(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងកិច្ចការនារី»។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។
សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់ ពីសកម្មភាពសមិទ្ធផល និងទិសដៅការងារបន្ដ របស់ក្រសួងកិច្ចការនារី ក្នុងទិសដៅស្នួល ជំរុញគោលនយោបាយអភិបាលកិច្ចល្អឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។
បើតាមសេចក្ដីជូនដំណឹង សន្និសីទសារព័ត៌មាននេះ នឹងមានការអញ្ជើញចូលរួមជាវាគ្មិនពី លោកស្រី គឹម ស៉ីផាត់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកិច្ចការនារី៕