(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការមួយ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំពិសេស នៃក្រុមប្រឹក្សា សម្របសម្រួលអាស៊ាន កិច្ចប្រជុំពិសេសនៃរដ្ឋមន្ដ្រីការបរទេសអាស៊ាន-ចិន ស្ដីពីជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា ឬ Covid-19 និងកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេស មេគង្គ-ឡានឆាង លើកទី៥ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នាទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងការបរទេស បានបញ្ជាក់ថា កិច្ចប្រជុំពិសេស នៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្ដីពីជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា ឬ Covid-19 រដ្ឋមន្ដ្រីការបរទេសអាស៊ាន បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការរួបរួមគ្នាជាធ្លុងមួយ និងមានការឆ្លើយតបខ្ពស់របស់អាស៊ាន ក្នុងការដោះស្រាយបញ្ហាជំងឺឆ្លងនេះ។
រដ្ឋមន្ដ្រីការបរទេសអាស៊ាន បានសង្កត់ធ្ងន់ពីការប្ដេជ្ញាចិត្តរបស់ប្រទេសសមាជិកអាស៊ាន ក្នុងការទប់ស្កាត់នូវផលប៉ះពាល់ ដែលបណ្ដាលមកពីជំងឺឆ្លងនេះ ទៅលើដំណើរការកសាងសហគមន៍អាស៊ាន ក៏ដូចជាដំណើរការជាប្រក្រតីរបស់អាស៊ាន។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖