(ភ្នំពេញ)៖ តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកស្រីវេជ្ជបណ្ឌិត លី អៃឡេន (Li Ailan) បានបង្ហោះសារមួយ នៅក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ដើម្បីថ្លែងអំណរគុណចំពោះគ្រប់គ្នា ជាពិសេសអាជ្ញាធរពាក់ព័ន្ធទាំងអស់របស់កម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងការប្រយុទ្ធនឹងមេរោគឆ្លង ជាពិសេសសកម្មភាពមនុស្សធម៌ ចំពោះនាវាទេសចរណ៍ វែស្ទឺដាម (Westerdam)។
សាររបស់វេជ្ជបណ្ឌិត Li Ailan ដែលត្រូវបានបង្ហោះលើ Facebook នៅក្នុងថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នេះមានអត្ថន័យយ៉ាងដូច្នេះថា «ជុំវិញការប្រយុទ្ធប្រឆាំងជំងឺឆ្លងថ្មី... សូមថ្លែងអំណរគុណយ៉ាងធំធេង ជូនចំពោះអ្នកគ្រប់គ្នា, បុគ្គលិកសុខាភិបាលជួរមុខ និងក្រុមការងារឆ្លើយតបរហ័សរបស់កម្ពុជា។ អ្នកបានទទួលការកោតសរសើរយ៉ាងខ្ពង់ខ្ពស់ នៅក្នុងកិច្ចការពារសុខភាពប្រជាជន, ថែរក្សាប្រទេសអ្នកឲ្យសុវត្ថិភាព និងជួយបរិច្ឆាគដល់សន្តិសុខផ្នែកសុខាភិបាល ទាំងនៅក្នុងតំបន់ និងទូទាំងសកលលោក។ អ្នកមិននៅតែឯងនោះឡើយ ព្រោះយើងកំពុងស្ថិតនៅជាមួយគ្នា ដើម្បីរៀបចំធ្វើការឆ្លើយតប ទៅនឹងបញ្ហានានាបន្ថែមទៀតទៅថ្ងៃអនាគត»។
ជាការឆ្លើយតបលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានថ្លែងអំណរគុណចំពោះលោកស្រី វេជ្ជបណ្ឌិត Li Ailan ដែលជាតំណាងនៃអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារ សម្រាប់ការគាំទ្រចំពោះក្រសួងសុខាភិបាល។
អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ទៀតថា «យើងបន្តកិច្ចសហការជិតស្និទ្ធរបស់យើង និងចាត់វិធានការចាំបាច់យ៉ាងម៉ឺងម៉ាត់ ទៅតាមគោលការណ៍ណែនាំទាំងឡាយ របស់អង្គការសុខភាពពិភពលោក និង IHR 2005 ដើម្បីការពារ និងឆ្លើយតបចំពោះមេរោគឆ្លង COVID-19 និងជំងឺឆ្លងផ្សេងៗទៀត ដើម្បីសុខមាលភាពនៃប្រជាជនរបស់យើង»៕