន៍ពណ៌កុំឲ្យកើតមានឡើងឲ្យសោះនៅក្នុងប្រទេសកម្ពុជាយើង»។
នៅក្នុងឱកាសនោះផងដែរលោកបណ្ឌិត ក៏បានផ្តាំផ្ញើទៅដល់សមាជិកបក្សនៅតាមស្រុកឃុំ-ភូមិ ត្រូវធ្វើការផ្សព្វផ្សាយពីការអភិវឌ្ឍន៍រីកចម្រើន ក៏ដូចជា ការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជន ជាពិសេសសម្តេចតេជោ ហ៊ុន សែន ឲ្យបងប្អូនយើងបានដឹងបានយល់ពីការខិតខំពិតប្រាកដរបស់ថ្នាក់យើងកាន់តែច្បាស់ថែមទៀត៕