(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារបក្សចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចុះផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤២ អាណត្តិទី៥ ដល់សមាជិក-សមាជិកាគណបក្សនៅស្រុកបារាយណ៍ និងស្រុកតាំងគោក។
នាឱកាសនោះ ប្រធានគណបក្សប្រជាជនប្រចាំស្រុកទាំងពីរបានអានសេចក្ដីជូនដំណឹងស្ដីពី លទ្ធផលនៃសន្និបាតរបស់គណៈកម្មាធិការកណ្ដាល លើកទី៤២ អាណត្តទី៥ ជូនសមាជិក-សមាជិកាគណបក្សបានជ្រាប ដើម្បីជាស្មារតីអនុវត្តការងារបន្តទៅមុខ។
លោក ថោង ខុន បានលើកឡើងពីការខិតខំរបស់សម្ដេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសង្គ្រោះភ្ញៀវទេសចរជាង ២,០០០នាក់ នៅលើនាវា Westerdam កាលពីពេលកន្លងទៅ ដោយទទួលបានការកោតសរសើរពីសំណាក់ភ្ញៀវទេសចរ និងសហគមន៍អន្តរជាតិជាច្រើន។
លោកបានផ្សព្វផ្សាយពីការខិតខំរិះរកដំណោះស្រាយ ក្នុងការស្រោចស្រង់កំណើនភ្ញៀវទេសចរដែលកំពុងមានការធ្លាក់ចុះ ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងមហាយក្សចិន ព្រមទាំងបញ្ហាផ្ទុះការរីករាលដាលជំងឺ Covid-19 ដែលកំពុងរាតត្បាតសឹងពាសពេញពិភពលោក នាំឱ្យប៉ះពាល់ដល់ខ្សែចង្វាក់ផលិតកម្ម និងវិស័យទេសចរណ៍។
លោកបានបង្ហាញពីការគាំទ្ររបស់បរទេស សហគមន៍អន្តរជាតិមកលើសម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលបាននិងកំពុងដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍ ដែលបាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា គោរពតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ព្រមទាំងបានលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិយ៉ាងល្បីរន្ទឺ តាំងពីបាតដៃទទេ ដែលមិនងាយមានបុគ្គលណាធ្វើបាននោះឡើយ។
លោកបានថ្លែងយ៉ាងដូច្នេះថា «ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ សំខាន់ឱ្យតែថ្នាក់ដឹកនាំ និងសមាជិកមានការសាមគ្គីគ្នា សហការគ្នាដោះស្រាយបញ្ហា នោះនាវាកម្ពុជានៅតែឆ្ពោះទៅមុខជានិច្ច តួយ៉ាងកម្ពុជាធ្លាប់មានប្រវត្តិឆ្លងកាត់ស្ថានភាពលំបាកៗជាច្រើនមកហើយ ប៉ុន្តែរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា នៅតែអាចរួមគ្នាដោះស្រាយបាន និងទទួលបានជោគជ័យជាបន្តបន្ទាប់»។
លោកបានបន្តដាស់តឿនដល់ក្រុមការងារបក្សចុះជួយមូលដ្ឋានទាំងអស់ ត្រូវចុះជាប់មូលដ្ឋាន ដឹងសុខទុក្ខ ការលំបាក និងគិតគូរពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន កុំប៉ះពាល់ផលប្រយោជន៍របស់ប្រជាជន ប៉ុន្តែត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ ដើម្បីតបស្នងជូនទៅប្រជាជន ដែលពួកគាត់នៅតែស្រលាញ់ គាំទ្រ និងនៅជាមួយគណបក្សប្រជាជនកម្ពុជាជាប់រហូត។
តាមការព្យាករណ៍ថា នៅឆ្នាំ២០២០នេះ ប្រទេសកម្ពុជានឹងមានអាកាសធាតុហួតហែង ហើយការមកដល់នៃរដូវវស្សាក៏នឹងមានភាពយឺតយ៉ាវទៀតនោះ លោក ថោង ខុន បានណែនាំដល់ក្រុមការងារគណបក្សប្រជាជនទាំងអស់ ត្រូវត្រៀមជួយអន្តរាគមន៍ដោះស្រាយបញ្ហាទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនមូលដ្ឋាន ដែលខ្វះខាតទឹកប្រើប្រាស់ឱ្យបានទាន់ពេលវេលា និងចូលរួមបង្ការទប់ស្កាត់ភ្លើងឆេះព្រៃ ឬជំងឺដង្កាត់នានានរដូវប្រាំងផងដែរ។
បើតាមលោក ថោង ខុន លោកចង់ធ្វើឱ្យស្រុកបារាយណ៍ និងស្រុកតាំងគោក ក្លាយជាស្រុកគំរូក្នុងការរក្សាបានអនាម័យ បរិស្ថានល្អ ដោយលោកត្រៀមទិញម៉ូតូដឹកសំរាមចំនួន៤គ្រឿង ពីសាលារាជធានីភ្នំពេញ សម្រាប់ដាក់នៅតាមផ្សារទាំង៤ នៃស្រុកទាំងពីរ និងត្រៀមប្រគល់ជូនរដ្ឋបាលស្រុកទាំងពីរ ដើម្បីអនុវត្តផែនការស្រុកគំរូនេះ៕