(ភ្នំពេញ)៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយខណ្ឌចំការមន បានជំរុញឱ្យក្រុមការងារនៅ ខណ្ឌ-សង្កាត់នីមួយៗ យកចិត្តទុកដាក់ក្នុងការបន្តពង្រឹងរបៀបរបបធ្វើការងារកិច្ចប្រជុំក្រុមប្រឹក្សា និងការទំានក់ទំនងរវាងក្រុមប្រឹក្សា និងចៅរង ចៅសង្កាត់ ក៏ដូចជានៅថ្នាក់ខណ្ឌ រវាងក្រុមប្រឹក្សា និងគណៈអភិបាលខណ្ឌផងដែរ។
ការជំរុញបែបនេះរបស់លោក អ៊ិត សំហេង បានធ្វើឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោក បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាត គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤២ អាណត្តិទី៥ ដល់សមាជិកសមាជិកាជិត ៧០០នាក់ នៅខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក អ៊ិត សំហេង បានបន្ថែមថា ការជំរុញនេះស្របតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា លើកឡើងក្នុងពិធីបិទសន្និបាត របស់ក្រសួងមហាផ្ទៃ ដែលប្រារព្ធធ្វើថ្មីៗនេះ។
លោកឱ្យដឹងថា ក្នុងនាមគណៈអភិបាល និងក្រុមប្រឹក្សាខណ្ឌត្រូវតែធ្វើការរួមគ្នា ដើម្បីការទទួលខុសត្រូវរួមគ្នា ម្នាក់ជានីតិបញ្ញត្តិ និងម្នាក់ទៀតជានីតិប្រតិបត្តិ គណៈអភិបាលត្រូវតែចូលរួមប្រជុំ ជាមួយក្រុមប្រឹក្សា ដើម្បីស្តាប់ពីការលើកឡើងបញ្ហាផ្សេងៗ ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន ស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ប្រសិនបើគណៈអភិបាលអវត្តមានដោយគ្មានមូលហេតុចំនួន៣ដង គឺត្រូវដកដំណែងហើយ។ ដូច្នេះ ទាំងគណៈអភិបាល និងក្រុមប្រឹក្សាត្រូវតែសហការគ្នាឱ្យបានល្អ ទៅតាមច្បាប់។ លោក អ៊ិត សំហេង ក៏បានសំណូមពរដល់អាជ្ញាធថ្នាក់មូលដ្ឋាន ពាក់ព័ន្ធបញ្ហាពង្រឹង សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានតួនាទីជាស្មៀន ត្រូវខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ ឱ្យរហ័យប្រកបដោយឥរិយាបថទន់ភ្លន់ ជាទីប្រឹក្សាដល់ប្រជាពលរដ្ឋដែលទៅទទួលសេវាផងដែរ។
ចំណែកលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានឱ្យដឹងថា ដើម្បីលើកកម្ពស់ការឆ្លើយតប និងគណនេយ្យភាពរបស់ក្រុមប្រឹក្សាសង្កាត់ ដែលដឹកនាំដោយគណបក្សប្រជាកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចមូលនិធិឃុំ-សង្កាត់ នៅក្នុងឆ្នាំ២០២០នេះ រដ្ឋបាលឃុំ-សង្កាត់នីមួយៗ នឹងទទួលបានថវិកាចំនួនទ្វេដង ប្រៀបធៀបនឹងឆ្នាំ២០១៩ ពោលគឺមានចំនួនសរុបជាមធ្យមប្រមាណ ៥២២លាន ៨២ម៉ឺន ០៨៥៨រៀល សមមូលនឹង១២ម៉ឺន៩.០៩១ដុល្លារ ក្នុងនោះថវិកាសម្រាប់ចំណាយលើការអភិវឌ្ឍមូលដ្ឋាន ៣១១លាន ៩២ម៉ឺន ១៧២៥រៀល សមមូលនឹង៧ម៉ឺន ៧ពាន់ ០១៧ដុល្លារ។
លោកអភិបាលខណ្ឌ បានបន្តថា ថវិកានេះនឹងបន្តបង្កើនរៀងរាល់ខែ រហូតដល់ឆ្នាំ២០២៣ រដ្ឋបាលឃុំ-សង្កាត់នីមួយៗនឹងទទួលបានថវិកា សរុបជាមធ្យម ចំនួនប្រមាណ៩២១លាន ៥២ម៉ឺនរៀល សមមូលនឹង២២ម៉ឺន ៧ពាន់៥៣៥ដុល្លារ ក្នុងនោះ ថវិកាសម្រាប់ចំណាយ លើការអភិវឌ្ឍមូលដ្ឋាន មានជាមធ្យមចំនួនប្រមាណ ៦២៥លាន ២២ម៉ឺនរៀល សមមូលនឹង ១៥ម៉ឺន ៤៣៧៥ដុល្លារ។ ហេតុនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវស្រាវជ្រាវ អំពីបែបបទនីតិវិធីនៃការចាត់ចែង ប្រើប្រាស់ថវិកាទាំងនោះ និងនីតិ នៃការអនុវត្តគម្រោងឃុំ-សង្កាត់ ដើម្បីជួយពង្រឹងឃុំ-សង្កាត់ ក្នុងការប្រើប្រាស់ថវិកាទាំងនោះឱ្យចំទិសដៅប្រកបដោយតម្លាភាព សុច្ចរិតភាព និងគណនេយ្យភាព៕