(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាលោក ម៉ម ប៊ុនហេង តាមរយៈបណ្តាញព័ត៌មាន Fresh News នៅកម្ពុជា សូមថ្លែងអំណរគុណដល់មជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងនៃសហរដ្ឋអាមេរិក (US-CDC) ដែលបានបញ្ជាក់ការពិតថា «ស្រ្តីជនជាតិអាមេរិកាំង វ័យ៨៣ឆ្នាំ មិនមានផ្ទុកមេរោគ Covid-19»។
លោក ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា «សូមថ្លែងអំណរគុណដល់លោក Richard Quartarone ដែលជាអ្នកនាំពាក្យរបស់មជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លង នៃសហរដ្ឋអាមេរិក (US CDC) ដែលបានបញ្ជាក់ប្រាប់សារព័ត៌មាន USA TODAY កាលពីថ្ងៃទី២១ កុម្ភៈ ថា ស្រ្តីជនជាតិអាមេរិក វ័យ៨៣ឆ្នាំ ដែលកំពុងសំរាក ព្យាបាលនៅម៉ាឡេស៊ី គឺមិនដែលមានផ្ទុកមេរោគ កូវីត១៩ នោះទេ «...an 83-year-old American woman who was said to have positive for coronavirus in Malaysia “never had coronavirus to our knowledge,” the CDC told USA TODAY late Friday.»។
លោករដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា មានប្រសាសន៍បន្ថែមថា ការផ្តល់នូវពត៌មាននេះកាន់តែផ្តល់នូវភស្តុតាងថ្មីថែមទៀត សបញ្ជាក់ថា ការៀបចំចាត់ចែង គ្រប់គ្រង ទទួលត្រួតពិនិត្យអ្នកដំណើរនៃនាវា WESTERDAM បានប្រព្រឹត្តទៅស្របតាមស្តង់ដារអន្តរជាតិត្រឹមត្រូវ។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បញ្ជាក់ផងដែរថា ការធ្វើតេស្តរកមេរោគកូវីត (Covid-19) ទាំងអស់ នៅកម្ពុជាបានធ្វើឡើងនៅវិទ្យាស្ថានប៉ាស្ទ័កម្ពុជា ដែលជាសមាជិកមួយក្នុងបណ្តាញវិទ្យាស្ថានប៉ាស្ទរ័ពិភពលោក ដែលមាន៣២វិទ្យាស្ថាន និងមានវត្តមានក្នុង២៥ប្រទេសជុំវិញពិភពលោក។
សូមជំរាបថា អ្នកនាំពាក្យមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (US-CDC) លោក រីឆាដ ក្វាថារ៉ុន (Richard Quartarone) បានបញ្ជាក់ច្បាស់លាស់ថា អ្នកដំណើរទាំងអស់នៃកប៉ាល់ទេសចរណ៍ វែស្ទឺដាម (MS Westerdam) គឺត្រូវបានគេធ្វើតេស្តយ៉ាងល្អិតល្អន់រកមេរោគ COVID-19 ហើយលទ្ធផលពិតជាបានបង្ហាញថា «អវិជ្ជមាន» ដោយក្នុងនោះរួមមានទាំងស្រ្តីអាមេរិកវ័យ ៨៣ឆ្នាំម្នាក់ផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានអាមេរិក US Today នារសៀលថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០។
លោក Richard Quartarone លើកឡើងយ៉ាងដូច្នេះថា «ខ្ញុំបានបញ្ជាក់រួចទៅហើយថា អ្នកដំណើរទាំងអស់ត្រូវបានធ្វើតេស្ត ហើយពួកគេគ្មានផ្ទុកវីរុសកូរ៉ូណា (COVID-19) នោះឡើយ រួមទាំងមនុស្សម្នាក់ (ស្ត្រីជនជាតិអាមេរិកវ័យ ៨៣ឆ្នាំ) ដែលត្រូវបានធ្វើតេស្តរកឃើញវិជ្ជមាន (នៅម៉ាឡេស៊ី) នោះផងដែរ។ ស្រ្តីជនជាតិអាមេរិកនៅម៉ាឡេស៊ីនោះ ប្រហែលអាចមានជំងឺផ្លូវដង្ហើម ប្រសិនបើវាជាការពិតនោះ, វាមិនមែនជាមេរោគ COVID-19 នោះទេ»៕