(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានផ្តល់បទសម្ភាសជាមួយនាយកប្រតិបត្តិសារព័ត៌មាន Fresh News នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ គណបក្សរបស់លោក នឹងដាក់លិខិតមួយជូនដល់ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ដើម្បីស្នើឱ្យបញ្ជាក់ឱ្យបានច្បាស់លាស់ចំពោះលទ្ធផលនៃការធ្វើតេស្តសុខភាពលើស្រ្តីជនជាតិអាមេរិកាំង វ័យ៨៣ឆ្នាំ ដែលជាអ្នកដំណើរតាមនាវា Westerdam។
នៅក្នុងលិខិតនោះ លោកពេជ្រ ស្រស់ ក៏បានស្នើផងដែរថា បើសិនជាស្រ្តីជនជាតិអាមេរិកាំងរូបនោះ ពិតជាមានមេរោគកូរ៉ូណាថ្មី ហើយត្រូវបានព្យាបាលជាសះស្បើយយ៉ាងឆាប់រហ័សមែននោះ សូមឱ្យរដ្ឋាភិបាលម៉ាឡេស៊ី ជួយបង្រៀនអំពីបច្ចេកទេសព្យាបាលឱ្យជាសះស្បើយយ៉ាងឆាប់រហ័សនេះដល់ប្រទេសផ្សេងៗទៀតផង ដោយសារតែប្រទេសធំៗមួយចំនួន ជាពិសេសប្រទេសចិន និងអាមេរិកមិនទាន់មានសមត្ថភាពបញ្ចប់មេរោគកូរ៉ូណាក្នុងរយៈពេលខ្លីនៅឡើយទេ ខណៈដែលជំងឺនេះនៅតែកំពុងរាតត្បាតនៅលើពិភពលោក។
ប្រតិកម្មរបស់ប្រធានគណបក្សយុវជនកម្ពុជា បានធ្វើឡើងស្របពេលដែលម៉ាឡេស៊ី បានចេញមកប្រកាសលទ្ធផល នៃការធ្វើតេស្តលើស្រ្តីជន ជាតិអាមេរិកាំង ដែលជាអ្នកដំណើរតាមនាវា Westerdam ជាថ្មីម្តងទៀតនៅថ្ងៃទី២១ ខែកុម្ភៈ ដោយបញ្ជាក់ថា ស្រ្តីរូបនោះគ្មានមេរោគកូរ៉ូណាទៀតឡើយ ខណៈដែលប្រមាណ៥ថ្ងៃមុន ម៉ាឡេស៊ីបានរកឃើញវីរុសកូរ៉ូណានៅក្នុងខ្លួនស្រ្តីរូបនោះ។
ការប្រកាសរបស់ម៉ាឡេស៊ី អំពីលទ្ធផលថ្មី បានធ្វើឡើងបន្ទាប់ពីមានការទទូចដោយក្រសួងសុខាភិបាលកម្ពុជា ម្តងហើយម្តងទៀតឱ្យមានការពិនិត្យឡើង វិញឱ្យបាន ល្អិតល្អន់ ទៅលើស្រ្តីវ័យ៨៣ឆ្នាំនោះ ដោយសារតែកម្ពុជា សហការជាមួយអង្គការសុខភាពពិភពលោក រកមិនឃើញមានវីរុសកូរ៉ូណា នៅក្នុងខ្លួនអ្នកដំណើរណាម្នាក់ តាមនាវា Westerdam ដែលចូលចតនៅកំពង់ផែខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នោះឡើយ។
ទោះជាយ៉ាងនេះក្តី លទ្ធផលថ្មីដែលបង្ហាញដោយម៉ាឡេស៊ីថា ស្រ្តីរូបនោះបានជាសះស្បើយក្រោយព្យាបាលរយៈពេល ៥ថ្ងៃនោះ ធ្វើឱ្យមានការងឿងឆ្ងល់កាន់តែខ្លាំងពីសាធារណជនជាតិ និងអន្តរជាតិ ដែលអ្នកខ្លះបានចាត់ទុកថា ម៉ាឡេស៊ីមានភាពមិនច្បាស់លាស់ក្នុងការពិនិត្យសុខភាពលើស្រ្តីចំណាស់វ័យ៨៣ឆ្នាំ ហើយខ្លះទៀតបានចាត់ទុកថា អាចនឹងមានហេតុផលនយោបាយណាមួយនៅក្រោយការប្រកាសលទ្ធផលនេះ៕