(ភ្នំពេញ)៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញមកពន្យល់លម្អិត អំពីលេខទូរស័ព្ទដែលតេចូលមកប្រជាពលរដ្ឋខ្មែរ ដោយប្រើប្រាស់លេខប្លែកៗ ភាគច្រើនមកពីប្រទេសម៉ាឡាវី អាហ្វ្រិក នីហ្សេរីយ៉ា ប៉ាគីស្ថាន ឬប្រទេសរុស្សីជាដើម។
ការចេញមកពន្យល់របស់នាយកដ្ឋានព័ត៌មានវិទ្យា ធ្វើឡើងបន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ សង្កេតឃើញថា ពលរដ្ឋកម្ពុជាមួយចំនួនធំ បានទទួលការខលទូរស័ព្ទពីក្រៅប្រទេស ដែលធ្វើឲ្យពួកគាត់មានការងឿងឆ្លល់ថា តើនរណាដែលបានធ្វើការខលចូលលេខទូរស័ព្ទដៃពួកគេ?, តើអ្នកដែលកំពុងធ្វើការខលមកនេះ ពួកគេមានបំណងអ្វីឲ្យពិតប្រាកដ? តើការខលទូរស័ព្ទនេះជាការឆបោក ឬអាចជាការព្យាយាមហេកគណនី?
ដើម្បីស្រាយនូវចម្ងល់ខាងលើ ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការពន្យល់ដោយសង្ខេបដូចខាងក្រោម៖
ការខលទូរស័ព្ទដោយប្រើប្រាស់លេខប្លែកៗ ដែលអ្នកពុំដែលស្គាល់ គឺជាគម្រោងឆបោកប្រាក់ (Money Scam) ដែលមានឈ្មោះថា «Callback Scam ឬហៅម្យ៉ាងទៀតថា One-Ring Scam»។
Callback Scam ជាបច្ចេកទេសកាត់ប្រាក់ពីគណនីទូរស័ព្ទជនរងគ្រោះ ដោយប្រើប្រាស់សេវា ដែលហៅថា International Premium Rate Number (IPRN)។ ក្រុមបណ្តាញឧក្រិដ្ឋជនដែលមានអង្គការចាត់តាំង បានទិញសេវាលេខទូរស័ព្ទ IPRN ពីក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ ធ្វើការខលចេញពីក្រៅប្រទេស ទៅលើគោលដៅនានាជុំវិញពិភពលោក គោលដៅទាំងនោះក៏រួមមានពលរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។
តើអ្នកអាចបាត់បង់ប្រាក់ពីគណនីទូរស័ព្ទដោយរបៀបណា?
*ឧក្រិដ្ឋជនធ្វើការខលចូលលេខទូរស័ព្ទជនរងគ្រោះ ពីប្រទេសម៉ាឡាវី (+265) អាហ្វ្រិក (+27) នីហ្សេរីយ៉ា (+234) ប៉ាគីស្ថាន (+92) ឬ ប្រទេសរុស្សី (+7) ជាដើម។
*បន្ទាប់ពីខលចូល ពួកគេនឹងកាត់ផ្តាច់ការខលទូរស័ព្ទ ដែលបង្ហាញ Missed Call លើទូរស័ព្ទជនរងគ្រោះ។
*នៅពេលជនរងគ្រោះធ្វើការខលទូរស័ព្ទទៅវិញ តម្លៃសេវាគឺមានតម្លៃថ្លៃ និងកាត់ពីគណនីទូរស័ព្ទជនរងគ្រោះដោយស្វ័យប្រវត្តិ។
*ក្រុមឧក្រិដ្ឋជននឹងទទួលបានប្រាក់កម្រៃជើងសារ (Commission) ពីក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ។
តើអ្នកត្រូវធ្វើដូចម្តេច ដើម្បីការពារពីការឆបោក (Callback ឬ One-Ring Scam)?
នៅពេលទទួលបានការខលទូរស័ព្ទពីក្រៅប្រទេស ប្រើប្រាស់នូវលេខទូរស័ព្ទដែលអ្នកពុំធ្លាប់ស្គាល់ សូមអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖
*ធ្វើការ Save លេខទូរស័ព្ទទុក នឹងព្យាយាមទាក់ទងតាមរយ:កម្មវិធី WhatsApp, Telegram, ឬ SMS។
*ត្រូវជៀសវាងការខលទូរស័ព្ទត្រឡប់ទៅវិញ ព្រោះលេខនោះអាចជា IPRN។
*ប្រើប្រាស់កម្មវិធីសម្រាប់ទូរស័ព្ទដៃ ក្នុងការស្វែងរកប្រភពលេខទូរស័ព្ទ តួរយ៉ាងកម្មវិធី TrueCaller។
*ធ្វើការរាយការណ៍ទៅកាន់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទរបស់អ្នក។
*ធ្វើការ Block លេខទូរស័ព្ទសង្ស័យ ដោយប្រើប្រាស់កម្មវិធីដែលមានស្រាប់ក្នុងទូរស័ព្ទដៃរបស់អ្នក៕