(ភ្នំពេញ)៖ សារព័ត៌មានកងទ័ពថៃ Army Time Thailand នៅថ្ងៃនេះ បានចូលរួមជួយផ្សព្វផ្សាយប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានជំងឺកូរ៉ូណាថ្មី ហើយកំពុងសម្រាកព្យាបាលនៅក្នុងប្រទេសថៃ។
នៅក្នុងខ្លឹមសាររបស់ខ្លួន Army Time Thailand បានបញ្ជាក់ប្រាប់ពីការពិតថា សម្តេចតេជោ ហ៊ុន សែន មិនមានជំងឺកូរ៉ូណាថ្មី ហើយសម្រាកព្យាបាលនៅក្រៅប្រទេស ដូចអ្វីដែលកំពុងបំភ្លៃព័ត៌មានតាមបណ្តាញសង្គមនោះឡើយ ដែលពេលនេះសម្តេចមានសុខភាពល្អ ហើយបានលេងកូនហ្គោលជាមួយសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាទៀតផង។
សូមបញ្ជាក់ថា នាថ្មីៗនេះ មានការផ្សព្វផ្សាយបំភ្លៃការពិតតាមបណ្តាញសង្គម ដែលគេសង្ស័យបង្កើតឡើងដោយក្រុមប្រឆាំងក្រៅច្បាប់ បានប្រឌិតថា សម្តេចតេជោ ហ៊ុន សែន បានឆ្លងជំងឺកូរ៉ូណាថ្មីបន្ទាប់ពីបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយខ្លះទៀតក៏បានប្រឌិតថា សម្តេចបានឆ្លងជំងឺកូរ៉ូណាថ្មី បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យនាវា Westerdam ហើយសម្តេចបានចេញទៅស្វាគមន៍អ្នកដំណើរជាង២២០០នាក់នោះ ដោយខ្លួនឯង។
ពាក់ព័ន្ធនឹងការប្រឌិតអំពីជំងឺកូរ៉ូណានេះ កាលពីពេលថ្មីនេះ ក្រុមហ៊ុន Facebook ក៏បានឯកភាពតាមសំណើរក្រសួងព័ត៌មានដើម្បីបិទ គណនី Facebook មួយដែលមានឈ្មោះថា «ព័ត៌មានពិត ពីកម្ពុជា» ក្រោយបង្ហោះបំភ្លៃការពិតជាបន្តបន្ទាប់ អំពីជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងប្រទេសកម្ពុជាផងដែរ៕