(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានស្នើឱ្យសាធារណជន ចូលអានអត្ថបទមួយរបស់ លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន ប្រធានវិទ្យុបារាំងអន្តរជាតិផ្នែកខេមរភាសា ដែលផ្តល់គំនិតឱ្យមេដឹកនាំម៉ាឡេស៊ី សុំទោសកម្ពុជា ក្រោយពេលរកឃើញច្បាស់ថា ស្រ្តីជនជាតិអាមេរិកាំងវ័យ៨៣ឆ្នាំ ដែលធ្វើដំណើរតាមនាវា Westerdam ចូលមកកម្ពុជាហើយហោះទៅកាន់ម៉ាឡេស៊ីនោះ គ្មានវីរុសកូរ៉ូណាថ្មី ពិតប្រាកដមែន។
លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន ដែលស្គាល់ថាជាអ្នកជំនាញខាងភូមិសាស្រ្តនយោបាយ បានសរសេរនៅលើបណ្តាញសង្គម Facebook របស់លោកនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយលើកឡើងអំពីសិល្បៈនៃការធ្វើទំនាក់ទំនងការទូតរបស់មេដឹកនាំ។
លោកសរសេរថា៖ «ទំនាក់ទំនងអន្តរជាតិគឺជាសិល្បៈ តម្រូវឲ្យមេដឹកនាំមានទេពកោសលខ្ពស់ ដ្បិតដើម្បីមុខមាត់ជាតិ ដើម្បីប្រយោជន៍ជាតិ ដើម្បីកុំឲ្យមិត្តអន់ចិត្ត និងដើម្បីកុំឲ្យសត្រូវបានដៃ មេដឹកនាំត្រូវចេះសម្រេចចិត្តរហ័សចំកាលៈទេសៈ ត្រូវចេះបត់បែន ត្រូវចេះហារមាត់បន្ទរសំឡេងខ្លាំងៗ ឬហ៊ានចេញមុខសុំទោសទាន់ពេលវេលា»។
លោក ហ្វ្រង់ស្វ័រ បានបន្តថា៖ «ត្រង់នេះ នៅទីបំផុត បើសិនជាជាក់ច្បាស់មែនថាស្ត្រីជនជាតិអាមេរិកនៃនាវា Westerdam មិនដែលមានផ្ទុកកូរ៉ូណាវីរុសថ្មីនៅក្នុងរាងកាយសោះឡើយ ខុសផ្ទុយពីការអះអាងរបស់អាជ្ញាធរសុខាភិបាលម៉ាឡេសុី មេដឹកនាំនៃប្រទេសមួយនេះ ត្រូវសុំទោស ប្រទេសកម្ពុជា»។
ការចេញមកផ្តល់ទស្សនទានរបស់ អ្នកសារព័ត៌មានចាស់វស្សារូបនេះ បានធ្វើឡើងស្របពេលដែល ម៉ាឡេស៊ី បានចេញមកប្រកាសលទ្ធផល នៃការធ្វើតេស្តលើស្រ្តីជនជាតិអាមេរិកាំង ដែលជាអ្នកដំណើរតាមនាវា Westerdam ជាថ្មីម្តងទៀតនៅថ្ងៃទី២១ ខែកុម្ភៈម្សិលមិញនេះ ដោយបញ្ជាក់ថា ស្រ្តីរូបនោះគ្មានមេរោគកូរ៉ូណាទៀតឡើយ ខណៈដែលប្រមាណ៥ថ្ងៃមុន ម៉ាឡេស៊ីបានរកឃើញវីរុសកូរ៉ូណានៅក្នុងខ្លួនស្រ្តីរូបនោះ។
ការប្រកាសរបស់ម៉ាឡេស៊ី អំពីលទ្ធផលថ្មី បានធ្វើឡើងបន្ទាប់ពីមានការទទូចដោយក្រសួងសុខាភិបាលកម្ពុជា ម្តងហើយម្តងទៀតឱ្យមានការពិនិត្យឡើងវិញឱ្យបានល្អិតល្អន់ទៅលើស្រ្តីវ័យ៨៣ឆ្នាំនោះ ដោយសារតែកម្ពុជា សហការជាមួយអង្គការសុខភាពពិភពលោក រកមិនឃើញមានវីរុសកូរ៉ូណា នៅក្នុងខ្លួនអ្នកដំណើរណាម្នាក់តាមនាវា Westerdam ដែលចូលចតនៅកំពង់ផែខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នោះឡើយ៕