(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកសង្គមថ្មីជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ លទ្ធផលសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៤២ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា។ កិច្ចប្រជុំផ្សព្វផ្សាយខាងលើ នេះប្រារព្ធធ្វើឡើងនៅស្នាក់ការគណបក្សស្រុក ក្រោមវត្តមានលោក សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សខេត្តចុះពង្រឹងមូលដ្ឋានស្រុកសង្គមថ្មី។
ថ្លែងទៅកាន់សមាជិកសមាជិកាគណបក្សនាឱកាសនេះលោក សំ លាងទ្រី បានថ្លែងបញ្ជាក់ថា តាមសេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤២ អាណត្តិទី៥ ក៏បានពិភាក្សា អនុម័តជាឯកច្ឆ័ន្ទនូវរបាយការណ៍ស្តីពី សភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០១៩ និងទិសដៅភារកិច្ចឆ្នាំ២០២០ ដោយអង្គសន្និបាតបានពិភាក្សា និងក្តាប់ជាប់នូវតួនាទីភារកិច្ចរបៀបរបបការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន និងអំពីកំណែទម្រង់ រដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកបន្តថា ក្នុងស្មារតីនេះអង្គសន្និបាត បានសម្តែងការគោរពដឹងគុណដ៏ជ្រាលជ្រៅ ចំពោះជនរួមជាតិនៅគ្រប់ទិសទីទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ដែលបានយល់ច្បាស់ ពីតម្លៃយ៉ាងធំធេងបំផុត នៃសុខសន្និភាព ហើយប្តេជ្ញាថែរក្សាសុខសន្តិភាព និងបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងធ្វើឱ្យបរាជ័យរាល់ ឧបាយកលដ៏គ្រោះថ្នាក់របស់ពួកប្រឆាំងជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងផ្លាស់ប្តូររបបរាជានិយមនៅកម្ពុជា។
ជាមួយគ្នានេះលោក សំ លាងទ្រី ក៏បានជំរុញដល់សមាជិសមាជិកាគណបក្សស្រុកទាំងអស់ ជាពិសេសក្រុមយុវជនដែលជាសមាជិកបក្សថ្មីត្រូវខិតខំ ពង្រឹងសមត្ថភាព របស់ខ្លួនដើម្បីការងារ ក្នុងគណបក្សប្រជាជនកម្ពុជារបស់យើងឱ្យ កាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត។
លោក សំ លាងទ្រី បានថ្លែងប្រាប់សមាជិកសមាជិកាគណបក្សផងដែរ ពីភាពជោគជយ័ដ៏ធំធេងរបស់ប្រទេសកម្ពុជាយើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺយើងទទួលបានភាពយុត្តិធម៌ពីអំពើមនុស្សធម៌របស់ខ្លួន ដែលធ្វើចំពោះអ្នកដំណើរជាង ២០០០នាក់ នៅលើនាវាខ្នាតយក្ស Westerdam បន្ទាប់ពីប្រទេសម៉ាឡេស៊ី ប្រកាសអំពីការគ្មានផ្ទុកជំងឺ COVID-19 លើស្ត្រីជនជាតិអាមេរិកកាំងវ័យ ៨៣ឆ្នាំ កាលពីថ្ងៃទី២១ ខែកុម្ភៈ៕