(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំក្បួនដង្ហែពានរង្វាន់ទីក្រុងស្អាតអាស៊ានយ៉ាងឱឡារឹក ក្រោមកិច្ចស្វាគមន៍យ៉ាងច្រើនកុះករ ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងខណ្ឌ។
ពិធីនេះដឹកនាំដោយប្រធានក្រុមប្រឹក្សាខណ្ឌ លោក ហែម អាន និងលោក សុខ ពេញវុធ អភិបាលខណ្ឌ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំសាលាខណ្ឌ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
ការដង្ហែក្បួននេះមានសភាពអ៊ូអរខ្លាំងណាស់ ក្រោមសម្រែកសាទរពីក្រុមអ្នកដង្ហែក្បួន សិស្សានុសិស្សអមតាមផ្លូវ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងខណ្ឌ។
លោក សុខ ពេញវុធ បានថ្លែងប្រកាសថា «នេះជាមោទកភាពណាស់ដែលខណ្ឌដូនពេញ ទទួលជយលាភីទីក្រុងស្អាតអាស៊ាន ពីទីក្រុងដារូដាឡាម ប្រទេសព្រុយណេ នាពេលកន្លងទៅ ដែលនេះពិតជាមុខមាត់ជាតិយើងលើឆាកអន្តរជាតិយ៉ាងពិតប្រាកដ»។
លោកថា «តាមរយៈគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្វើឱ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋមានជីវភាពធូរធា បាននាំមកនូវការរីកចម្រើនលើគ្រប់វិស័យ និងមានការរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយឈានដល់ការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។
លោកអភិបាលខណ្ឌ បានឱ្យដឹងថា «ជាការពិតជយលាភីដែលខណ្ឌយើងទទួលបាននាពេលនេះ មិនមែនបានមកដោយចៃដន្យនោះទេ តែវាពិតជាកើតចេញពីការខិតខំប្រឹងប្រែង ប្រកបដោយឆន្ទៈមុះមុតរបស់ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌ កិច្ចសហការល្អ និងការចូលរួមយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវរបស់ការិយាល អង្គភាពជុំវិញខណ្ឌ ប្រតិបត្តករក្នុងអាជីវកម្ម សេវាកម្មផ្សេងៗ បងប្អូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធនានា ក្នុងការជម្រុញការអភិវឌ្ឍន៍ខណ្ឌរបស់យើង ដើម្បីឆ្លើយតបទៅនឹងលក្ខណៈវិនិច្ឆ័យដែលបានកំណត់ មានសូចនាករគោល ចំនួន៧ និង១០៨ លក្ខណៈវិនិច្ឆ័យ ដែលទាមទាឱ្យក្រុង-ខណ្ឌ បេក្ខភាពត្រូវតែបំពេញឱ្យខានតែបានតាមលក្ខណៈវិនិច្ឆ័យនេះ»។
សូមរម្លឹកថា ដើម្បីទទួលបានពានរង្វាន់ក្នុងការប្រឡងប្រណាំងទីក្រុងទេសចរណ៍ ស្អាតអាស៊ាន គឺគ្រប់សង្កាត់ ក្នុងខណ្ឌបានចូលរួមរៀបចំ និងសំអាតបរិស្ថាន ឱ្យស្របតាមសូចនាករគោល៧ សូចនាករលម្អិត២៨ និងលក្ខណៈវិនិច្ឆ័យចំនួន ១០៨ នៃស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន។
សូមបញ្ជាក់ថា ក្នុងចំនោមប្រទេសក្នុងអាស៊ានយើងនេះ មាន៦ ទីក្រុង ដែលត្រូវបានដាក់បញ្ចូលឱ្យប្រកួតប្រណាំងទីក្រុងទេសចរណ៍អាស៊ាន ក្នុងនោះទីក្រុងតាខ្មៅ ទីក្រុងកំពត និងខណ្ឌដូនពេញ ក៏មានមានឈ្មោះចូលរួមប្រកួតផងដែរ៕