(វៀងចន្ទន៍-ឡាវ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានប្រកាសគាំទ្រចំពោះសំណើរបស់ភាគីចិន ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេស អាស៊ាន-ចិន ស្តីពី COVID-19 នៅពេលវេលាសមស្របណាមួយ។
ការប្រកាសគាំទ្របែបនេះរបស់ប្រមុខការទូតកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសដែលលោកឧបនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួម កិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សា សម្របសម្រួលាអាស៊ាន កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន ស្ដីពីជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា (COVID-19) និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៥ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានឆ្លៀតឱកាសនេះ ជម្រាបជូនកិច្ចប្រជុំអំពីវិធានការដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19 ជាពិសេសការសម្រេច ចិត្តដ៏ត្រឹមត្រូវរបស់កម្ពុជា ក្នុងការអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលសំចតនៅកំពង់ផែ ព្រះសីហនុ ដោយមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងប្រុងប្រយ័ត្នបំផុត អនុលោមតាមបទប្បញ្ញត្តិ សំខាន់ៗ របស់អង្គការសុខភាពពិភពលោក និងដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នសុខាភិបាលអន្តរជាតិនានា ដូចជា អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលអាឡឺម៉ង់ សម្រាប់ការស្រាវជ្រាវជំងឺឆ្លង និងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក។
ឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់អះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តជួយ និងសហការយ៉ាងក្លៀវក្លាជាមួយរដ្ឋាភិបាល និងប្រជាជនចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19 និងដោយមានកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងបន្តជំរុញការសម្របសម្រួល និងសហការជាមួយចិន ក្នុងការទប់ស្កាត់ និងលុបបំបាត់ទាំងស្រុងជំងឺឆ្លង COVID-19 នេះ។
រដ្ឋមន្រ្តីការបរទេសអាស៊ាន និងចិន បានកត់សម្គាល់ដោយការពេញចិត្តចំពោះការឆ្លើយតបរួមជាបន្ទាន់ និងសាមគ្គីភាពជាប្រពៃណី ក៏ដូចជាការជួយជ្រោមជ្រែងគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ជាពិសេសការចាត់វិធានការដ៏ម៉ឺងម៉ាត់ដើម្បីដោះស្រាយជំងឺឆ្លង COVID-19 តាមរយៈការចែករំលែកព័ត៌មានយ៉ាងឆាប់រហ័ស នឹងកិច្ចខិតខំប្រឹងប្រែងចាំបាច់នានា ក្នុងការទប់ស្កាត់នូវការរីក រាលដាលជំងឺ និងការការពារសន្តិសុខសុខភាពសាធារណៈក្នុងតំបន់ និងពិភពលោក។
រដ្ឋមន្រ្តីការបរទេសអាស៊ាន និងចិន ក៏បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងវិធានការសម្របសម្រួលរវាងអាស៊ាន និងចិន មានជាអាទិ៍៖
*បង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាប្រឆាំងនឹងជំងឺឆ្លង COVID-19 តាមរយៈការចែករំលែកព័ត៌មាន និងឧត្តម្មានុវត្តឱ្យបានទាន់ពេលវេលា
*ជំរុញឱ្យមានកិច្ចសន្ទនាគោលនយោបាយ និងការផ្លាស់ប្តូរព័ត៌មានវិវត្តន៍ចុងក្រោយអំពីជំងឺឆ្លង COVID-19 ដែលរួមមាន៖ ការត្រួតពិនិត្យ និងការព្យាបាល ធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លង នឹងជាការរើបឡើងវិញនូងជំងឺឆ្លង រួមមានករណី COVID-19 ជាដើម៕